ព័ត៍មានទាន់​ហេតុការណ៏
Search

មន្ត្រី​ពេទ្យសត្វ​ខេត្ត​ ចុះ​ចាក់​ថ្នាំ​ទប់ស្កាត់​ជំងឺ​សារ​គោ​ជាង​១០០​ក្បាល​ ជូន​ពលរដ្ឋ មក​ពី​ភូមិ​ចំនួន​បី នៅ​ក្នុង​ឃុំ​ស្រែ​ថ្មី

កំពង់ឆ្នាំង ៖ សត្វ​គោ​របស់​ប្រជាពលរដ្ឋ​ជាង 100 ក្បាល ​នៅក្នុង​ភូមិ​ចំនួន​3 នៃ​ឃុំ​ស្រែ​ថ្មី ស្រុក​រលា​ប្អៀរ នៅ​ព្រឹក​ថ្ងៃទី 03 ខែកញ្ញា ឆ្នាំ2019 នេះ ​ត្រូវបាន​មន្ត្រី​ពេទ្យសត្វ​ខេត្ត សហការ​ជាមួយ​ពេទ្យសត្វ​ស្រុក និង​ពេទ្យសត្វ​ភូមិ នាំគ្នា​ចាក់​ចុះជួយ​ចាក់​ថ្នាំ​ទប់ស្កាត់​ជំងឺ​សារ​គោ ជូន​ប្រជាពលរដ្ឋ​ដោយ​ឥត​គិតលុយ។

លោក ហ៊ុន ​លី អនុប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង​ក្នុងពេល​ចុះ​ចាក់​ថ្នាំ​គោ បាន​ថ្លែងប្រាប់​ប្រជាពលរដ្ឋ​ថា​ ៖ ជំងឺ​សារ​ ជំងឺ​អុតក្ដាម និង​ជំងឺ​បូស​ខ្យល់ នៃ​គោ ក្រ បី ជា​ជំងឺ​ដ៏​កាច​សាហាវ ដែល​អាចធ្វើឲ្យ​គោក្របី​ងាប់​បាន​យ៉ាង​ងាយ ប្រសិនបើ​យើង​មិន​យក​វា​មកចាក់​ថ្នាំ​ការពារ​ជំងឺ​ឲ្យ​បាន​ទាន់ពេលវេលា​នោះទេ​។ ហេតុនេះហើយ ​ទើប​នៅ​ព្រឹក​ថ្ងៃទី03 កញ្ញា​នេះ មន្ត្រី​ពេទ្យសត្វ​ខេត្ត​សហការ​ជាមួយ​ពេទ្យ​សត្វស្រុក និង​ពេទ្យសត្វ​ភូមិ​បាននាំគ្នា​យក​វ៉ាក់​សាំង​ការពារ​ជំងឺសារ ចុះមក​ចាក់ឲ្យ​គោ​ចំនួន​១២៦​ក្បាល ជូន​ប្រជាពលរដ្ឋនៅក្នុង​ឃុំ​ស្រែ​ថ្មី ដែល​មក​ភូមិ​ចំនួន​បី គឺ​ភូមិ​ទ្រា​ជើង ភូមិ​ក្តី​ត្នោត និង​ភូមិ​ចំការ​តា​ម៉ៅ។

លោក ហ៊ុន លី បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា នៅក្នុង​យុទ្ធនា​ការចាក់​ថ្នាំ​វ៉ាក់សាំង​ការពារ​ជំងឺ​គោក្របី ក្នុង​ឆ្នាំ​២០១៩​នេះ ការិយាល័យ​បសុពេទ្យ​ខេត្ត នៅ​ក្នុ​ផែនការ បានទទួល​ថ្នាំ​វ៉ាក់សាំង​គោក្របី ចំនួន​៥​ម៉ឺន​៥​ពាន់​ក្បាល​ពី​នាយកដ្ឋាន ដើម្បី​ចាក់ឲ្យ​គោក្របី​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥត​គិត​ថ្លៃ។ ហើយ​គិត​មកដល់​ថ្ងៃនេះ យើង​បាន​ចុះ​អនុវត្ត​គ្រប់​ស្រុក​ក្រុង​ទាំង​៧ នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង បាន​៦៤​ភាគរយ​ហើយ ក្នុង​ផែនការ។ ដោយឡែក​ជំងឺ​អុតក្ដាម គោ និង​ក្របី ចំនួន 1000 ក្បាល និង​ជំងឺ​បូស​ខ្យល់ គោ​និង​ក្របី ចំនួន 1.500 ក្បាល ក៏​យើង​បាន​ចុះ​ចាក់​ឲ្យ​គោក្របី​នៅតាម​មូលដ្ឋាន ភូមិ/ឃុំ រួចរាល់​អស់​ហើយ​ដែរ។

មន្ត្រី​ការិយាល័យ​បសុព្យាបាល​ខេត្ត សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋនៅក្នុង​ភូមិ/ឃុំ ទាំង​អស់​នៃ​ខេត្តកំពង់ឆ្នាំង សូម​នាំគ្នា​យក​សត្វ​គោក្របី​មកចាក់​ថ្នាំ នៅពេល​មាន​ភ្នាក់ងារ​ពេទ្យសត្វ​ខេត្ត ស្រុក និង​ភូមិ​ចុះទៅ​ចាក់​ថ្នាំ​ឲ្យ​បាន​ទាន់ពេលវេលា។ ហើយ​ពេទ្យសត្វ​ភូមិ ក៏ត្រូវ​រាយការណ៍​ជាបន្ទាន់​ផង​ដែរ ​ប្រសិនបើ​មាន​សត្វ​គោក្របី​កើត​ជំងឺ​សារ​ទឹក​ ជំងឺ​បូស​ខ្យល់ ឬ​ជំងឺ​អុតក្ដាម ដើម្បី​មន្ត្រី​ជំនាញ​ចុះទៅ​ជួយ​ចាក់​ថ្នាំ​ទប់ស្កាត់​ការពារ​ឲ្យ​បាន​ទាន់ពេលវេលា៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114