ព័ត៍មានទាន់​ហេតុការណ៏
Search

អាជ្ញាធរ​ជាតិ​អប្សរា ​៖ ​សូម​រថយន្ត​គ្រប់​ប្រភេទ​ចូល​ចត​ក្នុង​ចំណត​ ដើម្បី​សណ្ដាប់ធ្នាប់​សាធារណៈ​ទូទៅ​

សៀមរាប ​៖​ មាន​កិច្ចការ​ជាច្រើន​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ខិតខំ​បំពេញ​ក្នុង​បុព្វហេតុ​ថែរក្សា​ និង​លើក​តម្លៃ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ជាតិ​ឲ្យ​កាន់តែ​ឧត្ដុង្គឧត្ដម​។ ក្នុងនោះ​មានការ​ជួសជុល​ប្រាង្គ​ប្រាសាទ​បុរាណ ការលើកកម្ពស់​បរិស្ថាន​ធម្មជាតិ ការកសាង​ហេដ្ឋារចនាសម្ពន្ធ​ផ្លូវថ្នល់​ស្ពាន និង​ការ​រៀបចំ​សេវាកម្ម​ទ្រទ្រង់​វិស័យ​ទេសចរណ៍​ដូចជា​ការរៀបចំ​ចំណតរថយន្ត​ជាដើម​។​ល​។

កន្លងមក អាជ្ញាធរ​ជាតិ​អប្សរា បានរៀបចំ​ចំណត​សម្រាប់​យានយន្ត​គ្រប់​ប្រភេទ​ដែលមាន​បរិវេណ​ធំ​ទូលាយ ដែល​ស្ថិតនៅ​ប៉ែក​ខាងត្បូង​ឈៀង​ខាងកើត​នៃ​មុខ​ប្រាសាទអង្គរវត្ត​។ ការរៀបចំ​ចំណត​នេះ ទទួលបាន​ការគាំទ្រ​ពី​សំណាក់​អ្នកបើកបរ​យានយន្ត និង​រ៉ឺម៉ក​កង់​បី​ជាច្រើន ដោយ​ពួកគេ​បានបង្ហាញ​ស្មារតី​ចូលរួម​ទទួលខុសត្រូវ​ខ្ពស់​ចូល​ចត និង​ដាក់​ភ្ញៀវ​ចុះ​តាម​ទីតាំង​ដែល​បានកំណត់​។ សកម្មភាព​ទាំងនោះ​បានធ្វើឲ្យ​សណ្ដាប់ធ្នាប់​សាធារណៈ​ និង​របៀបរៀបរយ​នៅមុខ​ប្រាសាទអង្គរវត្ត​មា​នភា​ព​កាន់​តែ​ល្អប្រសើរ​។​

បើទោះជា​មាន​យានយន្ត​ជាច្រើន​ចូល​ចត​ក្នុង​ចំណតរថយន្ត​ប្រកបដោយ​របៀបរៀបរយ​យ៉ាងណា​ក៏​ដោយ អាជ្ញាធរ​ជាតិ​អប្សរា​ ក៏​សង្កេតឃើញ​ម្ចាស់​យានយន្ត​មួយចំនួន​ពុំបាន​ចូល​ចត និង​ដាក់​ភ្ញៀវ​ចុះ​តាម​ទីតាំង​កំណត់​ដែរ ដែល​ការណ៍​នេះ​បាន​បង្ក​ឲ្យ​មាន​ភាព​កកស្ទះ និង​គ្មាន​សណ្ដាប់ធ្នាប់​នៅមុខ​ប្រាសាទអង្គរវត្ត​ដោយ​អន្លើ​។

ក្នុង​គោលបំណង​បញ្ចៀស​ភាព​កកស្ទះ និង​សភាព​គ្មាន​សណ្ដាប់ធ្នាប់​ទាំងនេះ អាជ្ញាធរ​ជាតិ​អប្សរា​សូម​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន ​ឬ​ទីភ្នាក់ងារ​ទេសចរណ៍ ម្ចាស់​យានយន្ត មគ្គុទ្ទេសក៍​ទេសចរណ៍ ចូល​ចត​យានយន្ត​ក្នុង​ចំណត​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​បាន​រៀបចំ​រួចរាល់ ដើម្បីឲ្យ​សណ្ដាប់ធ្នាប់​នៅ​ប្រាសាទ​អង្គរវត្ត​មានរ​បៀប​រៀបរយ ស័ក្ដិសម​ជា​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ​របស់​កម្ពុជា​។ អាជ្ញាធរ​ជាតិ​អប្សរា​សង្ឃឹម និង​ជឿជាក់​ថា សាធារណជន​ទាំងអស់ នឹងចូលរួម​អនុវត្ត​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​៕​

ដោយ​ ៖​ កុសល​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114