ព័ត៍មានទាន់​ហេតុការណ៏
Search

តា​វ៉ិ​ច​ទ័​រ ប្រាប់​ឲ្យ​នាយ តាក់ស៊ី កុំ​បាក់​ទឹកចិត្ត ​ឬ​អស់សង្ឃឹម ​ត្រូវតែ​ខំប្រឹង​ថែរក្សា​សុខភាព !

ភ្នំពេញ ​៖ ​ក្នុងនាម​ជា​ថ្នាក់ដឹកនាំ​ក្រុម​កំប្លែង​ប្រចាំ​ក្រុមហ៊ុន​CBS​ លោក សុវណ្ណ រិទ្ធី ហៅ តា​វ៉ិ​ច​ទ័​រ ក្រោយ​ពី​ប្រកាស​ទទួលយក​តារា​កំប្លែង​កម្សត់​នាយ តាក់ស៊ី ឲ្យ​ត្រឡប់​ចូល​មក​កំប្លែង​វិញ​នោះ ​លោក​មិន​ត្រឹមតែ​បង្ហាញ​ពី​ក្តី​អាណិតអាសូរ​ខ្លាំង​ចំពោះ​ នាយ តាក់ស៊ី ទេ​ គឺ​លោក​ថែមទាំង​ផ្តល់​នូវ​ដំបូន្មាន​ល្អៗ​ ដើម្បី​ដាស់​ស្មារតី​តារា​កំប្លែង​ម្នាក់​នេះ​ផង​ដែរ​។​

​ការប្រកាស​បើកផ្លូវ​ឲ្យ​អតីត​សង្ឃ​ គឺ​អន្ទិត​ ឬ​នាយ​តាក់ស៊ី ចូលមក​បង្ហាញ​វត្តមាន​កំប្លែង​នៅ​ក្នុង​ក្រុម​វិញ​ពី​សំណាក់​ លោកតា វ៉ិ​ច​ទ័​រ នេះដែរ​ បានធ្វើ​ឲ្យ​មហាជន ​និង​អ្នកគាំទ្រ​បង្ហាញ​ការ​អបអរ​សាទរ​ហើយ​ក៏បាន​លើកសរសើរ​ចំពោះ​ទឹកចិត្ត​ដ៏​ល្អ​របស់​តា វ៉ិ​ច​ទ័​រ ដែល​បាន​អនុញ្ញាត​ផ្តល់​ឱកាស​ឲ្យ​នាយ តាក់ស៊ី អាច​បង្ហាញមុខ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​CTN​ ឡើង​វិញ​។​

​បើទោះបីជា​តារា​កំប្លែង ​នាយ តាក់ស៊ី ត្រូវបាន​បើកឱកាស​ឲ្យ​ចូល​សម្តែង​រួម​ក្រុម​ជាមួយ​នាយ ពែ​កមី ហើយក៏​ពិតមែនតែ​សម្រាប់​ទឹកចិត្ត​របស់​លោកតា វ៉ិ​ត​ទ័​រ នៅតែមាន​ក្តី​ព្រួយបារម្ភ​ និង​អាណិត​ដល់​នាយ តាក់ស៊ី ខណៈដែល​បច្ចុប្បន្ន​នាយ​កំពុងតែ​រួម​រឹត​ទៅដោយ​ជំងឺ​គួរ​ឲ្យ​ព្រួយ​បារម្ភ​ បន្ទាប់​ប្រពន្ធ​កូន​ក៏ត្រូវ​បាត់បង់​ភាពកក់ក្តៅ​រស់នៅ​ជុំ​គ្រួសារ​ជាមួយគ្នា​ដូច​គ្រា​មុនៗ​ផង​នោះ​។​

​ជាក់ស្តែង​ចំពោះ​ទឹកចិត្ត​ដ៏​ល្អ​របស់លោក សុវណ្ណ រិទ្ធី ហៅ តា​វ៉ិ​ច​ទ័​រ ពេលនេះ​មិន​ត្រឹមតែ​គិតគូរ​បារម្ភ​ខ្លាំង​លើ​នាយ តាក់ស៊ី នោះទេ​ លោក​ក៏បានផ្តល់​ជា​ទស្សនៈ​ដើម្បី​លើកទឹកចិត្ត​នាយ តាក់ស៊ី ដូច្នេះ​ថា ថ្នាក់ដឹកនាំ​CBS​ និង​រូប​បង​ក៏ដូចជា​បងប្អូន​ក្រុម​កំប្លែង​CBS​មិន​ភ្លេច​ប្អូន​ទេ តាក់ស៊ី សំខាន់​ប្អូន​ត្រូវ​ចេះ​ថែរក្សា​សុខភាព​របស់​ប្អូន​។​

​ជាមួយគ្នា​នៃ​ការបង្ហាញ​ការលើកទឹកចិត្ត​របស់​លោកតា វ៉ិ​ច​ទ័​រ ចំពោះ​តារា​កំប្លែង​នាយ តាក់ស៊ី​ខាងលើនេះ​គេ​កត់សម្គាល់ឃើញ​មាន​ទស្សនិកជន​មួយចំនួន​បានបង្ហាញ​ការគាំទ្រ​និង​សរសើរ​មិន​ដាច់​ពី​មាត់​រាល់​ទង្វើ​ និង​ទឹកចិត្ត​ដ៏​ល្អ​ពី​សំណាក់​ថ្នាក់ដឹកនាំ​ក្រុម​កំប្លែង​គឺ​លោកតា វ៉ិ​ច​ទ័​រ។ក្នុងនោះដែរ​ក៏​មានការ​លើកឡើងថា​លោក សុវណ្ណ រិទ្ធី ពិត​ជាមាន​គុណធម៌​គួរអោយ​គោរព និង​យក​គំរូ​តាម​ណាស់​សូម​វត្ថុ​សក្ដិសិទ្ធ​ក្នុង​លោក​ជួយ​ថែរក្សា​លោក​និង​ក្រុមការងារ​អោយ​ជួប​រឿង​ល្អៗ​សម្រាប់​ជីវិត​។​ សូម​ជូនពរ​ឲ្យ​នាយ​តាក់ស៊ី ឆាប់​ជាសះស្បើយ​ហើយ​មាន​កម្លាំង​មាំមួន​ឡើងវិញ​៕

ដោយ ៖ ចាន់ ដា​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114