ព័ត៍មានទាន់​ហេតុការណ៏
Search

ម៉ូតូ​២​គ្រឿង​បុក​គ្នា​ពីក្រោយ ​ស្លាប់​ម្នាក់ ​រងរបួស​២​នាក់ ​ទាំង​កណ្តាល​អធ្រាត្រ

ភ្នំពេញ ​៖ ​បុរស​​​ជា​ជាង​ផ្សារដែក​ម្នាក់​ បើក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ ពណ៌​ខ្មៅ​ ស៊េរី​២០១៨​ មិនបាន​ប្រយ័ត្ន​ ក៏​ជ្រុល​បុក​នឹង​ម៉ូតូ​ម៉ន​ស្ទើ​មី​នី​ពីក្រោយ​ បណ្តាលឲ្យម្ចាស់​ម៉ូតូ​ហុងដា​ឌ្រី​ម​ស្លាប់​បាត់​បង់ជីវិត​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ​រីឯ​២​នាក់​ទៀត​រងរបួស​បែ​កមុខ​បែក​មាត់​ កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ ​ឈានចូល​ថ្ងៃទី​០៣ ​ខែ​កញ្ញា ​ឆ្នាំ​២០១៩​ តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥​ នៅ​ចំណុច​ជិត​ប៉ុស្តិ៍​ស្វាយប៉ាក ​ស្ថិតនៅក្នុង​សង្កាត់​ស្វាយប៉ាក​ ខណ្ឌ​ឫស្សី​កែវ។

ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ​ងិន សា​រ៉ាវុធ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​ជាង​ផ្សារដែក ស្នាក់​នៅ ភូមិ​ផ្សារ​លិច​ សង្កាត់​ព្រែកព្នៅ ខណ្ឌ​ព្រែកព្នៅ មាន​ស្រុកកំណើត​នៅ ភូមិ​ធ្លក យុល ឃុំ​ពន្លៃ ស្រុក​អង្គរបុរី ខេត្តតាកែវ។

តាម​ប្រភព​ព័ត៌មាន​ពី​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានឲ្យដឹងថា ​មុនពេល​កើតហេតុ​ខាងលើនេះ​គេ​បានឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ ពណ៌​ខ្មៅ​ ស៊េរី​២០១៨​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1GX1706​ បើកបរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​០៥ ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ ខណៈ​មកដល់​ចំណុចកើតហេតុ​ ក៏​ស្រាប់​តែមាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​ម៉ន​ស្ទើ​មី​នី​ ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​កណ្តាល​1J9067​ បើកបរ​ស្រប​ទិស​គ្នា​ ជិះ​គ្នា​២​នាក់​ ដោយ​អែប​ស្តាំ​ដៃ ​ដើម្បី​ចូល​ទៅ​ទិញ​បាយ​ហូប​ ក៏​ធ្វើឲ្យ​រងគ្រោះ​ជ្រុល​បុក​គូទ​ក្រោយ​ចំ​ពេញទំហឹង​ដួល​រងរបួស​បែក​មុខ​បែក​មាត់​២​នាក់ ​រីឯ​ម្ចាស់​ម៉ូតូ​វិញ​គាត់​បាន​បោក​ក្បាល​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​ផ្ទាល់​តែម្ដង។ ​​​ភាគី​ម្ខាង​ទៀត​រត់គេចខ្លួន​បាត់ស្រមោល បន្ទាប់មក​ក៏មាន​វត្តមាន​របស់​សមត្ថកិច្ច​ប៉ុស្តិ៍​ស្វាយប៉ាក​មក​ដល់​កន្លែង​កើត​ហេតុ ​និង​បានធ្វើការ​ស្រាវជ្រាវ​រក​លេខ​ទូរស័ព្ទដៃ​របស់​ក្រុមគ្រួសារ​សព​ ដើម្បី​មក​ទទួល​យក​ទៅធ្វើ​បុណ្យ​ ហើយ​បាន​មួយសន្ទុះ​ក្រោយ​ ក៏មាន​ប្រពន្ធ​ បងស្រី ​និង​ឪពុក​បាន​មកដល់​កន្លែង​កើតហេតុ​យំ​បោក​ខ្លួន​នៅ​កន្លែងកើតហេតុ។

ក្រោយពេល​កើតហេតុ​ខាងលើនេះ​ ម៉ូតូ​ភាគី​ទាំងសងខាង ​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ​រីឯ​សព​របស់​ជនរងគ្រោះ​ ត្រូវបាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114