ព័ត៍មានទាន់​ហេតុការណ៏
Search

ដំណោះស្រាយ​បឋម​បន្ទាន់ និង​ប្រកបដោយ​ប្រសិទ្ធភាព​របស់​អាជ្ញាធរ​ខេត្ត ក្រុង សម្រាប់​ជួយ​សម្រួល​ដល់​ការលំបាក់​រស់នៅ​របស់​ប្រជាពលរដ្ឋ​

ឧ​ត្ត​រ​មានជ័យ ​៖ នៅ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៩ លោក អ៊ុន សុ​ភ័​ក្រ អភិបាល នៃ​គណៈ​អភិបាល​ក្រុង​សំរោង បាន​ដឹកនាំ​ក្រុមការងារ ដែលមាន​ការសហការ​ពី​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត ចុះ​បញ្ជា​គ្រឿងចក្រ​កាយ​ដី​រំដោះ​ទឹក ដែល​បាន​ជន់​លិច​តាម​បណ្ដា​ផ្លូវ​មួយចំនួន​នៅក្នុង​ក្រុង​សំរោង ដែល​បាន​បង្កឡើង​ពី​ភ្លៀងរលឹម​ជាប់​គ្នាៗ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ​។​

សកម្មភាព​ខាងលើ បាន​អនុវត្ត​នៅលើ​ផ្លូវ​ជាប់​រង្វង់​មូល​លោក​កេ​ស្វា​រៈ (​ដៃ​ប្រាំបី​) ឆ្ពោះទៅ​ផ្លូវ​ទៅ​ខេត្តសៀមរាប ដែលជា​ចំណុច​បង្ក​ការរាំងស្ទះ ក្នុងការ​រំដោះ​ទឹក​ចេញពី​ទីប្រជុំជន​ក្រុង​សំរោង​។​

ជាមួយគ្នានេះ​ផងដែរ លោក អ៊ុន សុ​ភ័​ក្រ អភិបាល នៃ​គណៈ​អភិបាលក្រុង​សំរោង បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ​ការយល់ដឹង និង​ចូលរួម​សហការ​របស់​ប្រជាពលរដ្ឋ នៅក្នុង​ការ​កាយ​ដី​មុខផ្ទះ​របស់ខ្លួន​។ ទន្ទឹមនឹងនេះ​ផងដែរ នៅក្នុងនាម​អាជ្ញាធរ​ក្រុង សូម​សំណូមពរ​យ៉ាង​ទ​ទូច ស្នើសុំ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូមមេត្តា​ចូលរួម​អនុវត្ត​ច្បាប់​ទាំងអស់គ្នា ដើម្បី​បញ្ចៀស​បាន​នូវ​ការដាក់​វិធានការ​របស់​អាជ្ញាធរ​មូលដ្ឋាន ចំពោះ​ការចាក់ដី បំពេញ​អាចម៍ដី នៅលើ​ដី​កម្មសិទ្ធិ​របស់ខ្លួន ដែល​មាន​សណ្ឋាន​ខ្ពស់ជាង​ផ្លូវ សូម​ធ្វើ​ការកាយ​ចេញ និង​រៀបចំ​ដាក់លូ​រំដោះ​ទឹក​ឲ្យ​បាន​ត្រឹមត្រូវ​ផងដែរ​។

នៅ​ក្នុងន័យនេះ ការចាក់​បំពេញ​អាចម៍ដី​ទាប​ជាង​ផ្លូវ ឬក៏​ស្មើ​ផ្លូវ ព្រមទាំង​រៀបចំ​ប្រព័ន្ធ​លូ​ឲ្យ​បាន​ត្រឹម​ត្រូវ តាមរយៈ​ការស្នើ​សុំច្បាប់ ត្រូវបាន​ការលើកទឹកចិត្ត និង​ការ​គាំទ្រ​ពី​សំណាក់​អាជ្ញាធរ​ផងដែរ​៕​

ដោយ ​៖​ ចាន់ ធី​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114