ព័ត៍មានទាន់​ហេតុការណ៏
Search

សម្ដេច​តេ​ជោ សែន ថា បើ សម រង្ស៊ី មក​កម្ពុជា​នៅ​ថ្ងៃទី​៩​វិច្ឆិកា​ខាងមុខ ហើយ​ចាប់​មិនបាន​ក្នុង​រយៈ​ពេល​២៤​ម៉ោង សុខ​ចិត្ត​ចុះ​ចេញពី​តំណែង​

ភ្នំពេញ​ ៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះ រាជាណាចក្រ​កម្ពុជា​បាន​អះអាងថា សម្តេច​យល់ព្រម​ទទួល​ការ​ភ្នាល់​ជាមួយ​លោក សម រ​ង្ស៉ី គឺ​បើ​លោក សម រង្ស៊ី និង​បក្ខពួក​មក​កម្ពុជា​នៅ​ថ្ងៃទី​០៩ ខែ​វិច្ឆិកា ខាងមុខ ហើយ​ចាប់​មិនបាន​ក្នុង​រយៈពេល​២៤​ម៉ោង សម្តេច​សុខ​ចិត្ត​ចុះ​ចេញពី​តំណែង​។

សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់​បែបនេះ នៅក្នុង​បទសម្ភាសន៍​ជាមួយ​នាយក FN នា​ព្រឹក​ថ្ងៃទី​៣០ សីហា នេះ​។ សម្តេច​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​ខ្ញុំ​យល់ព្រម​ទទួល​ការ​ភ្នាល់​ជាមួយ​អា​ម្សៀ រ​ង្ស៉ី ប្រសិន​បើ​អ្នកឯង​ជាន់​ទឹកដី​ខ្មែរ​នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​ហើយ ខ្ញុំ​ចាប់​អ្នកឯង​មិនបាន​ក្នុង​រយៈពេល​២៤​ម៉ោង ខ្ញុំ​នឹង​សុខចិត្ត​ចុះចេញ​ពី​តំណែង ប៉ុន្តែ​បើ​ខ្ញុំ​ចាប់ខ្លួន​អ្នកឯង​បាន​វិញ អ្នកឯង​នឹងត្រូវ​បញ្ចប់ជីវិត​នយោបាយ ព្រមទាំង​រំលាយ​អង្គការ​ចាត់តាំង​ទាំងឡាយណា​ដែល​អ្នកឯង​បាន​បង្កើតឡើង​។ ផ្ទុយទៅវិញ​ប្រសិនបើ​អ្នកឯង​មិន​ក្លាហាន​ហ៊ាន​ចូលមក​កម្ពុជា​វិញ​ទេ នោះ​អ្នកឯង​នឹងត្រូវ​បញ្ចប់ជីវិត​នយោបាយ និង​រំលាយ​អង្គការ​ចាត់តាំង ដែល​អ្នកឯង​បង្កើត​។ តើ​អ្នកឯង​ហ៊ាន ឬ​មិន​ហ៊ាន​ចំពោះ​ការ​ភ្នាល់​នេះ​?”​។

ចំណុច​មួយទៀត​លើ​ការស្បថ “​ប្រសិនបើ​អ្នកណាម្នាក់​មិន​គោរព​លើ​ការសន្យា​ នៃ​ការ​ភ្នាល់​នេះ ខ្ញុំ​សូម​ឲ្យ​វត្ថុ​ស័ក្ដិសិទ្ធិ​លើ​លោក​ផ្ដាច់ជីវិត អ្នក​ដែល​មិន​គោរព​ការសន្យា និង​ក្រុមគ្រួសារ​ទាំង​ពូជ​តែម្ដង​។ តើ​អ្នកឯង​ហ៊ាន ឬ​មិន​ហ៊ាន ? ចំពោះ​ការ​ភ្នាល់​នេះ​ខ្ញុំ​សូម​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស​ធ្វើជា​សាក្សី​ចំពោះ​ការ​ភ្នាល់ និង​សូម​ឲ្យ Fresh News ធ្វើជា​អ្នក​ផ្សព្វផ្សាយ​លើ​ការ​ភ្នាល់​នេះ​”​។​

ការយល់ព្រម​ទទួល​ភ្នាល់​ជាមួយ​ទណ្ឌិត សម រ​ង្ស៉ី នៅពេលនេះ​ធ្វើឡើង ​បន្ទាប់ពី​ លោក សម រង្ស៊ី បានប្រកាស​យក​ថ្ងៃទី​០៩ ខែវិច្ឆិកា ខាងមុខ ដើម្បី​ត្រឡប់មក​កម្ពុជា​វិញ ហើយ​ថ្មី្មៗ​នេះ លោក​បាន​សរសេរ​បង្ហោះ​តាម Facebook និង​គេហទំព័រ​របស់ខ្លួន ជាមួយ​ខ្លឹមសារ​ថា “​បើ​លោក ហ៊ុន សែន មិន​ជឿថា ​ខ្ញុំ​នឹង​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​មែន នៅ​ថ្ងៃ​០៩ វិច្ឆិកា ២០១៩ នេះ​ទេ តើ​លោក ហ៊ុន សែន យល់ព្រម​ចុះចេញ​ពី​តំណែង ភ្លាម​មួយ​រំពេច​ទេ នៅពេលដែល​ខ្ញុំ​មក​ជាន់​ទឹកដី​ប្រទេស​កម្ពុជា​យ៉ាង​ជាក់ស្ដែង នៅ​ថ្ងៃ ០៩ វិច្ឆិកា ២០១៩ ខាងមុខនេះ​?”៕

ដោយ ៖ កោះ​កែវ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114