ព័ត៍មានទាន់​ហេតុការណ៏
Search

លោក កឹម សុខា ថា អ្នក​ចូលចិត្ត​បង្កហេតុ​បង្កើត​ជម្លោះ ពុំមែន​ជា​សមាជិក CNRP ហើយ​បើ​ចង់​បង្កើត​ហិង្សា​ណាស់ សូម​ចេញ​ឲ្យ​ឆ្ងាយ​ទៅ

​ភ្នំពេញ ​៖ តាមរយៈ​មនុស្ស​ជំនិត​របស់ខ្លួន​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ដែល​កំពុងស្ថិត​ក្នុង​ការ​តាមដាន​របស់​តុលាការ​នោះ បាន​បញ្ចេញ​សារ​នយោបាយ​មួយ​អះអាងថា អ្នក​ដែល​ចូលចិត្ត​បង្កហេតុ បង្កើត​ជម្លោះ ពុំមែន​ជា​សមាជិក សមាជិកា​របស់​គណបក្ស​ស​សង្គ្រោះ​ជាតិ (CNRP) នោះទេ ហើយ​បើ​ចង់​បង្កើត​ហិង្សា​ណាស់ ត្រូវ​ដើរចេញ​ឲ្យ​ឆ្ងាយ​ពី CNRP គោលដៅ​របស់ CNRP គឺ​ផ្លាស់ប្តូរ​ដោយ​អហិង្សា តាមរយៈ​ការបោះឆ្នោត​ដោយ​សេរី​ត្រឹមត្រូវ និង​យុត្តិធម៌ មិន​បង្ហូរឈាម​ខ្មែរ​។

សារ​នយោបាយ​របស់លោក កឹម សុខា នេះ បាន​ធ្វើឡើង​ក្រោយពី​លោក សម រង្ស៊ី បាន​អំពាវនាវ​ម្តង​ហើយ​ម្តងទៀត ឲ្យ​កងកម្លាំងប្រដាប់អាវុធ បែរ​ចុង​កាណុង​សំដៅទៅ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​វិញ សំដៅ​លើស​សម្តេច​តេ​ជោ ហ៊ុន សែន ប្រសិនបើ​មានការ​បញ្ជា​ឲ្យ​កងកម្លាំងប្រដាប់អាវុធ បង្ក្រាប​ទៅលើ​ហ្វូងមនុស្ស ដែល​ទៅ​ទទួល​លោក​នៅ​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ខាងមុខ​។

យោងតាម​សារ​របស់លោក កឹម ស​សុខា ដែល​ត្រូវបាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់លោក អ៊ុ តារា​វុទ្ធី ដែល​គេ​ស្គាល់​ថា ជាម​នុស្ស​ជំនិត​របស់លោក កឹម សុខា បាន​សរសេរ​កាលពី​ថ្ងៃ​ទី​២៥ សីហា ថា “​សារ​ផ្តាំផ្ញើ នៃ​ឯកឧត្តម​ប្រធាន កឹម សុខា ជូន​ចំពោះ​ជនរួមជាតិ​ខ្មែរ នឹង​យុវជន​ថា អ្នក​ដែល​បង្កហេតុ​បង្កើត​ជម្លោះ ពុំមែន​ជា​សមាជិក​-​ជិ​ការសង្គ្រោះ​ជាតិ​ទេ ! បើ​ចង់​បង្កើត​ហិង្សា​ណាស់ សូម​ចេញ​ឆ្ងាយ​ទៅ ! យើង​មិន​ត្រូវការ​ឡើយ គោលដៅ​របស់​យើង គឺ​ផ្លាស់ប្តូរ​ដោយ​អហិង្សា តាមរយៈ​ការបោះឆ្នោត​ដោយ​សេរី​ត្រឹមត្រូវ និង​យុត្តិធម៌ មិន​បង្ហូរឈាម​ខ្មែរ មិន​គុំកួន​សងសឹក មិន​យក​ខ្មែរ​ជាស​ត្រូវ មិន​និយម​វប្បធម៌ “​មាន​ឯង​អត់​អញ មាន​អញ​អត់​ឯង​”​។

គួររំលឹកថា សារ​នយោបាយ​របស់​លោក កឹម សុខា ថ្វីបើ​មិន​សំដៅ​អ្នកណា ឬ​មិន​បញ្ចេញ​ឈ្មោះ​អ្នកណា​ក៏ដោយ តែ​គេ​អាច​សន្និដ្ឋានបានថា លោក កឹម សុខា ចង់​សំដៅលើ​លោក សម រង្ស៊ី ដែល​តែងតែ​ញុះញង់​បំផុស​ប្រជាពលរដ្ឋ ក៏ដូចជា​កងកម្លាំងប្រដាប់អាវុធ ឲ្យ​បែរ​ចុង​កាណុង សំដៅទៅ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល គឺ​សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​កើតចេញពី​ការបោះឆ្នោត​ដោយ​ស្របច្បាប់​។

សូមបញ្ជាក់ថា លោក សម រង្ស៊ី កាលពី​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៩ បាន​និយាយ​នៅក្នុង​ពិធី​ជួបជុំ​ជាមួយ​ក្រុម​អ្នកគាំទ្រ​របស់ខ្លួន នាទី​ក្រុង Brisbane ប្រទេស​អូស្ត្រាលី ដោយបាន​ធ្វើការ​អំពាវនាវ​ឲ្យ​កងកម្លាំងប្រដាប់អាវុធ ដែល​លោក សម រង្ស៊ី ប្រើពាក្យ​ថា ជា “​កងកម្លាំ​ង​ស្នេហា​ជាតិ​” បែរ​ចុង​កាណុង​សំដៅទៅ​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល បើសិន​មានការ​បញ្ជា​ឲ្យ​បង្ក្រាប​ទៅលើ​មនុស្ស​ដែល​ទៅ​ទទួល​លោក​នៅ​ថ្ងៃទី​០៩ វិច្ឆិកា ខាងមុខ​។ ជាមួយគ្នា​នោះ លោក សម រង្ស៊ី ថែមទាំង​ហ៊ាន​ប្រើពាក្យ​ថា “​បាញ់​មកលើ​យើង យើង​ត្រូវ​បាញ់​ទៅលើ​ពួកវា​វិញ ពីព្រោះ​ការការពារ​ខ្លួនឯង គឺជា​ទង្វើ​ស្របច្បាប់ តទល់​ទៅនឹង​ពួក​ជនឧក្រិដ្ឋ ដែលមាន​បំណង​បៀតបៀន​យើង​”​។

លោក សម រង្ស៊ី និង​បក្សពួក ដែល​ជា​អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន ដែល​បាននឹងកំពុង​គេចខ្លួន​ពី​ការ​តាម​របស់​សមត្ថកិច្ច​ក​ម្ពុ​ជា​នោះ បានកំណត់​យក​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែល​ជា​ថ្ងៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ (៩ វិច្ឆិកា​) ដើម្បី​ធ្វើ​មាតុភូមិនិវត្តន៍​ចូល​មក​ប្រទេស​កម្ពុជា​វិញ ប៉ុន្តែ​អគ្គស្នងការ​នគរបាល​ជាតិ បាន​អះអាងថា សមត្ថកិច្ច​បាន​ត្រៀម​អស់ហើយ ដើម្បី​អនុវត្ត​វិធានការ​ច្បាប់​ចំពោះ​ទណ្ឌិត សម រង្ស៊ី និង​បក្សពួក​នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ខាងមុខ បើសិនជា​ពួកគេ​ពិតជា​មក​កម្ពុជា​មែន​៕
កោះ​កែវ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114