ព័ត៍មានទាន់​ហេតុការណ៏
Search

លោកតា​ម្នាក់​ បើក​ម៉ូតូ​ឆ្លង​ថ្នល់មិន​ប្រយ័ត្ន​ ត្រូវ​រថយន្តបុក​ចំ​ពេញទំហឹង​ស្លាប់​ភ្លាមៗ​នឹងកន្លែង​

បន្ទាយមានជ័យ​ ៖​ លោក​តា​វ័យ​ចំណាស់​ម្នាក់​ បើក​ម៉ូតូ​ឆ្លង​ថ្នល់​​​មិន​ប្រយ័ត្ន ត្រូវ​បាន​រថយន្ត​បុក​ស្លាប់​ភ្លាមៗ​ កាលពី​វេលា​ម៉ោង​៤​ល្ងាច ​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០១៩ ​​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ក្នុង​ទីប្រជុំជន ត្រង់​ចំណុច​ចន្លោះ​បង្គោល​លេខ​០៣០១-០៣០២ ស្ថិត​ក្នុង​ភូមិ​ភ្នំ​ជញ្ជាំង ឃុំ​ជប់​វា​រី ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ។

លោក​វរសេនីយ៍​ឯក​មាស ប្ញ​ទ្ធី អធិការ​នគរបាល​ស្រុក​ព្រះនេត្រព្រះ បាន​ឲ្យ​ដឹងថា ​ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ មិន សា​វី ភេទ​ប្រុស អាយុ​៨១​ឆ្នាំ មានទីលំនៅ​ភូមិ​ជប់ ឃុំ​ជប់​វា​រី ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ​។

​លោក​វរសេនីយ៍​ឯក មាស ប្ញ​ទ្ធី បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា ​នៅ​មុនពេល​កើតហេតុ​នោះ​ លោកតា​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ ស៊េរី​ចាស់ ធុន​សេ​១០០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ 1G.6751​ តាម​ផ្លូវលំ​ក្នុង​ទិស​ខាងជើង​ទៅ​ត្បូង ពេល​បើក​មកដល់​កន្លែង​កើតហេតុ ​បាន​បើក​ឡើង​ឆ្លង​ផ្លូវជាតិ​លេខ​៦​ មិនបាន​បាន​មើលមុខ​ក្រោយ ស្របពេលនោះ មាន​រថយន្ត​ម៉ាក​ហាយ​ឡិន​ឌ័​រ​១​គ្រឿង បើក​ក្នុងទិសដៅ​ពី​លិចទៅ​កើត ​ក្នុង​ល្បឿន​លឿន​ បើក​មកដល់​ ក៏​បុក​ម៉ូតូ​ចំ​ពេញទំហឹង បណ្តាល​ឲ្យ​ជនរងគ្រោះ​ដួល​ខ្ទាត​បោក​ក្បាល​ទៅនឹង​ថ្នល់​ស្លាប់​ភ្លាមៗ​តែម្តង​។​

ក្រោយពី​កើតហេតុ​​ សព​ជន​រង​គ្រោះ ​ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ​ចរាចរណ៍​​ប្រគល់​ជូន​ក្រុមគ្រួសារ​យកទៅ​ផ្ទះ​ចាត់​ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ ​ ​ក្រោយពី​ធ្វើការ​វាស់វែង​រួច ​រថយន្ត​ និង​ ម៉ូតូ​ សមត្ថកិច្ច​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕

ដោយ ៖ គង្គា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114