ព័ត៍មានទាន់​ហេតុការណ៏
Search

ស្នាមញញឹម​តារា​ខ្មែរ​ ក្រោម​ដំណក់ទឹកភ្លៀង​ ដើម្បី​មូលនិធិ​គន្ធបុប្ផា​នៅ​ស្ដា​ត​អូឡាំពិក

​ភ្នំពេញ ៖ ​ថ្វីត្បិតតែ​ការប្រកួត​បាល់ទាត់​សប្បុរសធម៌​ដើម្បី​មូលនិធិ​គន្ធបុប្ផា​កាលពី​ថ្ងៃទី​២៩ ខែ​សីហា ឆ្នាំ​២០១៩​ នៅ​ពហុ​កីឡដ្ឋាន​អូឡាំពិក​ បាន​រំខាន​ដោយ​ភ្លៀង​តាំងពី​អំឡុង​ពេលមុន​បើក​កម្មវិធី​រហូត​ដល់​បញ្ចប់​ដោយ​ជោគជ័យ​ក៏ពិតមែន​ តែ​សម្រាប់​ទឹកចិត្ត​គាំទ្រ​ និង​ផ្តល់​កម្លាំងចិត្ត​របស់​សិ​ល្បករ​-​សិល្បការិនី​ដែល​ស្ម័គ្រចិត្ត​ចូលរួម​សកម្មភាព​ជួយ​សង្គម​នេះ ​នៅតែ​បង្ហាញ​ស្នាមញញឹម​អមដោយ​ភាព​សប្បាយ​រីករាយ​។​

​ជាក់ស្តែង​តាម​ការ​សង្កេតឃើញ ​គឺមាន​ក្រុម​តារា​ប្រុស​-​ស្រីៗ​ដែល​ស្ម័គ្រចិត្ត​ក្នុង​ការជួយ​រៀបចំ ជួយ​ទទួលភ្ញៀវ ​និង​ជួយ​ដង្ហែ​ក្បួន​ក្រោម​ដំណក់​ទឹកភ្លៀង​ ក៏​នៅតែ​តស៊ូ​រហូតដល់​ការ​បញ្ចប់​កម្មវិធី​ប្រកួត​មិត្តភាព​សប្បុរសធម៌​រវាង​ក្រុមបាល់ទាត់​តារា​កម្ពុជា​និង​ថៃ​ដោយ​ពោរពេញ​ទៅដោយ​ស្នាមញញឹម​ខណៈដែល​សិល្បករ​-​សិល្បការិនី​ទាំងនោះ​ធ្វើការ​ទាំង​ភ្លៀង​និង​មិន​គិតពី​ការនឿយហត់​គួរ​ឲ្យ​ស្ងើច​សរសើរ​ខ្លាំង​។

​លោក អូន ឧស្សាហ៍ តំណាង​អ្នករៀបចំ​កម្មវិធី​បាន​បញ្ជាក់ថា​ក្រៅពី​កីឡាករ​បាល់ទាត់ នៅក្នុង​ព្រឹត្តិការណ៍​ទាំងមូល​គឺ​វត្តមាន​ច្រើន​កុះករ​របស់​សិល្បករ​-​សិល្បការិនី​ខ្មែរ ដែល​លោក​បាន​ចាត់​ទុក​ថា នេះ​គឺជា​ទឹកចិត្ត​ដ៏​ប្រសើរ​ដើម្បី​មូលនិធិ​គន្ធបុប្ផា​។ អ្វីដែល​លោក​មិន​សរសើរ​មិនបាន គឺ​ការចូលរួម​យ៉ាងសកម្ម​របស់​ក្រុម​សិល្បៈ​របស់​តារា​គ្រួសារ​តារា​កម្ពុជា​ដែល​បានការ​លះបង់​ក្នុង​ការចូល​ រួមទាំង​ភ្លៀង​តាមរយៈ​ការចូលរួម​ជួយ​កម្មវិធី​មិន​គិត​ពី​កម្រៃ​ថវិកា និង​ការ​ប៉ះពាល់​សុខភាព ដើម្បី​ឲ្យ​កម្មវិធី​រលូន​ទាំង​ភ្លៀង តាំងពី​ដើម​ដល់​ចប់។

​លោក អូន ឧស្សាហ៍ បាន​បន្ថែម​ថា​ នេះ​ជា​កម្លាំងចិត្ត​របស់​អ្នក​សិល្បៈ​ជា​រួម ដែល​មិន​ប្រកាន់​ថា នោះ​ជា​កម្មវិធី​ដែល​រៀបចំ​ដោយ​ក្រុម​សិល្បៈ​ណា​នោះឡើយ​។​ លោក​ក៏មាន​ការ​អរគុណ​ និង​កោត​សរសើរ​ខ្លាំង​ចំពោះ​ទឹកចិត្ត​ពួកគាត់​។ ​សូមជម្រាបថា ​សិល្បករ​-​សិល្បការិនី ដែល​បាន​បង្ហាញខ្លួន​ជា​ក្រុមការងារ​នៅក្នុង​ថ្ងៃនោះ​មាន​២​ក្រុម ​គឺ​ក្រុម​ធ្លាប់បាន​សម្ដែង​ជាមួយ​ផលិតកម្ម​មហា ហង្ស ដែលជា​ក្រុមការងារ​ និង​ក្រុម​សិល្បៈ​ស្ម័គ្រចិត្ត​របស់​គ្រួសារ​តារា​កម្ពុជា​។

​សិល្បករ​ដែល​ចូលរួម​ដង្ហែ​ក្បួន​នៅក្នុង​ថ្ងៃនោះ​រួមមាន ​៖ ​លោក បញ្ញា សិទ្ធិ​, លោក ស៊ិន សុធា​រិ​ទ្ធ​, លោក រុន ណា​កូ​, កញ្ញា ពេជ្រ ចរណៃ​, លោក ឆា​លី​, លោក វង្ស សច្ចៈ​វិជ្ជា​, លោក រ៉ា យ៉ា​ឌី​ន​, លោក ឆេង វង្ស​, កញ្ញា អៃ សុគន្ធ​ពិដោរ​, កញ្ញា កែវ រតនា តារា​ម៉ូ​ដែល​, លោក ឃីម រតន​, លោក ហាក់ ធៀ​មុន្នី​, អ្នកនាង សាង សុរិយា​, កញ្ញា អ៊ុក ដា​រ៉េត​, កញ្ញា មុត សុវណ្ណារិទ្ធ​, អ្នកនាង យី​វ ម៉ូ​នី​កា​, លោក វណ្ណា​ឌី​, កញ្ញា សេង រ៉ានី​, លោក មាស សៀវ​ប៉ាយ​, និង​មួយចំនួនទៀត​៕

ដោយ ៖ ចាន់ ដា​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114