ព័ត៍មានទាន់​ហេតុការណ៏
Search

ជើងឯក​វិទ្យាល័យ ២០១៩ ត្រឡប់មកវិញ​សប្តាហ៍​ទី ១១ នៃ​ជើង​ទី​២

ក្រោយ​សម្រាក​អស់​រយៈពេល ២​សប្តាហ៍​កន្លងមក ពានរង្វាន់​ជើងឯក​វិទ្យាល័យ ឆ្នាំ​២០១៩ នឹង​ត្រឡប់​មក​វិញ​ហើយ សម្រាប់​សប្តាហ៍​ទី​១១ នៃ​ជើង​ទី​២ ដែល​នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៥ ខែកញ្ញា​នេះ ដោយមាន ៤​គូ នឹង​ធ្វើ​ការប្រកួត​រយៈ​ពេល ២​ថ្ងៃ នៅ​ទីលាន​បាល់ទាត់​ច្បារអំពៅ និង បឹងត្របែក​។

​ថ្ងៃ​ព្រហស្បតិ៍ ទី​៥ ខែកញ្ញា ឆ្នាំ ២០១៩
ក្រុម​វិទ្យាល័យ​សម្តេច​ហ៊ុន សែន ភ្នំពេញ​ថ្មី នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​វិទ្យាល័យ ហ៊ុន សែន ចាក់អង្រែ វេលា​ម៉ោង ១៥:៣០​នាទី​រសៀល នៅ​ទីលាន​ច្បារអំពៅ ដោយមាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ជើងឯក​វិទ្យាល័យ​។ ក្នុង​ម៉ោង​ដំណាលគ្នា​នោះ​ផង​ដែរ វិទ្យាល័យ​ឫស្សី​កែវ នឹង​ត្រូវ​ជួប​វិទ្យាល័យ ព្រះស៊ីសុវត្ថិ នៅ​ទីលាន​បឹងត្របែក។

​ថ្ងៃ​សុក្រ ទី​៦ ខែកញ្ញា ឆ្នាំ ២០១៩
ក្រុម​វិទ្យាល័យ បឹងត្របែក នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​វិទ្យាល័យ ច្បារអំពៅ វេលា​ម៉ោង ១៥និង៣០នាទី​រសៀល នៅ​ទីលាន​ច្បារអំពៅ ដោយមាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ជើងឯក​វិទ្យាល័យ​។ រីឯ​១​គូ​ចុងក្រោយ គឺ​វិទ្យាល័យ ឥន្ទ្រ​ទេវី នឹង​ត្រូវ​ជួប​វិទ្យាល័យ ជា ស៊ីម សាមគ្គី នៅ​ទីលាន​បឹងត្របែក វេលា​ម៉ោង ១៥និង៣០​នាទី​រសៀល។

សរុប​លទ្ធផល​កាលពី​សប្តាហ៍​ទី ១០​កន្លងទៅ វិទ្យាល័យ ឥន្ទ្រ​ទេវី ឈ្នះ វិទ្យាល័យ ច្បារអំពៅ ៦-២ វិទ្យាល័យឫស្សី​កែវ ឈ្នះ វិទ្យាល័យ ហ៊ុន សែន ចាក់​អង្រែ ១៥-០ វិទ្យាល័យ សម្តេច ហ៊ុន សែន ភ្នំពេញ​ថ្មី ឈ្នះ​វិទ្យាល័យ បឹងត្របែក ៥-២ និង​វិទ្យាល័យ ជា ស៊ីម សាមគ្គី ឈ្នះ សាលារៀន​វេ​ស្ទ​ឡា​ញន៍ ១-០ ។

គិត​ត្រឹម​បច្ចុប្បន្ន វិទ្យាល័យ ឥន្ទ្រ​ទេវី ឈរ​កំពូល​តារាង​មាន ២៥​ពិន្ទុ ប្រដេញ​ពីក្រោយ​យ៉ាង​ប្រគៀក​ដោយ​វិទ្យាល័យឫស្សី​កែវ មាន ២៤​ពិន្ទុ ខណៈ​វិទ្យាល័យ ជាស៊ីម សាមគ្គី នៅ​លេខ ៣ មាន ១៦​ពិន្ទុ វិទ្យាល័យ ព្រះស៊ីសុវត្ថិ នៅ​លេខ​រៀង​ទី ៤ មាន ១៥​ពិន្ទុ ស្មើគ្នា​ជាមួយ​សាលារៀន​វេ​ស្ទ​ឡា​ញន៍​នៅ​លេខ​រៀង​ទី៥៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114