ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នកនាំពាក្យ ក្រសួងកសិកម្ម ចេញ​លិខិត​បដិសេធ​ថា លោក ថេ​ង​សាវឿន មិនមែនជា​អ្នកតំណាង​ឲ្យ​សហគមន៍​កសិកម្ម​ក្នុងប្រទេស​កម្ពុជា​ទេ

ភ្នំពេញ​ ៖ អ្នកនាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​ថ្ងៃទី​២៦ ខែសីហា​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​បញ្ជាក់ថា លោក ថេ​ង​សាវឿន មិនមែន​ជា​អ្នកតំណាង​ឲ្យ​សហគមន៍​កសិកម្ម​ក្នុងប្រទេស​កម្ពុជា​ទេ ហើយ​ការអះអាង​នៅក្នុង​កម្មវិធី​វិទ្យុ​អាស៊ីសេរី​ កាលពី​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១៩ គឺជា​ការបញ្ចេញ​មតិយោបល់ និង​ការយល់ឃើញ​ផ្ទាល់ខ្លួន​របស់គាត់​តែប៉ុណ្ណោះ មិនមែនជា​មតិយោបល់​បញ្ជាក់​ពី​ជំហរ​របស់​សហគមន៍​កសិកម្ម​ឡើយ​។

អ្នកនាំពាក្យ​បន្តថា កន្លងមក សហគមន៍​អឺរ៉ុប​បានដាក់​វិធានការ​ការពារ​ទី​ផ្សារលើ​អង្ករ​កម្ពុជា​រួចទៅហើយ ដោយ​ចាប់ផ្តើម​យកពន្ធ​លើ​អង្ករ​របស់​កម្ពុជា ដែល​នាំចូល​ទៅកាន់​សហគមន៍​អឺរ៉ុប​សម្រាប់​រយៈពេល​៣​ឆ្នាំ ចាប់ពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២១​។ ការ​យកពន្ធ​នាំចូល​អង្ករ​របស់​កម្ពុ​ជា​ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៩ តទៅ ដោយ​ឆ្នាំ​ដំបូង​ពន្ធ​ត្រូវ​បង់​មាន​ចំនួន​១៧៥​អឺរ៉ូ​ក្នុង​១​តោន ឆ្នាំ​ទី​២​ត្រូវ​បង់​១៥០​អឺរ៉ូ​ក្នុង​១​តោន និង​ឆ្នាំ​ទី​៣​ត្រូវ​បង់​១២៥​អឺរ៉ូ​ក្នុង​១​តោន​។ ការដាក់​វិធានការ​ការពារ​ទីផ្សារ​នេះ បានធ្វើ​ឲ្យ​តម្លៃ​អង្ករ​កម្ពុជា​នៅ​លើ​ទីផ្សារ​សហគមន៍​អឺរ៉ុប មានការ​កើន​ឡើង​បន្ថែម​ទៀត​ ដែល​បង្កើន​ការដាក់​សម្ពាធ​មួយកម្រិត​ដល់​ការប្រកួតប្រជែង​ទីផ្សារ​។

​ក្រសួង​បន្តថា ក្នុងស្ថានភាព​នៃ​ការដាក់​វិធានការ​ទីផ្សារ​លើ​ការ​នាំចូល​អង្ករ​ទៅ​សហគមន៍​អឺរ៉ុប ការ​ពង្រឹង​និង​ពង្រីក​សមត្ថភាព​ប្រកួតប្រជែង​របស់​កម្ពុជា ពិសេស​ការកាត់បន្ថយ​ថ្លៃដើម​គឺជា​កត្តា​ចាំបាច់​បំផុត​។ រាជរដ្ឋាភិបាល​កម្ពុជា​បាន​លើកកម្ពស់​ធុរកិច្ច​ស្រូវ​អង្ករ ពិសេស​ការជួយ​អន្តរាគមន៍​បន្ទាប​ថ្លៃដើម​ផលិតកម្ម កែច្នៃ​ឡូ​ជី​ស្ទីក ដើម្បី​ឲ្យ​អង្ករ​កម្ពុជា​អាច​ប្រកួតប្រជែង​ទីផ្សារ​បាន ដែល​វិធានការ​ជាក់លាក់​ទាំងនោះ​ត្រូវបាន​ដាក់ចេញ​ដោយ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុង​វេទិកា​រាជរដ្ឋាភិបាល​ជាមួយ​វិស័យ​ឯកជន កាលពី​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៩​។

ទន្ទឹម​នឹង​នេះ ក្រសួងកសិកម្ម ក៏បាន​ដាក់​ចេញ​នូវ​វិធានការ​ចាំបាច់​មួយ​ចំនួន​សម្រាប់​អនុវត្ត​បន្ទាន់​រួចហើយ ជាពិសេស​ការជំរុញ​ឲ្យ​បាន​ខ្លាំងក្លា​បន្ថែម​ទៀត​ នូវ​វិធានការ​បច្ចេកទេស​ផលិតកម្ម​ដែល​ទទួលបាន​ទិន្នផល​ខ្ពស់ និង​ចំណាយ​តិច​។ ជាមួយគ្នា​នេះ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ក៏បាន​យកចិត្តទុកដាក់​ជំរុញ​ឲ្យ​សមាគមន៍​ម៉ាស៊ីនកិនស្រូវ​ខិតខំ​បង្កើន​សមត្ថភាព​កែច្នៃ​អង្ករ​ឲ្យ​មាន​គុណភាព​បន្ថែម​ទៀត សម្រាប់​បម្រើ​ឲ្យ​ទីផ្សារ​អន្តរជាតិ​ផងដែរ៕
ឌួង​វិ​រះ​ជ័យ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114