ព័ត៍មានទាន់​ហេតុការណ៏
Search

ហាយ​ឡែ​ន​ដឺ​ បោះពួយ​ទៅបុក​ក្មេងស្រី​ម្នាក់​ បណ្តាល​ឲ្យ​ស្លាប់ នៅ​ឃុំ​ស្រែ​ណូយ

សៀមរាប​ ៖​សំឡេង​ស្រែក​ទ្រហោយំ​របស់​គ្រួសារ​ជនរងគ្រោះ​បាន​បន្លឺ​ឡើង ​ក្រោយ​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​ដ៏​រន្ធត់​មួយ រវាង​រថយន្ត​ហាយ​ឡែ​ន​ដឺ​បោះពួយ​ទៅបុក​ផ្តាច់ជីវិត​ក្មេងស្រី​អាយុ​៨​ឆ្នាំ​ម្នាក់​ទាំង​កំរោល ​បណ្តាល​ឲ្យ​ស្លាប់ ខណៈ​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង ១១​និង​៣០​នាទី​ថ្ងៃទី​២៤​ ខែសីហា ​ឆ្នាំ​២០១៩ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ ​កើតឡើង​នៅ​ចំណុច​ភូមិ ស្រែ​ពោធិ៍ ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន ខេត្តសៀមរាប បង្ក​ដោយ​រថយន្ត​មួយគ្រឿង​ម៉ាក ហាយ​ឡែ​ន​ដឺ ពណ៌​ទឹកប្រាក់​ស៊េរី​២០០២ ពាក់​ស្លាក​លេខ ភ្នំពេញ ២AF៨៧៣០ បាន​បុក​ក្មេង​ស្រី​ម្នាក់​ស្លាប់​ពេល​បញ្ជូន​ដល់​មណ្ឌល​សុខភាព​។​

សមត្ថកិច្ច​បន្ថែមថា ជនរងគ្រោះ​ឈ្មោះ នាំ ណា​រី អាយុ ០៨​ឆ្នាំ រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ​។ ចំណែក​ម្ចាស់​រថយន្ត​ បន្ទាប់ពី​កើតហេតុ​រួច ​ក៏​រត់​គេចខ្លួនបាត់។

សមត្ថកិច្ច​បញ្ជាក់ថា បច្ចុប្បន្ន​រថយន្ត​ដែល​បង្ក​ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ​នៃ​ស្រុក​វ៉ារិន អូស​យកមក​រក្សាទុក​នៅ​ប៉ុស្តិ៍​ឃុំ​ស្រែ​ណូយ ដើម្បី​រង់ចាំ​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​។​ ចំណែក​សព​កុមារី​រងគ្រោះ ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​គ្រុម​គ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី៕

ដោយ​ ៖​ កុសល



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114