ព័ត៍មានទាន់​ហេតុការណ៏
Search

មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ប៉ៃលិន បាននិងកំពុង​ធ្វើ​សកម្មភាព​ជួសជុល ថែទាំ​ផ្លូវ​ក្រាល​ក្រួស​ក្រហម និង​ផ្លូវ​កៅស៊ូ យ៉ាងសកម្ម​នៅ​ទូទាំង​ខេត្ត​

​ប៉ៃលិន​ ៖ តាម​ការចង្អុល​ណែនាំ​ពី​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ឯកឧត្ដម ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ប៉ៃលិន ដឹកនាំ​ដោយ​លោក អ៊ា​ត់ សា​រា់ត់ ជា​ប្រធាន បាននិងកំពុង​ធ្វើ​សកម្មភាព​ជួសជុល ថែទាំ​ផ្លូវ​ក្រាល​គ្រួស​ក្រហម និង​ផ្លូវ​កៅស៊ូ​យ៉ាងសកម្ម​នៅ​ទូទាំង​ខេត្ត ដើម្បី​ធ្វើយ៉ាងណា ជួយ​សម្រួល ដល់​ការ​ធ្វើ​ចរាចរណ៍​របស់​បងប្អូន​ប្រជាពលរដ្ឋ​បាន​ងាយស្រួល​។​

​លោក អ៊ា​ត សារ៉ាត់ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ប៉ៃលិន មានប្រសាសន៍​ឲ្យ​អ្នក​យក​ព័ត៌មាន​ដឹង​នៅ​រសៀល​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៩​នេះ​ថា ​៖ ចំពោះ​ការ​ជួលជុល ថែទាំ​ផ្លូវ មាន​ផ្លូវ​ក្រាល​ក្រួស​ក្រហម និង​ផ្លូវ​កៅស៊ូ ក្រុមការងារ របស់​មន្ទីរ បាន​ចែក​ចេញ​ជាច្រើន​ក្រុម ក្នុង​នោះ​មួយក្រុម បាននិងកំពុង​ជួសជុល និង​ថែទាំ​ផ្លូវ​កៅស៊ូ មួយ​ខ្សែ​ក្នុងភូមិ​សាស្ត្រ​សង្កាត់​អូរ​តា​វ៉ៅ ដែល​បែក​ចេញពី​ផ្លូវបំបែក​ភូមិ​ប៉ាង​រលឹម ឆ្ពោះទៅ​ភូមិ​ភ្នំ​ដំបង ក្នុងនោះ​មានការ​រៀប​ប្រឡាយ​បង្ហូរទឹក កុំ​ឲ្យ​ទឹក​ហូរ​កាត់​ផ្លូវ ផងដែរ។

លោក​បាន​បន្តទៀតថា ​៖ នៅពេល​ថ្មីៗ​កន្លងមកនេះ លោក​បាន​ដឹកនាំ​ក្រុមការងារ​មន្ទីរ ធ្វើ​សកម្មភាព​ជិះ​កង់ ដើម្បី​ពិនិត្យឲ្យ​ឃើញ​ជាក់ស្តែង នូវ​ផ្លូវ​មាន​ជង្ហុក​សំបុកមាន់ ផ្លូវ​មានទឹក​ដក់ ស្នាម​ប្រេះ​លើ​តួ​ផ្លូវ និង​បញ្ហា​ផ្សេងៗ ក្នុង​គោលបំណង​ដើម្បី​រៀបចំ​ធ្វើការ​ជួសជុល បើ​មិន​ដូច្នេះ​ទេ វា​នឹង​ទទួលរង​ការខូចខាត​ធ្ងន់ធ្ងរ​ជាងនេះទៅទៀត​។

លោក​ប្រធាន​មន្ទីរ បាន​បន្តថា​ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ប៉ៃលិន ក្រោម​ការ​ចង្អុល​បង្ហាញ​ពី​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ឯកឧត្ដម ផាន់ ចាន់​ធុល អភិបាល​ នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាននិងកំពុង​យកចិត្ត​ទុក​ដាក់​ខ្ពស់​លើ​ការថែទាំ ការជួសជុល ពិសេស​ផ្លូវ​គ្រលុក​សំបុកមាន់ ក៏​មានការ​កៀរ និង​កិន​បង្ហាប់ ឲ្យ​ល្អ​ជាង​មុន ដើម្បីឲ្យ​ប្រជាពលរដ្ឋ បានធ្វើ​ចរាចរណ៍​ស្រួល​ផងដែរ​។

លោក​ប្រធាន​មន្ទីរ ក៏បាន​បន្តទៀតថា​ ៖ ការជួសជុល និង​ថែទាំ​ គឺ​មន្ទីរ តែងតែ​ធ្វើជា​ប្រចាំ មិនដែល​អាក់ខាន សូម្បីតែ​មេឃ​ធ្លាក់​ភ្លៀង និង​ថ្ងៃ​សម្រាក ក៏​ក្រុមការងារ​របស់​មន្ទីរ នៅ​តែ​មមាញឹក ក្នុងការ​ថែទាំ ជួសជុល​ផ្លូវ​នេះ ហើយ​ពិសេស​ជាង​នេះ ស្ទើរតែ​រាល់ថ្ងៃ​ចុង​សប្ដាហ៍ វត្តមាន​របស់​ឯកឧត្ដម ផាន់ ចាន់​ធុល អភិបាល ​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន ក៏បាន​អញ្ជើញ​ធ្វើដំណើរ​ជាមួយ​មន្ត្រី​របស់​មន្ទីរ ក្នុង​ការចុះពិនិត្យ​នេះដែរ។ ជាមួយគ្នានេះ​ លោក​ប្រធាន​មន្ទីរ ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​សងខាង​ផ្លូវ​ក្នុង​មូលដ្ឋាន​ទាំង ទូទាំង​ខេត្ត​ប៉ៃលិន សូម​មេត្តា​ចូលរួម​ថែរក្សា​ផ្លូវ​ឲ្យ​បាន​ល្អ ពិសេស​កុំ​យកស​ម្រាម​ទៅ​ចោល​ក្នុង​លូបង្ហូរទឹក​តាមផ្លូវ​ឲ្យ​សោះ ព្រោះ​វា​អាច​បណ្ដាល​ឲ្យ​ស្ទះ​ទឹក រួច​ទឹក​ហូរ​លើ​ផ្លូវ ជាហេតុ​ធ្វើ​ឲ្យ​ផ្លូវ​ខូច បាត់បង់​សោភ័ណភាព។​ ម្យ៉ាងទៀត ក៏​សំណូម​ដល់​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​ល្មើសច្បាប់ ក្នុងការ​លួច​គម្រប​លូ សូម​បញ្ឈប់​សកម្មភាព​ជា​បន្ទាន់ បើ​មិន​ដូច្នោះ មន្ទីរ​ នឹង​ចុះ​ស៊ើបអង្កេត ដោយ​ចាត់​ក្រុមការងារ ចុះ​អនុវត្តន៍​តាម​នីតិវិធី​ច្បាប់​ផង​ដែរ​៕​

ដោយ ៖ សេង សុវណ្ណារិទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114