ព័ត៍មានទាន់​ហេតុការណ៏
Search

បើក​ឡិចស៊ីស​RX300​បោះពួយ​លឿន​ ជ្រុល​ទៅ​អ្នក​ជិះ​ម៉ូតូ​ប៉ើង​ដូច​ក្រដាស​ស្លាប់​ពីរ​នាក់​ភ្លាមៗ

ភ្នំពេញ​ ៖​ ​រថយន្ត​ម៉ាក​ឡិច​ស៊ីស​RX300​មួយ​គ្រឿង​បើក​បោះពួយ​យ៉ាង​លឿន​ រេ​ចង្កូត​ទៅ​បុក​អ្នក​ជិះ​ម៉ូតូ​ពីរ​នាក់​ ធ្វើដំណើរ​បញ្ច្រាស​ទិស​គ្នា​បណ្ដាល​ឲ្យ​ប៉ើង​ខ្ទាត​ទៅ​ចិញ្ចើម​ផ្លូវ​ស្លាប់​យ៉ាង​អាណោចអាធ័ម ហើយ​រថយន្ត​បង្ក​បាន​បន្ត​រេ​ទៅ​បុក​ផ្ទប់​បង្គោល​ភ្លើង​ទៅមុខ​លែង​រួច​ តែ​កុង​ចុះ​គេច​ខ្លួន​បាត់។

ហេតុការណ៍​នេះ​ កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​៣១​ខែ​សីហា ​ឆ្នាំ​២០១៩​ ស្ថិត​ចំណុច​មុខ​សាលា​កង​រាជ អាវុធហត្ថ​កំបូល តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុង​សង្កាត់​កន្ទោក ខណ្ឌ​កំបូល។ សព​ជនរងគ្រោះ​ទាំងពីរ​នាក់​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ​សមត្ថកិច្ច​​ ​កំពុង​ស្រាវជ្រាវ​រក​សាច់ញាតិ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ ​​​បាន​ឲ្យ​ដឹង​ថា ​មុន​ពេល ​កើតហេតុ​ គេ​ឃើញ​រថយន្ត​ម៉ាក​ឡិចស៊ីស​RX-300​ពណ៌​ស ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AR-4230 ​ធ្វើដំណើរ​ទិសដៅ​ពី​លិច​ទៅ​កើត ​ក្នុង​ល្បឿន​លឿន​ដូច​ហោះ ខណៈ​​មកដល់​ចំណុច​កើតហេតុ ​បាន​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ​ជ្រុល​ទៅ​បុក​ម៉ូតូ​សង់​កូរ៉េ​ផ្លិ​ស​ ពណ៌​ក្រហម​មួយ​គ្រឿង​គ្មាន​ស្លាក​លេខ​ ដែល​បើកបរ​ធ្វើដំណើរ​បញ្ច្រាស​ទិសដៅ​គ្នា​ពី​កើ​តទៅ​លិច​ពេញ​ទំហឹង​អូស​ជាច្រើន​ម៉ែត្រ​ផ្លោង​ជនរងគ្រោះ​ទាំងពីរ​នាក់​បោក​នឹង​ថ្នល់​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើត។ ចំណែក​រថយន្ត​បង្ក​រេ​ចង្កូត​ទៅ​បោក​ផ្ទប់​នឹង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ ធ្លាក់​អំពូល​មក​ក្រោម​ទៅមុខ​លែង​រួច។ រីឯ​ម៉ូតូ​ដាច់​ជា​ពីរ​ខូចខាត​ស្ទើរ​ទាំងស្រុង។

ក្រោយ​កើតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន ​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ ​ចុះ​មក​ធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក ​និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់។ ដោយឡែក​សព​ជនរងគ្រោះ​ទាំងពីរ​នាក់​សមត្ថកិច្ច​ ​កំពុង​ធ្វើ​ការ​ស្រាវជ្រាវ​រក​សាច់​ញាតិ​ មក​ទទួលយក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕

វិទូ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114