ព័ត៍មានទាន់​ហេតុការណ៏
Search

មុខសញ្ញា​លួច​ម៉ូតូ និង​ជួញដូរ​គ្រឿងញៀន​ចំនួន​០៣​នាក់ ​ត្រូវ​ប៉េអិម​ឃាត់ខ្លួន

ភ្នំពេញ ​៖ ​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន ​និង​ជា​មុខសញ្ញា​លួច​ម៉ូតូ​ដ៏​សកម្ម​ចំនួន​៣​នាក់ ​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​ឃាត់ខ្លួន ​ខណៈដែល​ពួកគេ​ទាំងនោះ​កំពុង​លក់​ថ្នាំញៀន​ជាក់ស្តែង​កាលពី​វេលា​ម៉ោង​១៨​និង​៣០​នាទី ​ថ្ងៃទី​០២ ខែ​កញ្ញា ឆ្នាំ​២០១៩ ចំណុច​លើផ្លូវ​បេតុង ភូមិ​៣ ក្រុម​៣៩ សង្កាត់​ស្រះចក ខណ្ឌដូនពេញ។

មន្ត្រី​អាវុធហត្ថ​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹងថា​ ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​ដែល​ឃាត់ខ្លួន​ចំនួន​០៣​នាក់ ​ទី​១-​ឈ្មោះ អ៊ុក សារ៉ន ហៅ​រ៉ា ភេទ​ប្រុស​ អាយុ​៣៩​ឆ្នាំ​ មុខរបរ​ និង​ទីលំនៅ​មិន​ពិតប្រាកដ​នៅ​ផ្លូវ​រថភ្លើង​ភូមិ​៣ សង្កាត់​ស្រះចក​ ខណ្ឌ​ដូនពេញ​, ទី​២-​ឈ្មោះ​ហ៊ុយ ភា​រ៉ា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​លក់​គ្រឿងញៀន​ ស្នាក់​នៅផ្ទះ​មិន​ចាំ​លេខ ​ផ្លូវ​រថភ្លើង​ភូមិ​២ សង្កាត់​ស្រះចក ​ខណ្ឌ​ដូនពេញ​និង​ ទី​៣-​ឈ្មោះ ណាក់ នេ​ត ហៅ ឥណ្ឌា​ ភេទ​ប្រុស ​អាយុ​៣៤​ឆ្នាំ មុខរបរ និង​ស្នាក់​នៅផ្ទះ​មិន​ពិត​ប្រាកដ ផ្លូវ​រថភ្លើង ក្រុម​៣៩ ភូមិ​៣ សង្កាត់​ស្រះចក​ ខណ្ឌ​ដូនពេញ។

មន្ត្រី​អាវុធហត្ថ​ខណ្ឌ​បាន​ឲ្យ​ដឹង​ទៀតថា ​វត្ថុតាង​ចាប់យក​មាន ៖
ទី​១-​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​១៣​កញ្ចប់
ទី​២-​ទូរស័ព្ទដៃ​១​គ្រឿង
ទី​៣-​កូនសោ​លេខ​៨​មាន​ផ្លែ​ដែក​មុខស្រួច​រាង​អក្សរ​(L)​សម្រាប់​កាច់​សោ.ក ​ម៉ូតូ​ចំនួន​០១​ដើម។

មន្ត្រី​អាវុធហត្ថ​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹង​ទៀតថា ​មុនពេល​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំងបី​នាក់​នេះ ​គឺ​កម្លាំង​កងរាជអាវុធហត្ថ ​បានដាក់​កម្លាំង​សម្ងាត់​ធ្វើការ​ស្រាវជ្រាវ​ បន្ទាប់ពី​ទទួលដំណឹង​ថា​មាន​ជនសង្ស័យ​ទាំងនោះ​កំពុងតែ​ជួញដូរ​គ្រឿងញៀន​ជាក់ស្ដែង ​ទើប​កម្លាំង​ចុះទៅ​ឃាត់ខ្លួន ​ព្រម​ទាំង​ដកហូត​វត្ថុតាង​មាន​ទាំង​ប្រដាប់​កាច់ក​ម៉ូតូ​ផងដែរ​។

បច្ចុប្បន្ន​ ជនសង្ស័យ​ និង​វត្ថុតាង ពាក់ព័ន្ធ​គ្រឿងញៀន ​ត្រូវបាន​បញ្ជូន​ទៅ​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ចាត់ការ​បន្ត​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114