ព័ត៍មានទាន់​ហេតុការណ៏
Search

គ្រូ​បង្រៀន​បើក​រថយន្ត​ព្រូស​ដឹក​ក្រុម​គ្រួសារ ជ្រុល​បុក​រថយន្ត​ហ៊ី​ណូ ឈប់​ចត​ស្ងៀម​រង​របួស​ធ្ងន់​ស្រាល​៥​នាក់

ព្រះសីហនុ​ ៖ ​រថយន្ត​ព្រូស​មួយ​គ្រឿង​ជិះ​១​គ្រួសារ ​សង្ស័យ​បើក​ក្នុង​ល្បឿន​លឿន​ផង​នោះ បាន​ជ្រុល​ក្បាល​ទៅ​បុក​ពីក្រោយ​រថយន្ត​ហ៊ី​ណូ​ក្នុង​ទិសដៅ​ស្របគ្នា បណ្ដាល​ឲ្យ​មនុស្ស​ចំនួន​៥​នាក់​រង​របួស​ធ្ងន់​ស្រាល។

ករណី​នេះ​ បាន​កើតមានឡើង​នៅ​កណ្តាល​យប់​ឆ្លង​ចូល​ថ្ងៃ​ទី​​២៦ ខែ​សីហា ឆ្នាំ​២០១៩ នៅ​​លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​១២២-១២៣ ក្នុង​ភូមិ​ក្រាំង​អាត់ ឃុំ​កំពង់សីលា ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ។

នៅ​កន្លែង​កើតហេតុ​គេ​បាន​ឃើញ​ក្បាល​រថយន្ត​ព្រូស​កំពិត ​និង​របើក​សើយ​ឡើងលើ​ខូចខាត​ធ្ងន់ធ្ងរ​។​សមត្ថកិច្ច​មូលដ្ឋាន ​ដែល​ចុះ​ទៅដល់​កន្លែង​កើតហេតុ បាន​និយាយ​ថា អ្នក​បើកបរ​រថយន្ត​ហ៊ីណូ ​បាន​រត់​គេច​ខ្លួន​បាត់ បន្ទាប់​ពី​កើតហេតុ​ភ្លាម។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ករណី​នេះ ​បង្កឡើង​រវាង​រថយន្ត ព្រូស​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2R-7795 មាន​ទិសដៅ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ​ មកដល់​ចំណុច​ខាងលើ​ បាន​បុក​ពីក្រោយ​ចំ​គូទ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ីណូ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3E-0810 ដែល​ឈប់​ចត​នៅ​លើ​ថ្នល់ជាតិ​ក្នុង​ទិសដៅ​ស្របគ្នា។ ក្នុង​ហេតុការណ៍​នេះ ​បណ្ដាល​អោយ​អ្នក​បើកបរ និង​អ្នក​ជិះ​ក្នុង​រថយន្ត​ព្រូស​រង​របួស​ធ្ងន់​ស្រាល​ចំនួន ០៥​នាក់​ក្នុង​នោះ​មាន​១/ ឈ្មោះ រាជ សុភា​លី ភេទ​ប្រុស អាយុ ៤៨​ឆ្នាំ អ្នក​បើកបរ​រង​របួស​ស្រាល មានមុខ​របរ គ្រូបង្រៀន។ ២/ ឈ្មោះ ចេង សុភាព ភេទ​ស្រី អាយុ ៤១​ឆ្នាំ រង​របួស​ធ្ងន់ ត្រូវជា​ប្រពន្ធ​អ្នកបើកបរ​ មាន​មុខរបរ​គ្រូបង្រៀន។ ៣/ ឈ្មោះ រាជ សុភា​លី​យី ភេទ​ស្រី អាយុ ១៣​ឆ្នាំ រង​របួស​ស្រាល។ ៤/ ឈ្មោះ រាជ សុភា​លី​យៀ​ក ភេទ​ស្រី អាយុ ៨​ឆ្នាំ រង​របួស​ធ្ងន់។ ៥/ ឈ្មោះ រាជ សុភា​លី​ឈុន ភេទ​ស្រី អាយុ ៤​ឆ្នាំ រង​របួស​ស្រាល។ អ្នក​ទាំង​៥​នាក់​នេះ​មាន​ទីលំនៅ ភូមិ ១ ឃុំ​កំ​ពេញ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ។

ជនរងគ្រោះ ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុកស្រែ​អំបិល។ រីឯ​វត្ថុ​តាង​រថយន្ត​ទាំង​ពីរ សមត្ថកិច្ច បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​សិលា​ដើម្បី​បន្ត​តាម​នីតិ​វិធី៕ ស៊ុយ ចាន់​ធា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114