ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួងបរិស្ថាន ​បានចេញ​សេចក្ដីណែនាំ​ឲ្យ​ម្ចាស់​អាជីវ​កម្មដ្ឋាន​បញ្ឈប់​ជាបន្ទាន់ ការលក់​វត្ថុ​អនុស្សាវ​រីយ៍​ពាក់ព័ន្ធ​នឹង​សត្វព្រៃ​

ភ្នំពេញ​ ៖ ការលក់ដូរ​គ្រឿង​ចម្លាក់​ធ្វើ​ពី​ភ្លុក​ដំរី និង​កុយរមាស ឬ​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​រូបភាព​ផ្សេងទៀត ដែល​ពាក់ព័ន្ធ​នឹង​សត្វព្រៃ​នឹងត្រូវ​ផ្ដន្ទាទោស ព្រោះ​វា​ខុស​នឹង​ច្បាប់​ព្រៃឈើ និង​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងបរិស្ថាន​ដល់​ម្ចាស់​អាជីវ​កម្មដ្ឋាន​លក់​វត្ថុ​អនុស្សាវរីយ៍ ត្រូវ​បញ្ឈប់​ជាបន្ទាន់​។​

​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន កាលពី​ថ្ងៃទី​៣០​សីហា​នេះ បាន​បញ្ជាក់ថា ប្រសិនបើ​ម្ចាស់​អាជីវ​កម្មដ្ឋាន មាន​លាក់ទុក ឬ​លក់​វត្ថុ​អនុស្សាវរីយ៍​ធ្វើ​ពី​ភ្លុក​ដំរី និង​កុយរមាស​នេះ ត្រូវ​ប្រគល់ជូន​ដល់​សមត្ថកិច្ច ហើយ​ប្រសិនបើ​សមត្ថកិច្ច​រកឃើញ​ចាប់បាន​នឹង​ចាត់វិធានការ​ចំពោះ​ជនល្មើស​តាមច្បាប់​ជា​ចាំបាច់​នេះ​។

លោក​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​ព្រមាន​ថា ក្រសួងបរិស្ថាន​បាន​ជូនដំណឹង​រួចហើយ​ដល់​ម្ចាស់​អាជីវ​កម្មដ្ឋាន​លក់​វត្ថុ​អនុស្សាវរីយ៍​ចំនួន​៣២​កន្លែង នៅក្នុង​ខេត្តសៀមរាប និង​ខេត្ត​ព្រះសីហនុ អំពី​ការធ្វើ​ពាណិជ្ជកម្ម​គ្រប់រូប​ភាព​លើ​ភ្លុក​ដំរី និង​កុយរមាស គឺជា​អំពើ​ខុសច្បាប់​។

លោក​រដ្ឋលេខាធិការ​បន្ត​ថា ជំហាន​បន្ទាប់​ក្រសួងបរិស្ថាន​នឹង​ជូនដំណឹង​ដល់​ម្ចាស់​អាជីវ​កម្មដ្ឋាន​ពាក់ព័ន្ធ​នឹង​ការលក់​វត្ថុ​អនុស្សាវរីយ៍​ជា​គ្រឿង​ចម្លាក់​ពី​ភ្លុក​ដំរី និង​កុយរមាស ​ឬ​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​រូបភាព​ផ្សេងទៀត​ពាក់ព័ន្ធ​សត្វព្រៃ​នៅក្នុង​រាជធានី​ភ្នំពេញ និង​នៅ​ខេត្ត​មួយចំនួនទៀត​ដោយ​បាន​បញ្ជាក់​ថា ការធ្វើ​ពាណិជ្ជកម្ម​ដូចជា ការ​លក់ នាំចូល និង​នាំចេញ​នូវ​ទំនិញ​ដូចជា​ភ្លុក​ដំរី និង​កុយរ​មាស ឬ​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​រូបភាព​ផ្សេងទៀត​ពាក់ព័ន្ធ​នឹង​សត្វព្រៃ គឺជា​បទល្មើស​ព្រហ្មទណ្ឌ​ដោយ​អ្នកប្រព្រឹត្ត និង​អ្នក​ជាប់​ពាក់ព័ន្ធ​ត្រូវ​ផ្ដន្ទាទោស​ជាប់ពន្ធនាគារ និង​ត្រូវបាន​ចាត់​ចូល​ជា​ឧក្រិដ្ឋកម្ម​ដូច​មាន​ចែង​នៅក្នុង​ច្បាប់ ស្តីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​។ ជាងនេះទៀត ការកើត​មាននូវ​សកម្មភាព​ទាំង នេះ​នៅលើ​ទឹកដី​កម្ពុជា នឹង​ជះឥទ្ធិពល​អវិជ្ជមាន​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា ក្នុងនាម​ជា​រដ្ឋ​សមាជិក ​នៃ​អនុសញ្ញា ស្តីពី​ការធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ លើ​ប្រភេទ​សត្វព្រៃ និង​រុក្ខជាតិ​កំពុង​រងគ្រោះថ្នាក់ ក៏ដូចជា​ធ្វើ​ឲ្យ​ខូច​កិត្តិសព្ទ​របស់​កម្ពុជា​លើ​ឆាក​អន្តរជាតិ​។​

​របាយការណ៍​អង្កេត​ស្រាវជ្រាវ​យ៉ាង​ដិតដល់​របស់​កម្លាំង​មាន​សមត្ថកិច្ច​នាពេល​ថ្មីៗ​នេះ បាន​បង្ហាញ​ថា ហាង​លក់​វត្ថុ​អនុស្សាវរីយ៍​មួយចំនួន​មាន​លក់​គ្រឿង​ចម្លាក់​ពី​ភ្លុក​ដំរី និង​កុយរមាស​ដែល​ច្បាប់​ហាមឃាត់ ហើយ​កន្លងមក​អាជ្ញា​ធរមាន​សមត្ថកិច្ច​កម្ពុជា​ក៏បាន​ចាប់​ឃាត់​ភ្លុក​ដំរី កុយរមាស និង​គ្រឿង​ចម្លាក់​ពី​ភ្លុក​ដំរី កុយរមាស ដែល​លួច​នាំចូល​ក្នុងប្រទេស​ក​ម្ពុ​ជា និង​លួច​នាំ​ចេញទៅ​ក្រៅ​ប្រទេស​ជាច្រើន​ករណី​។ ជាក់ស្តែង​ចាប់ពី​ឆ្នាំ​២០១៦ រហូតមក​ទល់នឹង​ចុងឆ្នាំ​២០១៨ ភ្លុក​ដំរី និង​កុយរមាស​ជាច្រើន​ពាន់​ដុំ​មាន​ទម្ងន់​សរុប​ប្រមាណ​ជាង​៥​តោន ត្រូវបាន​អាជ្ញាធរ​កម្ពុជា​បង្ក្រាប​។ ក្រៅពីនោះ​ក៏មាន​ស្រកាពង្រូល និង​ឆ្អឹង​សត្វព្រៃ​ផ្សេងទៀត ដែល​ត្រូវបាន​អាជ្ញាធរ​បង្ក្រាបបាន​ផង​ដែរ​។ ពាក់ព័ន្ធ​ករណីនេះ បរទេស​មួយចំនួន​បានស្នើ​សុំ​ឲ្យ​មានការ​ដុត​បំផ្លាញចោល​នូវ​វត្ថុ​ដ៏​មានតម្លៃ​ទាំងនេះ ប៉ុន្តែ​កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៧ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ណែនាំ​ឱ្យ​សមត្ថកិច្ច​ត្រូវ​រក្សាទុក​នូវ​ភ្លុក​ដំរី កុយរមាស និង​សំណាក​សត្វ​កម្រ​ដទៃទៀត​ដែល​កម្លាំង​សមត្ថកិច្ច​កម្ពុជា​បង្ក្រាប​បាន​រក្សាទុក ដើម្បី​ដាក់តាំង​ពិ​ព័រ​ណ៌​សម្រាប់​សាធារណជន​ទស្សនា និង​សម្រាប់​បម្រើ​ឲ្យ​ការសិក្សា​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ផង​ដែរ ព្រោះនេះ​គឺជា​របស់​កម្រ ហើយ​វា​ជា​របស់​ដែល​វា​ជិត​ដាច់​ពូជ​ទៀត​ផង​។ បច្ចុប្បន្ន​ភ្លុក​ដំរី និង​កុយរមាស រួម​នឹង​សំណាក​សត្វ​កម្រ​ផ្សេងទៀត​ត្រូវ​បាន​រក្សាទុក​នៅ​កន្លែង​ដ៏​មាន​សុវត្ថិភាព​បំផុត​៕

ដោយ ៖ សុង​យោ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114