ព័ត៍មានទាន់​ហេតុការណ៏
Search

​ក្រុម Arsenal​ទប់​បាន​លទ្ធផល​ស្មើ​២-២​ជាមួយ​ក្រុម​ភ្ញៀវ Spurs​នៅ Premier League

​ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang និង Alexandre Lacazette របស់​ក្រុម​កាំភ្លើង​ធំ Arsenal រកបាន​ម្នាក់​១​គ្រាប់ ពេលដែល​ពួកគេ​ទប់​បាន​លទ្ធផល​ស្មើ​២-២​ជាមួយ​ក្រុម​ភ្ញៀវ​មាន់​ខ្នាយ​មាស Spurs​នៅ​ការប្រកួត Premier League​កាលពី​ថ្ងៃអាទិត្យ​។

កីឡាករ Christian Eriksen របស់​ក្រុម Spurs​រកបាន​គ្រាប់​បាល់​នាំ​មុខមុន ក្រោយ​ការលេង​យ៉ាង​ល្អ​ពី​កីឡាករ Son Heung-min ធ្វើ​ឲ្យ​កីឡាករ Erik Lamela ស៊ុត​បាល់​ចំ​អ្នកចាំទី Bernd Leno។

ក្រុម Arsenal​គ្រប់គ្រង​បាល់​បាន​ច្រើន ប៉ុន្តែ​ក្រុម Spurs​ក៏​លេង​មិន​អន់​នោះ​ដែរ ក្រោយពេល​សម្រាក​តង់​ទី​១ ហើយ​អ្នកចាំទី Leno ធ្វើ​ការងារ​ច្រើន​នៅក្នុង​ការប្រកួត​មួយ​នេះ ពី​ការ​ស៊ុត​បាល់​របស់​កីឡាករ Kane និង​កីឡាករ Eriksen មុន​ពេលដែល​ក្រុម Spurs​រកបាន​បាល់​ប៉េ​ណា​ល់​ទី ដោយសារតែ​កីឡាករ Granit Xhaka បង្កកំហុស​មកលើ​កីឡាករ Son។

កីឡាករ Kane ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​បានសម្រេច​នៅ​នាទី​៤០ ដើម្បី​ធ្វើ​ឲ្យ​ក្រុម Spurs​ឆ្ពោះ​ដំណើរ​ទៅរក​ជ័យជំនះ​លើកដំបូង​របស់ខ្លួន​នៅ​ក្រុម League មក​លើ​គូប្រកួត​ស្លាប់​រស់​មួយ​នេះ ក្នុង​រយៈពេល​៩​ឆ្នាំ កន្លងមកនេះ ប៉ុន្តែ​កីឡាករ Lacazette កាត់បន្ថយ​ឱនភាព​វិញ​មុនពេល​សម្រាក​ការប្រកួត​តង់​ទី​១ ក្រោយពី​ការបញ្ជូន​បាល់​យ៉ាង​ល្អ​ពី​កីឡាករ Nicolas Pepe។

កីឡាករ Kane ប្រុង​រកបាន​៣​ពិន្ទុ​សម្រាប់​ក្រុម Spurs​ទៅហើយ ពេល​ដែល​ការ​ស៊ុត​បាល់​របស់​គាត់​ប៉ះចំ​បង្គោល​ទី ប៉ុន្តែ​ក្រុម​Arsenal​ ចាប់​ផ្តើម​លេង​ខ្លាំង​វិញ ពេល​ដែល​ខ្សែបម្រើ​សញ្ជាតិ​អេ​ស្ប៉ា​ញ Dani Ceballos ចូល​លេង​ជា​កីឡាករ​បម្រុង ហើយ​អ្នកចាំទី Hugo Lloris ធ្វើ​បាន​យ៉ាង​ល្អ​បំផុត​។

គ្រាប់​បាល់​ស្មើ បាន​កើតមានឡើង ពេល​ដែល​ខ្សែប្រយុទ្ធ​សញ្ជាតិ​កា​បុ​ង Aubameyang
​ស៊ុត​បាល់​មួយ​ជើង​ផុតដៃ​អ្នកចាំទី ពី​ការបញ្ជូន​បាល់​យ៉ាង​ល្អ​ពី​កីឡាករ Matteo Guendouzi នៅ​នាទី​៧១ ដែលជា​គ្រាប់​បាល់​ទី​៤៣​របស់គាត់​នៅ​៤​ប្រកួត​ក្នុង Premier League​នា​រដូវ​កាល​នេះ​៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114