ព័ត៍មានទាន់​ហេតុការណ៏
Search

អាជ្ញាធរ​ខណ្ឌ​ដង្កោ ​បន្ត​ការអភិវឌ្ឍ​ផ្លូវ និង​ប្រព័ន្ធ​លូបង្ហូរទឹក​ជូន​ពលរដ្ឋ​ប្រើប្រាស់​

ភ្នំពេញ ៖ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​ការដឹកនាំ​របស់​ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ធ្វើ​ឲ្យ​មានការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ហេដ្ឋារចនាសម្ព័ន្ធ រូបវន្ត គ្រប់​ប្រភេទ កំពុងតែ​រីក​ដុះដាល​ជា​បន្តបន្ទាប់​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ទទ្ទឹម​នឹង​នេះ​ ហេដ្ឋារចនាសម្ពន្ធ ផ្លូវ ថ្នល់ ក៏​កំពុងអភិវឌ្ឍន៍​នៅ​គ្រប់ទិសទី​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​បម្រើ​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​ផងដែរ។

បើ​យើង​ក្រឡេក​ទៅ​មើល​ភូមិសាស្ត្រ​ខណ្ឌដង្កោ ក្រោយ​ការគ្រប់គ្រង​របស់ លោក នុត ពុធ​ដា​រ៉ា អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​ដង្កោ បានធ្វើ​ឲ្យ​គ្រប់​បណ្ដា​សង្កាត់ កំពុង​កើតមាន​ប្រព័ន្ធ​ផ្លូវ​បេតុង និង​ប្រព័ន្ធ​លូបង្ហូរទឹក ខ្វាត់ខ្វែង ដើម្បី​បំពេញតម្រូវការ​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ។

ជាក់ស្ដែង​កាលពី​ព្រឹក​ថ្ងៃទី​០៤ ខែ​កញ្ញា ឆ្នាំ​២០១៩ ផ្លូវ​បេតុង ចំនួន១​ខ្សែ ប្រវែង៣៦៥​ម៉ែត្រ និង​ប្រព័ន្ធ​លូបង្ហូរទឹក២​ខ្សែ ប្រវែង៩៦៥​ម៉ែត្រ ត្រូវបាន​បើក​ការដ្ឋាន​ស្ថាបនា ក្រោម​វត្តមាន ​លោក នុត ពុធ​ដា​រ៉ា អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​ដង្កោ ដោយមាន​ការចូលរួម​ពី​អភិបាលរងខណ្ឌ ចៅ​សង្កាត់ ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ផងដែរ។

ផ្លូវ​បេតុង និង​ប្រព័ន្ធ​លូបង្ហូរទឹក ដែល​ត្រូវ​បើក​ការដ្ឋាន​ស្ថាបនា​រួមមាន ផ្លូវ​បេតុង​០១​ខ្សែ ប្រវែង​៣៦៥​ម៉ែត្រ ទទឹង​៤​ម៉ែត្រ កម្រាស់​០,១៥​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ក្រាំងស្វាយ សង្កាត់​ក្រាំង​ពង្រ និង​ប្រព័ន្ធ​លូ​រំដោះ​ទឹក០២​ខ្សែ ប្រវែង៩៦៥​ម៉ែត្រ មុខកាត់០,៦​ម៉ែត្រ ស្ថិតក្នុង​ភូមិ​ព្រៃ​សំព័រ និង​ភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។

នា​ឱកាស​នោះ​ លោក នុត ពុធ​ដា​រ៉ា អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​ដង្កោ​ថ្លែង​ឲ្យ​ដឹង​ថា ប្រទេស​ជាតិ​ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល ដែល​មាន​ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានដាក់​ចេញ និង​អនុវត្ត​នូវ​នយោបាយ ឈ្នះ​ឈ្នះ បាន​ធ្វើ​ឲ្យ​ប្រទេសជាតិ​ទទួល​បាន​នូវ​សុខ​សន្តិភាព​ពេញលេញ​ទូទាំង​ប្រទេស ហើយ​បាន​កែប្រែ​ប្រទេស​ទាំងមូល​ឲ្យ​មាន​ការ​អភិវឌ្ឍ​យ៉ាងខ្លាំង​លើ​គ្រប់​វិស័យ។

នៅក្នុង​រាជធានី​ភ្នំពេញ​យើង​បច្ចុប្បន្ន គឺមាន​ការអភិវឌ្ឍ​យ៉ាងខ្លាំង​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​គួរ​ឲ្យ​កត់សម្គាល់ ក្នុងនោះ រួមមាន ការសាងសង់​អគារ​ខ្ពស់ៗ ផ្លូវ​ក្រវាត់​ក្រុង​ធំៗ ស្ពាន​អាកាស​ធំៗ ស្ពាន​ដែក ផ្លូវដែក​ថ្មីៗ​ជាច្រើន​ខ្សែ ផ្លូវថ្នល់​តូចធំ ផ្លូវ​ក្រោម​ដី ប្រព័ន្ធ​លូបង្ហូរទឹក ប្រឡាយទឹក ប្រព័ន្ធ​ធារា​សាស្ត្រ សាលារៀន មន្ទីរពេទ្យ វត្ត​អារាម ។ល។ ជាក់ស្ដែង ផ្លូវ​បេតុង ចំនួន​៣​ខ្សែ ដែល​ត្រូវ​បើក​ការ​ដ្ឋាន​ស្ថាបនា​នា​ថ្ងៃនេះ អាច​នឹង​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ផង​ដែរ។

ជាមួយគ្នានេះ​ផងដែរ ​លោក នុត ពុធ​ដា​រ៉ា ក៏បាន​ធ្វើ​ការណែនាំ​គណៈកម្មការ​គ្រប់គ្រង​គម្រោង​ខណ្ឌ ដែលជា​ម្ចាស់​គម្រោង​ត្រូវតែ​តាមដាន និង​យកចិត្តទុកដាក់​ជាប់​ជាប្រចាំ​ចំពោះ​ក្រុមហ៊ុន​ទទួល​ការ​ក្នុង​ការ​អភិវឌ្ឍ​គម្រោង​នៅ​គ្រប់​ដំណាក់កាល​ទាំងអស់​ ចាប់តាំងពី​ដំណើរ​ការ​បើក​ការដ្ឋាន​ដំបូង រហូត​ដល់​បញ្ចប់​ការដ្ឋាន​ជា​ស្ថាពរ និង​ត្រូវតែ​ជួសជុល​ឡើងវិញ ករណី​មានការ​ខូចខាត​សម្រាប់​រយៈ​ពេល​ធានា​៦ខែ​បន្ទាប់។ ត្រូវតែ​ធ្វើការ​ណែនាំ និង​ហ៊ាន​សរសេរ​នូវ​រាល់​ចំណុច​អសកម្ម​ទាំងឡាយ​ណា​របស់​ក្រុមហ៊ុន ដែល​មិនបាន​អនុវត្ត​តាម​កិច្ចសន្យា​ទៅក្នុង​សៀវភៅ​តាមដាន​ការដ្ឋាន។ ចំពោះ​ក្រុមហ៊ុន ត្រូវខិតខំ​ធ្វើយ៉ាងណា​រក្សា​ឲ្យ​បាន​នូវ​ក្រមសីលធម៌ និង​គោរព​ឲ្យ​បានជា​ដាច់ខាត​នូវ​បទដ្ឋាន​បច្ចេកទេស និង​ផែនការ​ការងារ ដែលមាន​ចុះ​ក្នុង​កិច្ចសន្យា​ទទួល​ការ ដែល​ខ្លួន​បាន​ចុះហត្ថ​លេខា​កន្លងមក។ ចំណែក​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​ចូលរួម​តាមដាន​ការអនុវត្ត​ការងារ​របស់​ក្រុមហ៊ុន​ផងដែរ ពីព្រោះថា បងប្អូន ​គឺជា​អ្នកទទួលផល​ផ្ទាល់ បើ​ឃើញ​ការអនុវត្ត​របស់​ក្រុមហ៊ុន​ខុសពី​កិច្ច​សន្យា ត្រូវ​រាយការណ៍​បន្ទាន់​ជូន​លោក ចៅសង្កាត់ ឬ សាលា​ខណ្ឌ ដើម្បី​ចុះ​ពិនិត្យ និង​កែសម្រួល ។ ប៉ុន្តែ​បងប្អូន​ក៏ត្រូវ​តែ​ជួយ​សម្រួល​ដល់​អ្នកទទួល​ការ ដើម្បី​បំពេញការងារ​របស់ខ្លួន​ដោយ​ជោគជ័យ​ផងដែរ គឺ មិនត្រូវ​បង្ក​នូវ​ការរំខាន​ណាមួយ​នាំ​ឲ្យ​រាំងស្ទះ​ដល់​ដំណើរការ​អនុវត្ត គម្រោង​ឡើយ។

ដោយឡែក មន្ត្រី​បច្ចេកទេស និង​មន្ត្រី​ពាក់ព័ន្ធ ត្រូវ​ពិនិត្យមើល​លើ​លក្ខណៈ​បច្ចេកទេស​ក្នុងករណី​ពិនិត្យ​មើលឃើញ​មាន​លក្ខណៈ​ណាមួយ​ខុស​ពី​បទដ្ឋាន​បច្ចេកទេស ត្រូវ​ឲ្យ​ក្រុមហ៊ុន​ធ្វើការ​កែតម្រូវ​ជាបន្ទាន់ ធ្វើ​យ៉ាង​ណា​ឲ្យ​ស្ថាបនា​ប​ផ្លូវ​បានល្អ និង​ប្រើប្រាស់​បានយូរ​អង្វែង។

សូមបញ្ជាក់​ឲ្យ​ដឹងថា នៅក្នុង​ពិធីបើកការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង​ទាំង​២​ខ្សែ​នេះ​ផងដែរ ក៏មាន​ការ​ជួបជុំ​រៀបចំ​នំ​បញ្ចុក​សន្តិភាព ឯករាជ​ជាតិ សម្ល​ខ្មែរ បន្លែស្រស់ ដែល​មាន​រសជាតិ​ឆ្ងាញ់ ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងភូមិ​ចូលរួម​ពិសា​ប្រកបដោយ​ភាពសប្បាយ​រីករាយ​ឥតឧបមា៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114