ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រជាកសិករ​ខេត្តកំពង់ឆ្នាំង ធ្វើ​ស្រូវវស្សា​បាន​១២៣​ពាន់​ហិកតា​ លើស​ផែនការ​ជាង​២​ពាន់​ហិកតា និង​នៅក្នុង​ឆ្នាំ​ចាស់​កសិករ​បាន​សល់​ស្រូវ​នាំចេញ​ជាង​៣០​ម៉ឺន​តោន​

​កំពង់ឆ្នាំង ៖ លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តកំពង់ឆ្នាំង បានឲ្យ​ដឹង​តាម​ទូរស័ព្ទ នៅ​រសៀល​ថ្ងៃទី​២៧​សីហា​នេះ ថា ​៖ ដោយសារ​អំណោយផល​ទឹកភ្លៀង​បាន​ធ្លាក់​ពី​ដើមរដូវ និង​ធ្លាក់​ជា​បន្តបន្ទាប់ ធ្វើ​ឲ្យ​ប្រជាកសិករ​ក្នុង​ខេត្តកំពង់ឆ្នាំង​ភ្ជួរ​រាស់​ដក​ស្ទូង​ស្រូវវស្សា គិត​មក​ដល់​ថ្ងៃនេះ​បាន​លើស​ផែនការ ជាង​២​ពាន់​ហិកតា។

លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ឆ្នាំង​បាន​បន្តថា ​៖ ការងារ​បង្កបង្កើន​ផល​ស្រូវវស្សា​ឆ្នាំនេះ​ប្រជា​កសិករ​នៅក្នុង​ខេត្តកំពង់ឆ្នាំង ភ្ជួរ​រាស់ ​និង​ដាំ​ដុះ​បាន​ចំនួន១២៣. ៦២០​ហិកតា ស្មើ​នឹង​១០២,៤៩% លើ​ផែន ការ ១២១.៨០០​ហិកតា ក្នុងនោះ​ធ្វើ​ស្រូវស្រាល បាន​ចំនួន ៨.៨៨៣​ហិកតា ស្រូវកណ្តាល ៧០.៩៨១​ហិកតា និង​ស្រូវធ្ងន់​៤៣.៥៣២​ហិកតា។

ការធ្វើ​ស្រូវវស្សា​នេះ ប្រជាកសិករ​ខេត្តកំពង់ឆ្នាំង ស្ទើរតែ​៩០% បានធ្វើ​ពង្រោះ និង​មាន​ប្រមាណ​តែ១០% ប៉ុណ្ណោះ ដែល​ពូក​គាត់​ធ្វើ​ការដក​ស្ទូង។ បញ្ហា​នេះ​ មកពី​បងប្អូន​កសិករ​ភាគច្រើន​ខ្លះ​កម្លាំង​ពលកម្ម ដោយសារ​កូនចៅ​ទៅធ្វើ​កម្មករ​រោងចក្រ ឬ​ចេញទៅ​ធ្វើក​ម្មករ​នៅក្រៅ​ប្រទេស​ជាដើម និង​ចំពោះ​ការកាត់បន្ថយ​ធ្វើ​ស្រូវ​ដក​ស្ទូង​បែបនេះ គឺ​កើតមាន​តាំងពី​ឆ្នាំ​២០១៤ រហូតដល់​សព្វថ្ងៃ។ នៅក្នុង​ឆ្នាំនេះ​កត្តា​ដែល កសិករ​ធ្វើ​ស្រូវវស្សា​ដែល​បានធ្វើ​លើ​ផែនការ គឺ​ដោយសារ​ទទួល​អំណោយផល​ទឹកភ្លៀង​បាន​ច្រើន​ពី​ដើមរដូវ តាម​របាយ​ការណ៍​បើ​បូក​យោង​មកដល់​សប្ដាហ៍​ទី​២ ក្នុង​ខែសីហា​នេះ ខេត្តកំពង់ឆ្នាំង ​ទទួលបាន​របប​ទឹកភ្លៀង​សរុប​ចំនួន​៦៤៤, ៧៩​មិល្លីម៉ែត្រ។ ដោយឡែក នៅក្នុង​ឆ្នាំ​ចាស់​២០១៨​ ខេត្តកំពង់ឆ្នាំង អាច​ផលិត​ស្រូវ​បាន​ជាង​៥០​ម៉ឺន​តោន ហើយ​បើ​គិត​តុល្យភាព​ស្បៀង ដែល​បាន​ដក​ទុក​ហូប និង ទុក​ពូជ ខេត្ត​កំពង់ឆ្នាំង​នៅសល់​ស្រូវ​ចំនួន​ជាង​៣០​ម៉ឺន​តោន ជា​រៀងរាល់ឆ្នាំ សម្រាប់ធ្វើ​ការលក់​ចេញ។ ​

លោក​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង បានបញ្ជាក់​ឲ្យ​ដឹងទៀតថា​ ៖ មកដល់ពេលនេះ​ ស្រូវវស្សា​របស់​បងប្អូន​ប្រជាកសិករ នៅ​មិនទាន់​ជួប​បញ្ហា​អ្វី​នៅឡើយ​ទេ ដោយ​ឡែក​នៅក្នុង​ស្រុក​ជ​ល​គី​រី ផ្ទៃដី​ស្រែ​ខ្វះ​ទឹក​មាន​ជាង​១០០ ហិកតា ប៉ុន្តែ​យើង​បាន​ដោះស្រាយ​ទាន់ពេលវេលា។

នៅក្នុង​រដូវ​ធ្វើ​ស្រែវស្សា និង​ស្រែប្រាំង​ឆ្នាំ​២០១៩​នេះ លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត សំណូមពរ​ដល់​ប្រជាពលរដ្ឋ សូម​មេត្តាជួយ​ថែរក្សា​ទឹក​ទុក​នៅក្នុង​ស្រែ ក្នុង​អាង ក្នុង​បឹង​ត្រពាំង ឲ្យ​បាន​គ្រប់​គ្រាន់ ដើម្បី​ទុក​បូម​ដាក់​ស្រែ​មាន​កើតមាន​គ្រោះរាំងស្ងួត ដែល​អាច​នឹង​កើត​មានកូន​រដូវប្រាំង​ ឬ​ក្នុង​ខែវស្សា​នេះ។ ដោយ​ឡែក​ នៅក្នុង​ពេលខាងមុខ បើ​ជួបនឹង​ភាពរាំងស្ងួត ឬ​មាន​សត្វ​បំផ្លាញ​ដំណាំ​ស្រូវ នៅ​មូលដ្ឋាន​ណាមួយ កសិករ​យើង​ត្រូវ​រាយការណ៍​ជាបន្ទាន់​មក​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត ដើម្បី​មន្ទីរ​ចាត់តាំង​អោយ​ក្រុម​ការ​បច្ចេកទេស ចុះជួយ​អន្តរាគមន៍​សង្គ្រោះ​ឲ្យ​បាន​ទាន់​ពេល​វេលា៕

ដោយ ៖ ឈៀង ថា​រិ​ទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114