ព័ត៍មានទាន់​ហេតុការណ៏
Search

​កីឡាករ Romelu Lukaku អំពាវនាវ​ឲ្យ​ចាត់វិធានការ​ក្រោយ​ករណី​បំពាន​ជាតិ​សាសន៍​បង្កឡើង​ដោយ​ក្រុម​អ្នកគាំទ្រ Cagliari

ខ្សែប្រយុទ្ធ Romelu Lukaku របស់​ក្លិប Inter Milan ស្ថិត​នៅ​ក្នុង​ក្រុម​ជម្រើស​ជាតិ​បែលហ្ស៊ិក បាន​អំពាវនាវ​ឲ្យ​សហព័ន្ធ​បាល់ទាត់​ទាំងអស់ និង​វេទិកា​ព័ត៌មាន​សង្គម ចាត់វិធានការ​បន្ថែម​ទៀត ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រកាន់​ជាតិ​សាសន៍ ក្រោយពេល​រូបលោក​ក្លាយ​ជា​កម្មវត្ថុ​នៃ​ការបំពាន​ដោយ​ជាតិ​សាសន៍ អំឡុង​ជ័យជំនះ​២-១​លើ​ក្រុម Cagliari កាលពី​ថ្ងៃអាទិត្យ​។

អតីត​ខ្សែប្រយុទ្ធ​របស់​ក្លិប​បិសាច​ក្រហម Man Utd​ម្នាក់​នេះ ត្រូវ​បាន​ក្រុម​អ្នកគាំទ្រ​ម្ចាស់ផ្ទះ​ស្រែក​ពាក្យ​អា​ស្វា នៅក្នុង​ទឹកដី Sardegna Arena គឺជា​ពហុ​កីឡដ្ឋាន​តែមួយ ជា​កន្លែង​ដែល​អតីត​ខ្សែប្រយុទ្ធ​របស់​ក្លិប Juventus​កីឡាករ Moise Kean រង​ការបំពាន​តែមួយ ពេល​ដែល​គាត់​ត្រៀមខ្លួន​ស៊ុត​បាល់​ប៉េណា​ល់​ទី​កាត់សេចក្តី។

កីឡាករ​ស្បែក​ខ្មៅ​ជាច្រើន​នាក់ បាន​រង​ការបំពាន​ដោយ​ជាតិ​សាសន៍​តាម​អន​ឡាញ នៅក្នុង​រយៈពេល​ជាច្រើន​សប្តាហ៍​កន្លងមក​នេះ ដែល​ក្នុងនោះ​រួមទាំង​កីឡាករ Paul Pogba របស់​ក្លិប Man Utd ហើយ​និង​កីឡាករ Tammy Abraham និង​កីឡាករ Kurt Zouma​របស់​ក្លិប Chelsea​។

​កីឡាករ Lukaku ខកចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​កង្វះខាត​វិធានការ ថ្វីត្បិតតែ​មានការ​តវ៉ា អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​ក៏ដោយ​។

កីឡាករ Lukaku បាន​និយាយ​តាម Instagram​ថា កីឡាករ​ជាច្រើន​កាលពី​ខែ​មុន បាន​រង​ការបំពាន​ដោយ​ជាតិ​សាសន៍ ហើយ​លោក​ក៏បាន​ទទួលរង​ដូចគ្នា កាលពី​ថ្ងៃ​ម្សិលមិញ​។ បាល់ទាត់​គឺជា​ការប្រកួត​ដើម្បី​ភាពសប្បាយ​រីករាយ ហើយ​យើង​មិនគួរ​ទទួលយក​ការរើសអើង ដែល​ធ្វើ​ឲ្យ​អាម៉ាស់​ដល់​ការប្រកួត​របស់​ពួកយើង​បែបនេះ​នោះ​ទេ​។

លោក​បន្ត​ថា លោក​គ្រាន់តែ​សង្ឃឹមថា សហព័ន្ធ​បាល់ទាត់​ទាំងអស់​នៅ​លើ​ពិភពលោក នឹង​បង្ហាញ​ប្រតិកម្ម​ខ្លាំង ចំពោះ​ករណី​រើសអើង​ប្រកាន់​ជាតិ​សាសន៍​ទាំងនេះ​៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114