ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋមន្ត្រី​កសិកម្ម លើកទឹកចិត្ត និង​គាំទ្រ សមាគម​នាវា​យុវជន​អាស៊ីអាគ្នេយ៍​កម្ពុជា មុន​ចេញដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច​ក្នុង​កម្មវិធី​នាវា​យុវជន​អាស៊ីអាគ្នេយ៍ និង​ជប៉ុន SSEAYP

ភ្នំពេញ​ ៖ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នា​រសៀល​ថ្ងៃ​អង្គារ ៥​កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព​.​ស​. ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៩ បាន​អនុញ្ញាត​ឲ្យ​ប្អូនៗ​សមាគម​នាវា​យុវជន​អាស៊ីអាគ្នេយ៍​កម្ពុជា និង​ជប៉ុន ចំនួន ២៩​នាក់ ចូល​ជួប​សម្តែង​ការគួរសម​មុន​ចេញដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច​ក្នុង​កម្មវិធី​នាវា​យុវជន​អាស៊ីអាគ្នេយ៍ និង​ជប៉ុន SSEAYP សម្រាប់​រយៈ​ពេល ៥២​ថ្ងៃ នៅ​ប្រទេស​កម្ពុជា វៀតណាម សឹង្ហ​បូរី ហ្វីលីពីន និង​ចុងក្រោយ​គឺ​ប្រទេស​ជប៉ុន​។

លោក ស្រ៊ាង គឹម​លី ប្រធាន​សមាគម​នាវា​យុវជន​អាស៊ីអាគ្នេយ៍​កម្ពុជា​បាន​ជម្រាប​ជូន​អង្គ​ពិធី​ជ្រាប​ថា សមាគម​នេះ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ១៩៧៤ ដោយឡែក​កម្ពុជា​បាន​ចូល​ជា​សមាជិក​ពេញ​សិទ្ធិ​នៅ​ឆ្នាំ​២០០៤ រហូត​មក​ទល់​បច្ចុប្បន្ន​កម្ពុ​ជាមាន​សមាជិក​ស​រុ​ប ៥៩៤​នាក់​។ ដោយឡែក សម្រាប់​ឆ្នាំនេះ មាន​យុវជន​និង​យុវនារី​ចំនួន ៣៣៥​នាក់ ដែល​អញ្ជើញ​មកពី​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០ រួមទាំង​ប្រទេស​ជប៉ុន​ផង​ដែរ​។ គោលបំណង​ចម្បង​របស់​សមាគម ​គឺ​កសាង​ទំនាក់ទំនង​អន្តជាតិ ចែករំលែក​ប្រពៃណី វប្បធម៌ ចូលរួម​ការងារ​សង្គម ការថែរក្សា និង​អភិរក្ស​បរិស្ថាន បរិច្ចាគ​ឈាម ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ផ្នែក​ជំនាញ និង​ភាពជា​អ្នកដឹកនាំ ពង្រឹង​ចំណេះ ដឹង និង​ជំនាញ​ច្បាស់លាស់ ការ​ចែករំលែក​បទពិសោធន៍ ការ​រស់​រួមគ្នា និង​ធ្វើការ​ជា​ក្រុម​។​ល​។ សម្រាប់​សកម្មភាព​នៅ​ប្រទេស​កម្ពុជា​ក្រុម​យុវជន​នឹង​ចូលរួម​ដាំ​ព្រៃកោងកាង និង​ផ្តល់​ឈាម​។

​មាន​មតិ​សំណេះ​ដំណាល​នា​ពេល​នេះ លោក​រដ្ឋមន្ត្រី​បាន​ធ្វើការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សមត្ថភាព​របស់​ក្មួយ​ៗ​ដែល​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​សក្តានុពល​យ៉ាង​ធំធេង​លើ​ចំណេះដឹង ចំណេះធ្វើ និង​បទពិសោធន៍​ដ៏​មានតម្លៃ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​ប្រកបដោយ​កិត្តិ​បណ្ឌិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​បណ្តុះ​និង​ត្រូវការ​ជា​ចាំបាច់​។ ឆ្លៀត​យក​ឱកាស​នេះ លោក​រដ្ឋមន្ត្រី​បាន​ចែករំលែក​បទពិសោធន៍​ផ្ទាល់ខ្លួន​ទាក់ទង​នឹង​ការសិក្សា​រៀប​សូត្រ ការ​ធ្វើ​ជា​មន្ត្រី​ល្អ បុគ្គល​ល្អ ពលរដ្ឋ​ល្អ និង​ជាពិសេស​ជា​ថ្នាក់ដឹកនាំ​ល្អ​។ បន្ទាប់មក លោក រដ្ឋមន្ត្រី​បាន​ធ្វើ​អត្ថាធិប្បាយ​ដោយ​សង្ខេប​អំពី​ការវិវឌ្ឍន៍​រីកចម្រើន​របស់​ប្រទេសជាតិ ជាក់​ស្តែង​វិស័យសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​សំខាន់ៗ និង​វិស័យ​កសិកម្ម​។ សមិទ្ធផល​ដ៏​ធំធេង​ដែល​រាជរដ្ឋាភិបាល​សម្រេច​បាន​នា​ពេល​បច្ចុប្បន្ន គឺ​មិន​អាច​កាត់​ផ្តាច់​បាន​ពី​តម្លៃ​នៃ​សុខ​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ ដែល​ទទួល​បាន​ពី​គោលនយោបាយ​ឈ្នះ​-​ឈ្នះ រួម​ជា​មួយ​ការ​ពលិកម្ម​របស់​សម្តេច​តេ​ជោ​។ ហេតុផល​នេះ លោក រដ្ឋមន្ត្រី​បាន​លើកទឹកចិត្ត និង​គាំទ្រ​ដល់​យុវជន​គ្រប់ៗ​រូប​ត្រូវ​យក​ឱកាស​ដ៏​មានតម្លៃ​នេះ ព្យាយាម​សិក្សា​រៀនសូត្រ ដកស្រង់ ចែក​រំ​លែង​បទពិសោធន៍​ទាំង​ចំណេះ​ជំនាញ ចំណេះដឹង​ទូទៅ អក្សរសាស្ត្រ ប្រពៃណី វប្បធម៌ ការគ្រប់គ្រង​ប្រទេស និង​ភាពជា​អ្នកដឹកនាំ​។​ល​។ ដើម្បី​នាំយក​ធាតុ​ចូល​ដែលជា​ពុទ្ធិ និង​បទពិសោធន៍​ទាំង​នោះមក​មាតុភូមិ​វិញ​ចូលរួម​ថែរក្សា ការពារ កសាង និង​អភិវឌ្ឍ​ទឹកដី​អង្គរ​ដ៏​បវរ​របស់​យើង​ទាំង​ពេលបច្ចុប្បន្ន និង​អនាគត​។​ ចុង​បញ្ចប់ លោ​កម​រដ្ឋមន្ត្រី​បាន​ជូនពរ​ឲ្យ​ក្មួយៗ​យុវជន​គ្រប់ៗ​រូប​ធ្វើដំណើរ​ទៅ​ចូលរួម​កម្មវិធី​នេះ​មាន​សុខភាព ធ្វើដំណើរ​ប្រកបដោយ​សុវត្ថិភាព និង​ទទួលបាន​ជោគជ័យ៕
​ឌួង​វិ​រះ​ជ័យ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114