ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នក​ជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​ កំពុង​ដំណើរការ​រុះរើ​សំណង់​ប្រាសាទ​ទន្លេស្ងួត ​ដើម្បី​ជួសជុល​អភិរក្ស​ឡើងវិញ

សៀមរាប ​៖​ ប្រាសាទទន្លេស្ងួត គឺជា​មន្ទីរពេទ្យ​បុរាណ​កសាងឡើង​ក្នុង​រាជ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ នា​ចុង​ស​.​វ​.​ទី​១២ និង​ដើមទី​១៣​។ បច្ចុប្បន្ន ប្រាសាទ​នេះ​រង​នូវ​ការខូចខាត​ជាខ្លាំង ដែល​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​កាត់​យកចេញ​នូវ​ដើមឈើ​ដែល​ដុះ​លើ​តួ​ប្រាសាទ និង​ដំណើរ​ការរុះរើ​ថ្ម​ប្រាសាទ​ទន្លេស្ងួត ដើម្បី​ធ្វើការ​អភិរក្ស​និង​ជួសជុល​ពង្រឹង​ឡើងវិញ​។

តាម​ការបញ្ជាក់​របស់​លោក ជា សា​រិ​ទ្ធិ ប្រធាន​ការដ្ឋាន​ជួសជុល​ប្រាសាទ​ទន្លេ​ស​ស្ងួត​និង​ជា​បុរាណ​វិទូ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ ​និង​បុរាណវិទ្យា​បង្ការ​ឲ្យ​ដឹងថា ប្រាសាទ​នេះ​មាន​ស្ថានភាព​ទ្រុឌទ្រោម​ខ្លាំង ដោយសារ​ទឹក រុក្ខជាតិ គុណភាព​សម្ភារៈ និង​អាយុកាល​របស់​សំណង់​។ ថ្ម​គ្រឹះ​ពុកផុយ ស្រុត និង​តួ​ប្រាសាទ​ទ្រេត​ខ្លាំង ថ្ម​ជញ្ជាំង​រំកិល​ចេញពី​ទីតាំង​ដើម និយាយ​រួម គឺ​ប្រាង្គ​ប្រាសាទ​បាត់បង់​លំនឹង​ស្ទើរតែ​ទាំងស្រុង​។

យោង​តាម​អនុសាសន៍​ក្រុម​អ្នកជំនាញ ad hoc របស់​អង្គការ​យូណេស្កូ (UNESCO) ក្នុង​កិច្ចប្រជុំ ICC- Angkor នា​សម័យប្រជុំ​បច្ចេកទេស​លើក​ទី​២៩ កាលពី​ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៧ ត្រង់ចំណុច​ទី​១០ តម្រូវ​ឲ្យ​ធ្វើការ​រុះរើ​ថ្ម​ប្រាសាទ​ទាំងស្រុង ដើម្បី​ជួសជុល​ពង្រឹង​គ្រឹះ បន្ទាប់មក​ត្រូវ​រៀប​ផ្គុំ​ប្រាង្គ​ប្រាសាទ​ទន្លេស្ងួត​ឡើងវិញ (Anastylosis)​។

លោក ជា សា​រិ​ទ្ធិ ក៏បាន​បញ្ជាក់​បន្ថែមថា មានតែ​វិធី​នេះ​ម្យ៉ាង​គត់ ដើម្បី​អភិរក្ស​និង​ជួសជុល​ប្រាសាទ​ទន្លេស្ងួត ដែល​រង​នូវ​សភាព​ទ្រុឌទ្រោម​ខ្លាំង​។ ក្នុងនោះដែរ ដំណើរ​អភិរក្ស​ដំណាក់កាល​ទី​១ ផ្តោត​លើ​ការចុះបញ្ជី​ថ្ម​រាយប៉ាយ ស្វែងរក​ថ្ម​បាត់ និង​រៀប​សាកល្បង កំណាយ​សម្អាត​កំណ​កដី សម្រង់​ប្លង់ ដកយក​ចេញ​ដើមឈើ​លើ​ប្រាសាទ និង​រុះរើ​ថ្ម ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​២០១៩ ហើយ​រូបរាង​នៃ​ប្រាង្គ​ប្រាសាទ​ក៏​នឹង​លេច​រូបរាង​ឡើងវិញ​ជាថ្មី​នៅ​ចុងឆ្នាំ​២០២០​ផងដែរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114