ព័ត៍មានទាន់​ហេតុការណ៏
Search

ផ្លូវ​បេតុង​៣​ខ្សែ​បន្ថែមទៀត ​ត្រូវ​អាជ្ញាធរ​ខណ្ឌ​ដង្កោ​ស្ថាបនា​ជូន​ពលរដ្ឋ​ប្រើប្រាស់​

ភ្នំពេញ ៖ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី បានធ្វើ​ឲ្យ​មានការ​អភិវឌ្ឍ​​លើ​គ្រប់​វិស័យ ហេដ្ឋារចនាសម្ព័ន្ធ រូបវន្ត គ្រប់​ប្រភេទ កំពុងតែ​រីក​ដោះ​ដាល​ជា​បន្តបន្ទាប់​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ទទ្ទឹង​នឹង​នេះ​ហេដ្ឋារចនាសម្ពន្ធ ផ្លូវ ថ្នល់ ក៏​កំពុង​អភិវឌ្ឍន៍​នៅ​គ្រប់ទិសទី​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​បម្រើ​ផលប្រយោជន៍​ជូន​ប្រជា​ពលរដ្ឋ​។​

បើ​យើង​ក្រឡេក​ទៅ​មើល​ភូមិសាស្ត្រ​ខណ្ឌដង្កោ ក្រោយ​ការគ្រប់គ្រង​របស់ លោក នុត ពុធ​ដា​រ៉ា អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌដង្កោ ធ្វើ​ឲ្យ​គ្រប់​សង្កាត់ កំពុង​កើតមាន​ប្រព័ន្ធ​ផ្លូវ​បេតុង​ខ្វាត់ខ្វែង ដើម្បី​បំពេញតម្រូវការ​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​។​

ជាក់ស្តែង​កាលពី​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៩ ផ្លូវ​បេតុង ចំនួន​៣​ខ្សែ ត្រូវបាន​បើក​ការដ្ឋាន​ស្ថាបនា ក្រោម​វត្តមាន​ លោក នុត ពុធ​ដា​រ៉ា អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌដង្កោ ដោយមាន​ការចូលរួម​ពី​អភិបាលរងខណ្ឌ ចៅសង្កាត់ ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ផងដែរ។​

ផ្លូវ​ទាំង​៣ខ្សែ ដែល​ត្រូវ​បើក​ការដ្ឋាន​ស្ថាបនា រួមមាន ខ្សែ​ទី​១.​ជួសជុល​ចាក់​ផ្លូវ​បេតុង​ឆ្អឹង​ដែក ប្រវែង ៣៥០​ម៉ែត្រ ទទឹង៥​ម៉ែត្រ កម្រាស់០,១៥ ម៉ែត្រ ស្ថិតនៅ​ភូមិ​កណ្តាល សង្កាត់​រលួស ( ថវិកា​ខណ្ឌ ឆ្នាំ​២០១៩)។ ខ្សែ​ទី​២.​ជួសជុល​ចាក់​ផ្លូវ​បេតុង​គ្មាន​សរសៃដែក ប្រវែង ២១៤​ម៉ែត្រ ទទឹង៤​ម៉ែត្រ កម្រាស់ ០,១៥​ម៉ែត្រ ស្ថិតនៅ​ភូមិ​ព្រះ​ធាតុ សង្កាត់​រលួស ( មូលនិធិ​សង្កាត់ ឆ្នាំ​២០១៩) ។ និង ខ្សែ​ទី​៣.​ជួស​ជុល​ចាក់​ផ្លូវ​បេតុង​គ្មាន​សរសៃដែក ប្រវែង​១៧៨​ម៉ែត្រ ទទឹង​៤​ម៉ែត្រ កម្រាស់​០,១៥​ម៉ែត្រ ស្ថិតនៅ​ភូមិ​ក្រពើ​ទ្រោម សង្កាត់​រលួស ខណ្ឌដង្កោ (​មូលនិធិ​សង្កាត់ ឆ្នាំ​២០១៩)។​

នា​ឱកាស​នោះ ​លោក នុត ពុធ​ដា​រ៉ា អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​ដង្កោ​ថ្លែង​ឲ្យ​ដឹងថា ប្រទេស​ជាតិ​ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល ដែលមាន ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា បានដាក់​ចេញ និង​អនុវត្ត​នូវ​នយោបាយ ឈ្នះ​ឈ្នះ បានធ្វើ​ឲ្យ​ប្រទេសជាតិ​ទទួលបាន​នូវ​សុខសន្តិភាព​ពេញលេញ​ទូទាំងប្រទេស ហើយ​បាន​កែប្រែ​ប្រទេស​ទាំងមូល ឲ្យ​មាន​ការ​អភិវឌ្ឍ​យ៉ាងខ្លាំង​លើ​គ្រប់​វិស័យ។ នៅក្នុង​រាជធានី​ភ្នំពេញ​យើង​បច្ចុប្បន្ន គឺមាន​ការអភិវឌ្ឍ​យ៉ាង​ខ្លាំង​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​គួរ​ឲ្យ​កត់សម្គាល់ ក្នុងនោះ រួមមាន ការសាងសង់​អគារ​ខ្ពស់ៗ ផ្លូវ​ក្រវាត់​ក្រុង​ធំៗ ស្ពាន​អាកាស​ធំៗ ស្ពានដែក ផ្លូវដែក​ថ្មីៗ​ជាច្រើន​ខ្សែ ផ្លូវថ្នល់​តូចធំ ផ្លូវ​ក្រោម​ដី ប្រព័ន្ធ​លូបង្ហូរទឹក ប្រឡាយទឹក ប្រព័ន្ធ​ធារាសាស្ត្រ សាលារៀន មន្ទីរពេទ្យ វត្ត​អារាម ។​ល​។ ជាក់ ស្តែង ផ្លូវ​បេតុង ចំនួន ៣​ខ្សែ ដែល​ត្រូវ​បើក​ការដ្ឋាន​ស្ថាបនា​នា​ថ្ងៃនេះ អាច​នឹង​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ក្នុងភូមិ​ផងដែរ។​

ជាមួយគ្នានេះ​ផងដែរ​លោក នុត ពុធ​ដា​រ៉ា ក៏បាន​ធ្វើ​ការណែនាំ​គណៈកម្មការ​គ្រប់គ្រង​គម្រោង​ខណ្ឌ ដែលជា​ម្ចាស់​គម្រោង​ត្រូវតែ​តាមដាន និង​យកចិត្តទុកដាក់​ជាប់​ជាប្រចាំ​ចំពោះ​ក្រុមហ៊ុន​ទទួល​ការ​ក្នុងការ​អភិវឌ្ឍ​គម្រោង​នៅ​គ្រប់​ដំណាក់កាល​ទាំងអស់​ចាប់តាំងពី​ដំណើរ​ការបើក​ការដ្ឋាន​ដំបូង រហូតដល់​បញ្ចប់​ការដ្ឋាន​ជា​ស្ថាពរ និង​ត្រូវតែ​ជួសជុល​ឡើងវិញ ករណី​មានការ​ខូចខាត​សម្រាប់​រយៈពេល​ធានា ៦ ខែ បន្ទាប់ ។ ត្រូវតែ​ធ្វើការ​ណែនាំ និង​ហ៊ាន​សរសេរ​នូវ​រាល់​ចំណុច​អសកម្ម​ទាំងឡាយណា​របស់​ក្រុមហ៊ុន ដែល​មិនបាន​អនុវត្តតាម​កិច្ចសន្យា​ទៅក្នុង​សៀវភៅ​តាមដាន​ការដ្ឋាន ។ ចំពោះ​ក្រុមហ៊ុន ត្រូវខិតខំ​ធ្វើយ៉ាងណា​រក្សា​ឲ្យ​បាន​នូវ​ក្រមសីលធម៌ និង​គោរព​ឲ្យ​បានជា​ដាច់ខាត​នូវ​បទដ្ឋាន​បច្ចេកទេស និង​ផែនការ​ការងារ ដែលមាន​ចុះ​ក្នុង​កិច្ចសន្យា​ទទួល​ការ ដែល​ខ្លួន​បាន​ចុះហត្ថលេខា​កន្លងមក ។ ចំណែក​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​ចូលរួម​តាមដាន​ការអនុវត្ត​ការងារ​របស់​ក្រុមហ៊ុន​ផងដែរ ពីព្រោះថា បងប្អូន​គឺជា​អ្នកទទួលផល​ផ្ទាល់ បើ​ឃើញ​ការអនុវត្ត​របស់​ក្រុមហ៊ុន​ខុសពី​កិច្ចសន្យា ត្រូវ​រាយការណ៍​បន្ទាន់​ជូន​លោក ចៅសង្កាត់ ឬ សាលាខណ្ឌ ដើម្បី​ចុះ​ពិនិត្យ និង​កែសម្រួល ។ ប៉ុន្តែ​បងប្អូន​ក៏ត្រូវ​តែ​ជួយ​សម្រួល​ដល់​អ្នកទទួល​ការ ដើម្បី​បំពេញការងារ​របស់ខ្លួន​ដោយ​ជោគជ័យ​ផងដែរ គឺ មិនត្រូវ​បង្ក​នូវ​ការរំខាន​ណាមួយ​នាំ​ឲ្យ​រាំងស្ទះ​ដល់​ដំណើរការ​អនុវត្ត គម្រោង​ឡើយ ។ ដោយឡែក មន្ត្រី​បច្ចេកទេស និង​មន្ត្រី​ពាក់ព័ន្ធ ត្រូវ​ពិនិត្យមើល​លើ​លក្ខណៈ​បច្ចេកទេស​ក្នុងករណី​ពិនិត្យ​មើលឃើញ​មាន​លក្ខណៈ​ណាមួយ​ខុសពី​បទដ្ឋាន​បច្ចេកទេស ត្រូវ​ឲ្យ​ក្រុមហ៊ុន​ធ្វើការ​កែតម្រូវ​ជាបន្ទាន់ ធ្វើយ៉ាងណា​អោយ​ស្ថាបនា​ប​ផ្លូវ​បានល្អ និង​ប្រើប្រាស់​បានយូរ​អង្វែង ។​

ដោយឡែក ពលរដ្ឋ​បាន​រៀបរាប់​ឲ្យ​ដឹងថា នៅក្នុង​ភូមិ​របស់​ពួកគាត់​បច្ចុប្បន្ន​សភាព​ផ្លូវ​លំបាក​ណាស់​ខ្លាំងណាស់ ខែប្រាំង​ក៍​លំបាក ខែវស្សា​ក៍​លំបាក​ដែរ ទៅណា​មក​ណា មិន​ចង់​កើត​នោះទេ ប៉ុន្តែ​រហូត​មក​ដល់ពេលនេះ ពួកគាត់​សង្ឃឹមថា លែង​លំបាក​ដូច​កាលពីមុន​ទៀតហើយ ដោយបាន​អាជ្ញាធរ​សង្កាត់​រលួស ជាពិសេស​អាជ្ញាធរ​ខណ្ឌ​ដង្កោ ស្ថាបនា​ជា​ផ្លូវ​បេតុង ៣​ខ្សែ​បន្ថែ​ទៀត ជូន​ពួកគាត់​ប្រើប្រាស់។​

ពលរដ្ឋ​លើកឡើង​បន្តថា បើ​បាន​ផ្លូវ​ស្អាត​ហើយ សូមជួយ​ដាក់​ប្រព័ន្ធ​បង្ហូរទឹក​បន្ថែម​ទៀតផង ពី​ពី​ព្រោះ​ថា នៅក្នុង​ភូមិ​របស់​ពួកគាត់​មិនទាន់មាន​ប្រព័ន្ធ​លូបង្ហូរទឹក​នោះទេ ដូច្នេះ​ពួកគាត់ សូម​ស្នើ​ទៅដល់​លោក​អភិបាលខណ្ឌ ជួយ​ដាក់​ប្រព័ន្ធ​បន្ថែមទៀត ដើម្បី​ឲ្យ​មាន​ប្រព័ន្ធ​លូបង្ហូរទឹក ជៀសវាង​មាន​ផ្លូវ​បេតុង​ល្អ​ស្អាត​ហើយ ប៉ុន្តែ​គ្មាន​ប្រព័ន្ធ​បង្ហូរ​លូបង្ហូរទឹក ក៏​មិនល្អ​ដែរ ពីព្រោះ ទឹក គឺជា​សត្រូវ​នឹង​ផ្លូវ ថ្នល់។​

សូមបញ្ជាក់​ឲ្យ​ដឹងថា នៅក្នុង​ពិធីបើកការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង​ទាំង ២​ខ្សែ​នេះ​ផងដែរ ក៏​មាន​ការ​ជួប​ជុំ​រៀបចំ​នំ​បញ្ចុក​សន្តិភាព ឯករាជ​ជាតិ សម្ល​ខ្មែរ បន្លែស្រស់ ដែល​មាន​រសជាតិ​ឆ្ងាញ់​ជូន​បងប្អូន​ប្រជា​ពលរដ្ឋ​ក្នុងភូមិ​ចូលរួម​ពិសា​ប្រកបដោយ​ភាព​សប្បាយ​រីករាយ​ឥតឧបមា៕

​ដោយ ៖ រ៉ា​វុ​ទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114