ព័ត៍មានទាន់​ហេតុការណ៏
Search

​កីឡាករ​រត់​ប្រណាំង​អាមេរិក Coleman ទទួលបាន​ភាព​ស្អាតស្អំ ក្រោយ USADA ដក​ការចោទប្រកាន់

​កីឡាករ Christian Coleman ទទួល​បាន​ភាព​ស្អាតស្អំ​របស់គាត់​មកវិញ ដែល​នេះ មានន័យថា លោក​នឹង​អាច​ចូលរួម​ការរត់​ប្រណាំង World Athletics Championships ក្នុង​ខែ​នេះ​បាន បន្ទាប់ពី​ទីភ្នាក់ងារ​ប្រឆាំង​ការប្រើប្រាស់​គ្រឿងញៀន​សហរដ្ឋអាមេរិក (USADA)​ដកចេញ​ការចោទប្រកាន់​មកលើ​រូបគាត់​រួចមក​នោះ​។

កីឡាករ​រត់​ប្រណាំង​អាមេរិក​ម្នាក់នេះ គឺជា​មនុស្ស​រត់​លឿន​ជាងគេ​បំផុត​នៅ​ចម្ងាយ​១០០​ម៉ែត្រ ហើយ​លោក​ប្រឈម​នឹង​ការ​ព្យួរ​ឈ្មោះ​រយៈពេល​២​ឆ្នាំ ក្រោយពី​ក្រុម​អ្នកធ្វើ​តេស្ត​រក​គ្រឿងញៀន មិន​អាច​កំណត់​ទីតាំង​ដែល​គាត់​រស់នៅ​ អំឡុង​ពេល​ធ្វើតេស្ត​៣​លើក រយៈពេល​១២​ខែ​កន្លងមក​នេះ​។

ទោះបីជា​យ៉ាងណាក៏ដោយ ទីភ្នាក់ងារ USADA បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ថា ក្រោយ​ទទួលបាន​ការណែនាំ​ពី​ទីភ្នាក់ងារ​ប្រឆាំង​គ្រឿងញៀន​ពិភពលោក​(WADA) ពី​វិធី​គណនា​ការធ្វើ​តេស្ត​គ្រឿងញៀន​រយៈពេល​១២​ខែ ពួកគេ​ក៏​សម្រេចចិត្ត​ដក​ការចោទប្រកាន់​វិញ​។

លោក Travis Tygart គឺជា​ប្រធាន​ប្រតិបត្តិ​របស់ USADA​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា ការដាក់​ពាក្យ​តាម​បទបញ្ជា​ប្រឆាំង​គ្រឿងញៀន​សកល គឺ​សំខាន់​ចាំបាច់ គ្រប់​ករណី​ទាំងអស់​។​
​លោក​បន្តថា នៅ​ក្នុង​ករណីនេះ យើង​បានដាក់​បទបញ្ជា​ឲ្យ​ទៅ​កីឡាករ Coleman ដូចដែល USADA គួរតែ​ដាក់ជូន​អត្ត​ព​លិ​ក​គ្រប់រូប​ដែរ​។

USADA បាន​និយាយ​ទៀត​ថា ពួកគេ​កត់ត្រា​ការ​ខកខាន​មិន​បង្ហាញខ្លួន​របស់​កីឡាករ Coleman​កាលពី​ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំមុន ថ្ងៃទី​១៦ ខែមករា ម្តង​ទៀត ហើយ​លើក​ទី​៣​នៅ​ថ្ងៃ​ទី​២៦ ខែមេសា កន្លងទៅ​៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114