ព័ត៍មានទាន់​ហេតុការណ៏
Search

​កីឡាករ Bale​ទទួលបាន​កាត​ក្រហម ពេលដែល​ក្រុម Real Madrid​ទាត់​ស្មើ​ជាមួយ​ក្រុម Villarreal​នៅ La Liga

​កីឡាករ Gareth Bale រកបាន​២​គ្រាប់​ម្នាក់ឯង ពេលដែល​ក្រុម Real Madrid​ទាត់​ស្មើ ២-២​ជាមួយ​ក្រុម Villarreal​នៅ La Liga​កាលពី​ថ្ងៃអាទិត្យ ប៉ុន្តែ​ខ្សែប្រយុទ្ធ​វែ​លស៍​ម្នាក់នេះ បាន​បញ្ចប់​រា​ត្រី​ដ៏​អស្ចារ្យ​របស់គាត់​ជាមួយនឹង​ភាព​អស់សង្ឃឹម ពេលដែល​គាត់​ត្រូវបាន​អាជ្ញាកណ្តាល​បណ្តេញ​ចេញពី​ការប្រកួត​នៅ​ម៉ោង​បន្ថែម​សម្រាប់​ការទទួលបាន​កាត​លឿង​២​លើក​រួចមក​នោះ​។

ក្រុម Real Madrid​លេង​ខ្សោយ​ខ្លាំងណាស់ ដោយសារតែ​កីឡាករ​ប្រយុទ្ធ​៦​នាក់​របស់​ពួកគេ បាន​រងរបួស ហើយ​និង​តាម​ពីក្រោយ​គេ​ទៅហើយ​នៅ​នាទី​១១ ពេលដែល​ប្រធាន​ក្រុម Sergio Ramos បាត់បង់​ការគ្រប់គ្រង​បាល់​នៅ​លី​ញ​របស់​ខ្លួនឯង ហើយ​ក្រុម Villarreal បាន​ទម្លុះ​ភាពទាល់ច្រក​ភ្លាមៗ ដោយ​កីឡាករ Gerard Moreno ជា​អ្នក​ស៊ុត​បាល់​ផ្លាត​។​

កីឡាករ Bale តាម​បាន​ស្មើ​វិញ​នៅ​ម៉ោង​បញ្ចប់​ការប្រកួត​ក្នុង​តង់​ទី​១ ក្រោយពី​ការបញ្ជូន​បាល់​យ៉ាង​ល្អ​ពី​កីឡាករ Dani Carvajal ប៉ុន្តែ​ក្រុម Villarreal បានធ្វើការ​នាំមុខ​ទៀត នៅ​នាទី​៧៤ ពី​ការ​ស៊ុត​បាល់​របស់​កីឡាករ Moi Gomez ក្រោយ​ពេលដែល​គ្រាប់​បាល់​របស់​កីឡាករ Karim Benzema ត្រូវបាន​ច្រានចោល​ដោយសារតែ​បាល់​អក​ហ្ស៊ើ​នោះ​។​

កីឡាករ Bale មាននូវ​ប្រវត្តិ​ជោគជ័យ​បំផុត​មួយ ពេល​ប៉ះ​ជាមួយ​ក្រុម Villarreal ដោយ​រូបលោក ក៏​ធ្លាប់​រកបាន​គ្រាប់​បាល់​ផងដែរ នៅ​ការ​បង្ហាញខ្លួន​លើកដំបូង​របស់លោក​ជាមួយ​ក្រុម Real Madrid​កាលពី​ឆ្នាំ​២០១៣ ក្រោយ​បញ្ចប់​ការផ្ទេរ​ក្នុងតម្លៃ​១០០​លាន​អឺរ៉ូ ចេញពី​ក្លិប Spurs ហើយ​និង​រកបាន​គ្រាប់​បាល់​ទៀត​អំឡុង​ជ័យជំនះ​៣-២​កាលពី​ឆ្នាំ​២០១៧ និង​អំឡុងពេល​ទាត់​ស្មើ​២-២​កាលពី​ឆ្នាំ​២០១៨​។

គាត់​បានធ្វើ​ឲ្យ​ក្រុម Real Madrid​ដកខ្លួន​ផុតពី​បញ្ហា​ជាថ្មី​ម្តងទៀត ជាមួយនឹង​ការ​ស៊ុត​បាល់​ទាប​នៅ​នាទី​៨៨ ប៉ុន្តែ​នៅ​ទីបំផុត​បែរជា​លោក​ត្រូវបាន​អាជ្ញាកណ្តាល​បណ្តេញ​ចេញពី​ការប្រកួត​បែបនេះ​ទៅវិញ​នៅ​ម៉ោង​បញ្ចប់​ការប្រកួត​។

ក្រុម Real Madrid​រកបាន​៥​ពិន្ទុ​ពី​៣​ប្រកួត​បើកឆាក​ដំបូង​របស់​ពួកគេ ពោលគឺ​មាន​១​ពិន្ទុ​ច្រើនជាង​ក្រុម​ជើងឯក Barcelona ប៉ុន្តែ​ក្រុម​របស់លោក Zinedine Zidane មាន​រហូតដល់​ទៅ​៤​ពិន្ទុ​តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Atletico Madrid ដែល​បានឈ្នះ​ទាំង​៣​ប្រកួត​របស់​ពួកគេ​៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114