ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​មហា​ធៀ មហាម៉ាត់ ៖ ការ​រីកចម្រើន​របស់​រាជធានី​ភ្នំពេញ ជា​សញ្ញា​នៃ​វិបុលភាព​

ភ្នំពេញ ​៖ ​លោក មហា​ធៀ មហាម៉ាត់ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​រីកចម្រើន​ដ៏​ឆាប់រហ័ស​របស់​រាជធានី​ភ្នំពេញ​តាមរយៈ​នៃ​ការ​មកកាន់​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​៣​លើក​កន្លងមក​។

លោកនាយក​រដ្ឋមន្ត្រី​ដែល​មាន​វ័យ ៩៤​ឆ្នាំ​រូបនេះ​បាន​ថ្លែង​កត់សំគាល់​ពី​ការរីកចម្រើន​របស់​រា​ជ​ធានី​ភ្នំពេញ​ថា​ដូចជា​បណ្តា ប្រទេស​រីកចំរើន​ធំៗ​ជាពិសេស​មាន​អគារ​ធំៗ​ជាច្រើន​។

លោក មហា​ធៀ មហាម៉ាត់ បាន​ថ្លែង​បែបនេះ​នៅមុន​ពិធី​បាឋកថា​ពិសេស​ស្តីពី «​ការ​រក្សា​តុល្យភាព​ទំនាក់ទំនង​ជាមួយ​ប្រទេស​មហាអំណាច​នៅក្នុង​បរិបទ​អាស៊ាន​» (Balancing Relations with the Superpowers in the context of ASEAN)» ដែល​ធ្វើឡើង​នៅ មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា – កូរ៉េ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ដែលជា​កន្លែង​ដែល​និស្សិត​និង​និស្សិត​វ័យក្មេង​កម្ពុជា​ប្រមាណ​ជិត ១,០០០ នាក់​មានឱកាស​ចូលរួម​ក្នុងការ​ពិភាក្សា​ពិសេស​ជាមួយ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី
​លោក​បណ្ឌិត មហា​ធៀ មហាម៉ាត់ បានកត់សម្គាល់​ពី​ការរីកចម្រើន​របស់​រា​ជ​ធានី​ភ្នំពេញ​ថា​ដូចជា​បណ្តា​ប្រទេស​ធំៗ​ជាពិសេស​អគារ​ធំៗ​ជាច្រើន។

លោក​គូស​បញ្ជាក់​ថា លោក​ធ្លាប់​មកកាន់​រាជធានី​ភ្នំពេញ​បី​ដង​រួចមក​ហើយ​ ដោយ​លើក​នេះ​លោក​មើលឃើញថា​ភ្នំពេញ​ជា​ក្រុង​ដ៏​មមាញឹក​មួយ​មាន​ផ្សារ​ទំនើប​ច្រើន និង​មនុស្ស​ច្រើន។ ​លោក​បន្ត​ថា «​នេះ​ជាស​ញ្ញា​នៃ​វិបុលភាព​។​ ខ្ញុំ​ជឿជាក់​ថា ​វា​កើតចេញពី​ប្រជាជន​ដែល​ព្យាយាម​ធ្វើការ​និង​មាន​ជំនាញ​ខ្ពស់​ក្នុង​ការកសាង​រាជធានី​ភ្នំពេញ​និង​កម្ពុជា​ឡើងវិញ​»។

លោក មហា​ធៀ មហាម៉ាត់ ធ្លាប់​មក​កម្ពុជា​លើក​ចុងក្រោយ​កាលពី​ឆ្នាំ ២០០៦ បន្ទាប់ពី​រូប​លោក ទើប​ចប់​អាណត្តិ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​បាន​ជាង​១​ឆ្នាំ។

នៅ​ក្នុង​ការ​បទ​ឧទ្ទេស​នាម​ពិសេស​ស្តី​ពី ​« ការ​រក្សា​តុល្យភាព​ទំនាក់ទំនង​ជាមួយ​ប្រទេស​មហា​អំណាច​នៅ​ក្នុង​បរិបទ​អាស៊ាន​» (Balancing Relations with the Superpowers in the context of ASEAN)» លោក មហា​ធៀ បាន​ថ្លែង​បើក​ដែល​មាន​រយៈពេល​ប្រមាណ​ជាជាង ១០ នាទី ហើយ​បានផ្តល់​វេទិកា​ទៅកាន់​អ្នកចូលរួម​ដើម្បី​សួរ​នូវ​សំណួរ​ផ្សេងៗ​ទាក់​ទង​ទៅ​និង​ប្រធានបទ​ខាងលើ ដែលមាន​រយៈពេល​ប្រមាណ​ជាជាង ៤០ នាទី។

លោក មហា​ធៀ មហាម៉ាត់ បាន​ក្លាយជា​សមាជិកសភា​នៃ​ប្រទេស​ម៉ាឡេស៊ី​សម្រាប់​មណ្ឌលបោះឆ្នោត​ឡាំង​កា​វ៉ា នៅ​កេ​ដា​ដា ។ ក្នុង​ឆ្នាំ ១៩៧៦ លោក​បាន​តែង​តាំង​ធ្វើជា​ឧបនាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី។ រហូតដល់​ឆ្នាំ ១៩៨១ បន្ទាប់ពី​លោក ហូ​សែន អន (Hussein Onn) ប្រកាស​លាលែង​ពី​ដំណែង លោក មហា​ធៀ ស្បថ​ចូលកាន់​ដំណែង​ជា​នាយករដ្ឋមន្ត្រី​ទី​បួន​របស់​ប្រទេស​ម៉ាឡេស៊ី រហូតដល់​ឆ្នាំ​២០០៣ ដែល​ធ្វើ​ឲ្យ​លោក​ក្លាយ​ជា​អ្នក​កាន់​តំណែង​នេះ​យូរ​ជាងគេ​នៅ​ប្រទេស​ម៉ាឡេស៊ី។ អាជីព​នយោបាយ​របស់​លោក មហា​ធៀ​មាន​រយៈពេល​ជាង​៧០​ឆ្នាំ​រាប់​ចាប់តាំងពី​លោក​បាន​ចូលរួម​ជា​លើកដំបូង​ជាមួយ​គណបក្ស UMNO ដែល​ទើប​បង្កើត​ថ្មី​នៅ​ឆ្នាំ ១៩៤៦ ក្រោយមក​ទើប​លោក​បង្កើត​គណបក្ស​ផ្ទាល់ខ្លួន​គឺ​គណបក្ស Parti Pribumi Bersatu Malaysia (​គណបក្ស​ជនជាតិភាគតិច​ម៉ាឡេស៊ី​) ក្នុង​ឆ្នាំ​២០១៦​។

ក្នុងអំឡុងពេល​លោក​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​លើក​ទី​មួ លោក​បាន​ធ្វើ​ឲ្យ​ប្រទេស ម៉ាឡេស៊ី ទទួល​នូវ​បទពិសោធន៍​នៃ​ការធ្វើ​ទំនើបកម្ម និង កំណើនសេដ្ឋកិច្ច​យ៉ាង​ឆាប់រហ័ស​ហើយ​រដ្ឋាភិបាល​របស់លោក​បាន​ផ្ដួចផ្ដើម​គម្រោង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​ជាច្រើន ។ លោក​គឺជា​ឥស្សរជន​នយោបាយ​ដ៏​លេចធ្លោ​ម្នាក់​ដែល​បានឈ្នះ​ការបោះឆ្នោត​សកល​ជាប់ៗ​គ្នា​ចំនួន​ប្រាំ​លើក និង យកឈ្នះ​លើ​គូប្រជែង​ជា​បន្តបន្ទាប់​ក្នុងនាម​ជា​មេដឹកនាំ​បក្ស UMNO​។ ទោះជា​យ៉ាងណាក៏ដោយ​ការប្រមូលផ្ដុំ​អំណាច​ក្នុង​រយៈពេល​ដ៏​យូរ​នៃ​ការ​កាន់អំណាច​របស់លោក បានធ្វើ​ឲ្យ​ប្រព័ន្ធតុលាការ​បាត់​បង់ឯក​រាជ្យ និង បង្កើតជា​អំណាច​បែប​ប្រពៃណី​លេចឡើង​ក្នុងប្រទេស​ម៉ាឡេស៊ី​។

បន្ទាប់ពី​ចុះចេញ​ពី​ដំណែង​ជា​នាយករដ្ឋមន្ត្រី​លោក មហា​ធៀ បាន​ក្លាយជា​អ្នក​រិះគន់​ដ៏​សកម្ម​ម្នាក់ ទៅលើ​នៃ​នាយករដ្ឋមន្ត្រី​ដែល​ស្នង​តំណែង​បន្ត​ពី​លោក​គឺ​លោក អាប់​ដុល្លា​ហ អា​ម៉ា​ដ បា​ដាវី (Abdullah Ahmad Badawi)​និង​លោក ណា​ជីប រ៉ា​ហ្សា​ក់ (Najib Razak)​។ នៅ​ថ្ងៃទី​២៩ ខែកុម្ភៈ ឆ្នាំ​២០១៦ លោក មហា​ធៀ​បាន​ចាក​ចេញពី​បក្ស UMNO ដោយ​យល់ថា​បក្ស​នេះ​បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​សកម្មភាព​របស់​នាយក​រដ្ឋមន្ត្រី ណា​ជីប រ៉ា​ហ្សា​ក់។

នៅ​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៦ គណបក្ស​ជនជាតិ​ដើម​ភាគតិច​ម៉ាឡេស៊ី​ត្រូវ​បាន​ចុះបញ្ជី​ជា​គណបក្ស​នយោបាយ​ជា​ផ្លូវការ​ដោយមាន​លោក​ផ្ទាល់​ជា​ប្រធាន​។​ នៅ​ថ្ងៃ​ទី​៨ ខែមករា​ ឆ្នាំ​២០១៨ លោក​ត្រូវ​បាន​ប្រកាស​ថា ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​សម្រាប់​ការបោះឆ្នោត​សកល​ឆ្នាំ​២០១៨​។

បន្ទាប់ពី​ជ័យជម្នះ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ ២០១៨ លោក មហា​ធៀ បាន​ស្បថ​ចូលកាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​នៅ​យប់​ថ្ងៃទី ១០ ខែឧសភា ឆ្នាំ​២០១៨ ក្នុង​វ័យ​៩៣​ឆ្នាំ ធ្វើ​ឲ្យ​លោក​ក្លាយជា​មេដឹកនាំ​ដែលមាន​វ័យ​ចំណាស់​ជាងគេ​លើ​ពិភពលោក។ លោក​ក៏​ជា​នាយករដ្ឋមន្ត្រី​ដំបូង​គេ​នៅ​ម៉ាឡេស៊ី​ដែល​ធ្លាប់​កាន់​គណបក្ស​ពីរ​ផ្សេងគ្នា​៕
ណា រី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114