ព័ត៍មានទាន់​ហេតុការណ៏
Search

កម្ពុជា​-​ម៉ាឡេស៊ី ចុះហត្ថលេខា​មិន​យកពន្ធ​ត្រួត​គ្នា និង កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍

ភ្នំពេញ ៖ កម្ពុជា​-​ម៉ាឡេស៊ី​បាន​ចុះហត្ថលេខា​ជាមួយគ្នា​លើ​ឯកសារ​ពីរ​នៅ​ព្រឹក​ថ្ងៃ​ទី​៣​ ខែកញ្ញា​ ឆ្នាំ២០១៩​ ក្រោម​អធិបតីភាព​របស់​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​និង​លោក មហា​ធា មហាម៉ាត់ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​។​ ឯកសារ​ទី​មួយ​ គឺ​កិច្ចព្រមព្រៀង​ស្ដីពី​ការ​លុបបំបាត់​ការ យកពន្ធ​ត្រួត​គ្នា​លើ​ប្រាក់ចំណូល និង​ការបង្ការ​ការ​គេចវេស​ពន្ធ និង ការ​ជៀសវាង​ពន្ធ ដែល​ចុះហត្ថលេខា​ដោយ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​កម្ពុជា​និង​លោក Saifuddin Abdullah រដ្ឋមន្ត្រីការបរទេស​ម៉ាឡេស៊ី។ ឯកសារ​ទី​ពីរ​គឺ​អនុស្សរណៈ ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​ដែល​ចុះហត្ថលេខា​ដោយ​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា និង លោក Saifuddin Abdullah​។

បើ​តាម​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ​នៅ​ក្នុង​សន្និសីទកាសែត​រួមគ្នា​បន្ទាប់ពី​ជំនួប​ទ្វេភាគី និង​ចុះហត្ថលេខា​រួចមក​បាន​បញ្ជាក់​ថា អនុស្សរណៈ​យោគយល់​គ្នា​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​ប្រទេស​ទាំងពីរ​ពិនិត្យ​អំពី​ការប្រើប្រាស់​ទិដ្ឋាការ​ដែល​អាច​ចូល​ទៅ​ប្រទេស​ម៉ាឡេស៊ី​ ហើយ​អាច​មក​ទស្សនកិច្ច​នៅ​កម្ពុជា​បាន​,​ហើយ​ទេសចរ​ដែល​ចូលមក​កម្ពុជា​រួចហើយ​ក៏​អាច​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ម៉ាឡេស៊ី​បាន​នេះ​ជា​ទិដ្ឋភាព​សំខាន់​នៃ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​ទាំងពីរ​។

គូរ​ជម្រាប​ជូន​ថា ទេសចរ​ម៉ាឡេស៊ី​មកកាន់​កម្ពុជា​ដែល​កាលពី​ឆ្នាំ​២០១៨ មាន​ជាង ២​សែន​នាក់​ហើយ​សម្រាប់​ឆ្នាំ​២០១៩ នេះ​ចាប់ពី​ខែមករា​រហូតដល់​ ខែមេសា​មាន​ចំនួន​ជាង​៦៥​ពាន់​នាក់​ បាន​មក​ទស្សនា​កម្ពុ​ជា​។

លោក មហា​ធា មហាម៉ាត់ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី បាន​លើកឡើង​ថា ដើម្បី​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន​យើង​ចង់​ឃើញ​មាន​ទេសចរ​ម៉ាឡេស៊ី​មក​ទស្សនា​នៅ​កម្ពុជា​ឲ្យ​កាន់​តែ​ច្រើន​ហើយ​សង្ឃឹមថា ​ទេសចរណ៍​កម្ពុជា​ទៅ​ម៉ាឡេស៊ី​ក៏​មាន​ការ​កើនឡើង​ដែរ​។ លោក មហា​ធា បាន​សង្កត់ធ្ងន់​ថា ​ទេសចរណ៍​ជា​វិស័យ​សំខាន់​មួយ​មិន​ត្រឹមតែ​វិស័យ​សេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សម្រាប់​ទំនាក់ទំនង​ល្អ រវាង​ប្រទេស​និង​ប្រទេស​ហើយ​យើង​នឹង​លើកទឹកចិត្ត​ឲ្យ​ប្រជាជន​ម៉ាឡេស៊ី​កាន់តែច្រើន​មក​ទស្សនកិច្ច​នៅ​កម្ពុជា​។

នៅ​ក្នុង​សន្និសីទ​រួមគ្នា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​លើក​ឡើង​ថា ខ្ញុំ​និង​លោក​បណ្ឌិត មហា​ធា មហាម៉ាត់ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ត្រូវ​បាន​បញ្ចប់​កិច្ចពិភាក្សា​ទ្វេភាគី​ក្រោម​បរិយាកាស​រីករាយ​ស្និទ្ធស្នាល​និង​ភាតរភាព​។ សម្តេច​តេ​ជោ​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោកនាយក​រដ្ឋមន្ត្រី មហា​ធា មហាម៉ាត់ ដែល​បាន​ផ្ដល់​កិត្តិយស​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការលើក​ទី​១ នៅ ព្រះរាជាណាចក្រ​កម្ពុជា​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​អបអរ​និង​កោតសរសើរ​យ៉ាង​ខ្លាំង​ចំពោះ​សមិទ្ធផល​នានា​ដែល​ប្រជាជន​ម៉ាឡេស៊ី​ទទួលបាន​ក្រោម​ការដឹកនាំ​របស់លោក មហា​ធា មហាម៉ាត់ ដើម្បី​នាំ​ប្រទេស​ម៉ាឡេស៊ី​ឈានទៅ​រក​ឋានៈ​ជា​ប្រទេស​អភិវឌ្ឍ​ជា​ខ្លា​សេដ្ឋកិច្ច​ក្នុង​តំបន់ អាស៊ី​ហើយ​ចូលរួម​ដើរ​តួនាទី​កាន់តែ​សកម្ម​និង​សំខាន់​ថែមទៀត​ក្នុង​តំបន់​និង​លើ​ឆាក​អន្តរជាតិ​នៅពេល​ខាងមុខ​។

សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អបអរសាទរ​ចំពោះ​ទិវា​បុណ្យជាតិ​លើក​ទី ៦២ របស់​ម៉ាឡេស៊ី​ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ៣១ ខែសីហា ឆ្នាំ​២០១៩។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា សម្តេច​និង​លោក មហា​ធា មហាម៉ាត់ បាន​ពេញចិត្ត​ចំពោះ​ការរីកចម្រើន គួរ​ឲ្យ​កត់សម្គាល់​នៃ​ទំនាក់ទំនង​មិត្តភាព​និង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​កម្ពុជា​និង​ម៉ាឡេស៊ី លើ​គ្រប់​វិស័យ​រួមមាន​សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ ការងារ​និង​វប្បធម៌​និង​បាន​ប្ដេជ្ញា​ពង្រឹង​ពង្រីក​ថែមទៀត​នូវ​កិច្ច​សហប្រតិបត្តិការ​ឲ្យ​កាន់តែ​ជិតស្និទ្ធ ដើម្បី​ផលប្រយោជន៍​ប្រជាជន​យើង​ទាំងពីរ​និង​ដើម្បី​រួមចំណែក​ដោយ​សន្តិភាព ស្ថិរភាព​និង​វិបុលភាព​នៅក្នុង​តំបន់​និង​នៅ​លើ​ពិភពលោក​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្ត​ថា បច្ចុប្បន្ន​ទំនាក់ទំនង​ពាណិជ្ជកម្ម​និង​វិនិយោគ​រវាង​ប្រទេស​ទាំងពីរ​មាន​លក្ខណៈ​ល្អ​ប្រសើរ​និង​មាន វឌ្ឍនភាព​។ ឆ្នាំ២០១៨ ទំហំ​ពាណិជ្ជកម្ម​ប្រទេស​ទាំងពីរ​មាន​ជាង ៥០០​លាន​ដុល្លារ​អាមេរិក ​ហើយ​គ្រាន់តែ​ឆមាស​ទី​មួយ​ឆ្នាំ២០១៩ ទំហំ​ពាណិជ្ជ​កម្ម​នេះ​បាន​កើន​ឡើង​ជាង ៤០០​លាន​ដុល្លារ។ ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​និង​វិនិយោគ​រវាង​កម្ពុជា​ម៉ាឡេស៊ី សម្តេច និង លោក​មហា​ធា​បាន​ឯកភាព​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​ប្រទេស​ទាំងពីរ​រក​វិធី​ពង្រីក​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​នេះ​បន្ថែមទៀត​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា យើង​បាន​ទទួល​ស្គាល់​ពី​ការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ចែក​រំលែក​ព័ត៌មាន និង​បណ្ដុះបណ្ដាល​ក្នុង​វិស័យ​សន្តិសុខ​និង​ការពារជាតិ​ហើយ​បាន​ស្វាគមន៍​ការបន្ត​កិច្ចពិភាក្សា​រវាង​ក្រសួងការពារជាតិ​នៃ​ប្រទេស​ទាំងពីរ​នឹង​ឈាន​ទៅ​ចុះ​លើ​អនុស្សរណៈ​លើ​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​ការពារ​ជាតិ​។​ យើង​ក៏បាន​លើកទឹកចិត្ត​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​ប្រទេស​ទាំងពីរ​ឲ្យ​ព​ន្លឿ​ន​ការ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ស្តី​ពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​។ សម្តេច​តេ​ជោ ក៏បាន​អរគុណ​ម៉ាឡេស៊ី​ដែល​បាន​ជួយ​កម្ពុជា​ក្នុងការ​បណ្ដុះបណ្ដាល​និង​អភិវឌ្ឍ​ធនធានមនុស្ស​តាមរយៈ​កិច្ចសហប្រតិបត្តិការ​បច្ចេកទេស​។

ជា​មួយ​នេះ​ម៉ាឡេស៊ី​បាន​ផ្ដល់​កិច្ចសហការ​ដើម្បី​លើកស្ទួយ​សុខុមាលភាព​ពលករ ពល​ការិនី ដែល​កំពុង​ស្នាក់​នៅ​ធ្វើការ​ក្នុង​ប្រទេស​ម៉ាឡេស៊ី។ ​ដើម្បី​ជំរុញ​បន្ថែម​ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា​និង​ម៉ាឡេស៊ី យើង​បាន​ឯកភាព​គ្នា​លើកទឹកចិត្ត​ឲ្យ​មានការ​ផ្លាស់ប្ដូរ​យុវជន តាមរយៈ កម្មវិធី​កីឡា កម្មវិធី​អភិវឌ្ឍ​ភាពជា​អ្នកដឹកនាំ​របស់​យុវជន និង ការផ្លាស់ប្ដូរ​វប្បធម៌​ទៅវិញទៅមក។

ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​ក៏បាន​ផ្លាស់ប្តូរ​ទស្សនៈ​លើ​បញ្ហា​តំបន់ និង ពិភពលោក ដែលជា​ការ​យកចិត្តទុកដាក់​និង​ជា​កង្វល់ រួមមាន​ដូចជា កិច្ច​សហប្រតិបត្តិការ​ក្នុង​រង្វង់​រដ្ឋ​សមាជិក​អាស៊ាន បញ្ហា​ពាក់ព័ន្ធ​នឹង​សមុទ្រ​ចិន​ខាងត្បូង ការវិវត្តន៍​នៅ​រដ្ឋ​រ៉ា​ក់​ខា​ញ ការ​ប្រឆាំង អំពើ​ភេរវកម្ម និង បញ្ហា​សកលលោក​នានា​។ ចំពោះ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ក្នុង​តំបន់ ថ្នាក់ដឹកនាំ​ទាំងពីរ​យល់ស្រប​គ្នា​ថា​កិច្ច​ព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ (RCEP) នឹងចូលរួម​ចំណែក​ដ​ល់​សមាហរណកម្ម និង កំណើន​សេដ្ឋកិច្ច​ក្នុង​តំបន់ ព្រមទាំង​ជួយ​ការពារ​នូវ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី ហេតុនេះ​ចាំបាច់​ត្រូវ​សម្រេច​ឲ្យ​បាន​នូវ​កិច្ចព្រមព្រៀង​មួយ​នេះ​នៅ​ក្នុង​ឆ្នាំនេះ​។

​មេដឹកនាំ ប្រទេស​ទាំងពីរ​ក៏បាន​ពិភាក្សា​ទាក់ទង​ការផ្លាស់ប្ដូរ​មតិ​បញ្ហា​ទណ្ឌកម្ម​របស់​ក្រុមប្រឹក្សាសន្តិសុខ​សហប្រជាជាតិ​ទៅលើ​កូរ៉េខាងជើង​និង​ទណ្ឌកម្ម​របស់​ប្រទេស​ធំៗ​ទៅលើ​ប្រទេស​តូចៗ​មួយ​ចំនួន​ដែល​វា​មិន​ត្រឹមតែ​ជា​ទណ្ឌកម្ម​ទៅលើ​ប្រទេស​ទាំង​នោះ​ទេ ក៏ប៉ុន្តែ​វា​ជា​ទណ្ឌកម្ម​មក​លើ ប្រទេស​ដែល​មិន​ជាប់​ពាក់ព័ន្ធ ដែល​ជា​ដៃគូ​នៃ​កិច្ចការ​ជាមួយ​ប្រទេស​ទាំងនោះ ដែល​នេះ​ជា​ភាព​អយុត្តិធម៌​មួយ​។ មេដឹកនាំ​ប្រទេស​ទាំងពីរ ក៏បាន​ពិភាក្សា​អំពី​ការ​ឯកភាព​គ្នា​ឲ្យ​ទី​ម័​រ​ឡេ​ស្ដ​ ក្លាយ​ជា​សមាជិក​ទី១១​របស់​អាស៊ាន​ផងដែរ​៕
ណា​រី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114