ព័ត៍មានទាន់​ហេតុការណ៏
Search

កម្ពុជា មាន​ប្រវត្តិ​ជួប ហុងកុង ៥​ដង និង​រង​បរាជ័យ​ទាំង ៥​ដង មុន​តតាំង​ម្ដងទៀត​ក្នុង​វគ្គ​ជម្រុះ​បាល់ទាត់​ពិភពលោក

​ក្រុមបាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ត្រូវ​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​ជុំ​ទី​២ ពានរង្វាន់​បាល់ទាត់​ពិភពលោក ឆ្នាំ២០២២ សម្រាប់​ប្រទេស​ប្រចាំ​ទ្វីបអាស៊ី ( 2022 FIFA World Cup qualification-AFC ) និង​វគ្គ​ជម្រុះ​ពានរង្វាន់​ជើងឯក​ទ្វីប​អាស៊ី ( 2023 AFC Asian Cup qualification ) ពូ​ល C ជាមួយ​កោះ​ហុងកុង​, បារ៉ែន​, អ៊ីរ៉ាក់ និង​អ៊ីរ៉ង់ ចាប់ពី​ដើមខែ​កញ្ញា តទៅ​។

ខណៈ​ជាមួយគ្នា​ផង​ដែរ នៅ​ក្នុង​ពូ​ល C នេះ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា មាន​ប្រវត្តិ​ជួប​ក្រុមបាល់ទាត់​ជម្រើស​កោះ​ហុងកុង ៥​ដង ស្រប​ពេល​ដែល​លទ្ធផល កម្ពុជា ចាញ់​ទាំង ៥​ដង​។​

យោង​តាម​ទិន្នន័យ​ប្រវត្តិសាស្ត្រ​បានបង្ហាញ​ថា កម្ពុជា បាន​ជួប ហុងកុង លើកដំបូង​កាលពី​ឆ្នាំ​១៩៥៧ ពោល​គឺ​ប្រកួត​ដំបូង​នៅ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​១៩៥៧ ហុងកុង បាន​យកឈ្នះ កម្ពុជា ៦-២ មុននឹង​ប្រកួត​ទី​២ ជួបគ្នា​នៅ​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​១៩៩៩ ហុងកុង បន្ត​ឈ្នះ កម្ពុជា ៤-១ ខណៈ​ប្រកួត​ទី​៣ នៅ​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​១៩៩៩ ដដែល កម្ពុជា ចាញ់ ហុងកុង ០-១ មុននឹង​ឆ្នាំ​២០១៦ កន្លងទៅ​ថ្មីៗ​នេះ នា​ថ្ងៃទី​០១ ខែកញ្ញា ហុងកុង ឈ្នះ កម្ពុជា ៤-២ និង​ប្រកួត​ចុងក្រោយ កម្ពុជា បន្ត​ចាញ់ ហុងកុង ០-២​។

ដោយឡែក​ក្រុម​រួម​ពូ​ល ៣​ផ្សេងទៀត រួមមាន​បា​រ៉ែ​ន​, អ៊ីរ៉ាក់ និង​អ៊ីរ៉ង់ ពុំ​ដែល​មាន​ប្រវត្តិ​ជួប​គ្នា​ទាល់តែសោះ​ចាប់​តាំង​ពី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៣៣ និង​ចាប់ផ្ដើម​ក្លាយជា​សមាជិក​សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក (FIFA) ប្រកួត​លើ​ឆាក​អន្តរជាតិ ពី​ឆ្នាំ​១៩៥៣ មក​។

យ៉ាងណា​ប្រទេស​ទាំង ៣​ខាងលើ​នេះ នឹង​បង្កើត​ប្រវត្តិសាស្ត្រ​នៅក្នុង​ឆ្នាំ​២០១៩ និង​ឆ្នាំ​២០២០​នេះ ពោលគឺ ជួប​បា​រ៉ែ​ន នៅ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៩ បន្ទាប់​មក​ជួប អ៊ីរ៉ង់ នៅ​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ២០១៩ និង​បន្ទាប់​មក​ទៀត នៅ​ថ្ងៃទី​១៥ ខែតុលា នៅ​ឆ្នាំ​២០១៩ ជាមួយ​អ៊ីរ៉ាក់ បន្ទាប់​ប្ដូរ​ជើង​គ្នា​វិញ​ម្ដង​ដោយ​ត្រូវ​ប៉ះ បា​រ៉ែ​ន នៅ​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២០ អ៊ីរ៉ង់ នៅ​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២០ និង​ចុងក្រោយ​ជួប អ៊ីរ៉ាក់ នៅ​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០២០​។

បញ្ជាក់​ជាថ្មី​ថា ជំនួប​បើកឆាក កម្ពុជា ត្រូវ​ប៉ះ​ជាមួយ ហុងកុង ផ្ទាល់​នៅ​ថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ពហុ​កីឡដ្ឋាន​ជាតិ រាជធានី​ភ្នំពេញ មុននឹង​បន្ត​ទទួល​ជំនួប​ទី​២ ជាមួយ បា​រ៉ែ​ន នៅ​ថ្ងៃ​ទី​១០ ខែ​ដដែល ការប្រកួត​ទាំងនេះ​ក៏​នឹងមាន​ការផ្សាយ​ផ្ទាល់​តាមរយៈ​ស្ថានីយទូរទស្សន៍ BTV News ផងដែរ៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114