ព័ត៍មានទាន់​ហេតុការណ៏
Search

បុរស​ម្នាក់​ស្លាប់​ក្នុង​បន្ទប់ទឹក ​ក្បាល​ដាំ​ចូល​អាងទឹក

ភ្នំពេញ ៖ តាម​ប្រភព​ពី​លោក​វរសេនីយ៍ទោ ម៉ៅ​ សឿត អធិការរង​នគរបាល​ខណ្ឌ​ច្បារអំពៅ​បាន​ឲ្យ​កម្ពុ​ជាថ្មី​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៤​ ខែ​កញ្ញា​នេះ​ថា​ កាលពី​រាត្រី​ថ្ងៃ​ទី​៣​ ខែ​កញ្ញា ​ម្សិលមិញ​នេះ​ មាន​បុរស​ម្នាក់​ បាន​ស្លាប់​ក្នុង​បន្ទប់ទឹក​ជាហេតុ​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ខាង។

លោក​អធិការរង​បាន​បន្ត​ថា ​ជនរងគ្រោះ ​ដែល​បាត់​បង់ជីវិត​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​គង់ វ៉ុ​ន ភេទ​ប្រុស ​អាយុ​៥៩​ឆ្នាំ​មុខរបរ​រត់​ម៉ូតូឌុប​ស្នាក់នៅ​ផ្ទះជួល​ចំណុច​កើតហេតុ ​ក្នុងភូមិ​ព្រះ​ពន្លា​ សង្កាត់​ព្រែកប្រា​ ខណ្ឌ​ច្បារអំពៅ ​រាជធានី​ភ្នំពេញ។

សាក្សី​បាន​ឲ្យ​នគរបាល​ដឹងថា​ នៅ​រសៀល​ថ្ងៃទី​៣​ខែកញ្ញា ​អ្នកជិតខាង​បានមក​ហៅ​ជនរងគ្រោះ​ទិញ​បបរ​ហូប​ ដែល​ជា​ទម្លាប់​របស់​គាត់។ ប៉ុន្តែ​ហៅ​មិនឮ​ឆ្លើយ​ ទើប​អ្នករស់នៅ​ជិតខាង​ចូល​ទៅ​មើល​ក្នុង​បន្ទប់ដេក​ ក៏​មិនឃើញ​ឡើយ។ លុះដល់​យប់​ឡើង​នៅតែ​មិន​ឃើញ​ជនរងគ្រោះ​ចេញពី​បន្ទប់​ក៏បាន​នាំគ្នា​ទៅ​មើល​ក្នុង​បន្ទប់ទឹក ​ស្រាប់តែ​ឃើញ​ជនរងគ្រោះ​ដួល​ផ្កាប់មុខ​ចូល​ក្នុង​អាងទឹក​ស្លាប់​បាត់ទៅហើយ។ ​ភ្លាមៗ​នោះ ​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ឲ្យ​ចុះ​មក​ពិនិត្យ​ពី​ស្ថានភាព​នៃ​ការស្លាប់​នេះ។

នៅពេល​សមត្ថកិច្ច​ចុះទៅពិនិត្យ​មាន​ឃើញ​ស្នាម​រលាត់​កោស​កែងដៃ​ស្តាំ រលាត់​កោស​ស្មា​ខាងឆ្វេង រលាត់​កោស​ឆ្អឹងជំនី​ស្តាំ ​និង​ស្នាម​ថ្ងាស​២​កន្លែង​ ហើយ​តាម​ការ​សន្និដ្ឋាន​របស់​ការិយាល័យ​បច្ចេកទេស​រាជធានី​ភ្នំពេញ ​និង​លោក​ឧកញ៉ា​វេជ្ជបណ្ឌិត នង​ សុ​វណ្ណារ​ត្ន័ គ្រូពេទ្យ​កោសល្យវិច័យ​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា ​ជនរងគ្រោះ​បាន​ស្លាប់​ដោយសារ​ជំងឺ​គាំងបេះដូង​មកពី​ជំងឺលើសឈាម​ទៀតផង។

បច្ចុប្បន្ននេះ​គេ​សង្កេតឃើញ​អ្នក​កើត​ជំងឺ​បានទទួល​មរណភាព​ច្រើនណាស់​។​ ភាគច្រើន​អ្នកជំងឺ​មានការ​ធ្វេសប្រហែស​និង​ពុំ​បាន​ទៅ​ពិគ្រោះ​និង​តាមដាន​ជំងឺ​ពី​គ្រូពេទ្យ​ឲ្យ​បាន​ទៀងទាត់៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114