ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់​៖ សហរដ្ឋអាមេរិក​គួរតែ​គោរព​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ប្រសិនបើ​ខ្លួន​ចង់​ពិភាក្សា

រដ្ឋមន្ត្រី​ក្រសួងការបរទេស​អ៊ីរ៉ង់​លោក Mohammad Javad Zarif បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា សហរដ្ឋអាមេរិក​ត្រូវតែ​គោរព​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥​និង​បញ្ឈប់​ការចូលរួម​ក្នុង “​អំពើ​ភេរវកម្ម​សេដ្ឋកិច្ច​” ប្រឆាំងនឹង​ប្រជាជន​អ៊ីរ៉ង់​ប្រសិនបើ​ទីក្រុង​វ៉ាស៊ីនតោន​ចង់​ជួប​សម្រាប់​ការចរចា​។​

​ភាព​តានតឹង​រវាង​ទីក្រុង​តេ​អេ​រ៉ង់​និង​វ៉ាស៊ីនតោន​បាន​កើនឡើង​ចាប់តាំងពី​រដ្ឋបាល​រប​ស់​ប្រធានាធិបតី​អាមេរិក​លោក Donald Trump កាលពី​ឆ្នាំមុន​បាន​ចាក​ចេញពី​កិច្ចព្រមព្រៀង​អន្តរជាតិ​មួយ​ដែល​ទប់ស្កាត់​មហិច្ឆតា​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ហើយ​ចាប់ផ្តើម​អនុវត្ត​ការដាក់ទណ្ឌកម្ម​។​

​ប្រទេស​អ៊ីរ៉ង់​ដែល​បាន​រំលោភ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជា​បណ្តើរៗ​ដើម្បី​ជាការ​សងសឹក​ចំពោះ​ការដាក់ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​គឺ​បាន​គំរាម​រំលោភបំពាន​បន្ថែ​ម​ទៀត​នៅ​ដើមខែ​កញ្ញា​ខាងមុខនេះ​លុះត្រា​ណា​ខ្លួន​ទទួលបាន​ការបន្ធូរបន្ថយ​ទណ្ឌកម្ម​។​

​លោក Zarif បាន​ប្រាប់​អ្នកយកព័ត៌មាន​ក្នុង​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​បន្ទាប់ពី​ថ្លែង​ទៅកាន់​វេទិកា​មួយ​ស្តីពី​បញ្ហា​សន្តិសុខ​នៅក្នុង​ពិភព​ឥស្លាម​ថា “​សហរដ្ឋអាមេរិក​កំពុង​ធ្វើសង្គ្រាម​សេដ្ឋកិច្ច​ប្រឆាំងនឹង​ប្រជាជន​អ៊ីរ៉ង់​ហើយ​វា​មិនអាច​ទៅរួច​ទេ​សម្រាប់​ពួកយើង​ក្នុងការ​ចូលរួម​ជាមួយ​សហរដ្ឋអាមេរិក​លើក​លែង​តែ​ពួកគេ​ឈប់​ធ្វើសង្គ្រាម​និង​ឈប់​ចូលរួម​ក្នុង​អំពើ​ភេរវកម្ម​សេដ្ឋកិច្ច​ប្រឆាំងនឹង​ប្រជាជន​អ៊ីរ៉ង់​”​។​

​លោក​បាន​និយាយ​បែបនេះ​ដោយ​សំដៅ​ទៅលើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥​ថា “​ដូច្នេះ​ប្រសិនបើ​ពួកគេ​ចង់​វិលត្រឡប់​ចូល​បន្ទប់​វិញ​នោះ មាន​សំបុត្រ​មួយ​ដែល​ពួកគេ​ត្រូវ​ការទិញ​ហើយ​សំបុត្រ​នោះ​គឺ​ត្រូវគោរព​តាម​កិច្ចព្រមព្រៀង​”​។​

​លោក Trump បាន​និយាយ​នៅ​សប្តាហ៍​នេះ​ថា លោក​នឹង​ជួប​ជាមួយ​ប្រធានាធិបតី​អ៊ីរ៉ង់​លោក Hassan Rouhani ក្រោម​កាលៈទេសៈ​ត្រឹមត្រូវ​ដើម្បី​បញ្ចប់​ការប្រឈមមុខ​ដាក់គ្នា​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥​ហើយ​កិច្ចពិភាក្សា​កំពុងដំណើរការ​ដើម្បី​មើល​ពី​របៀប​ដែល​ប្រទេស​ទាំងពីរ​អាចធ្វើ​ការដើ​ម្បី​រក្សា​សេដ្ឋកិច្ច​របស់​អ៊ីរ៉ង់​។​

​ប៉ុន្តែ​លោក Rouhani បាន​និយាយថា អ៊ីរ៉ង់​នឹងមិន​និយាយ​ជាមួយ​សហរដ្ឋអាមេរិក​ទេ​រហូតដល់​ទណ្ឌកម្ម​ទាំងអស់​ត្រូវបាន​ដកចេញ​៕ REUTERS

វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114