ព័ត៍មានទាន់​ហេតុការណ៏
Search

បេក្ខភាព​តំណាង​កម្ពុជា ទ្រី តារា​វុ​ធ ត្រៀម​ចេញទៅ​ប្រកួត Man Of The Year​នៅ​មី​យ៉ាន់​ម៉ា !

ភ្នំពេញ ​៖ ​តួឯក​ប្រុស​ក្នុង​រឿង ភូមិគ្រឹះ​ជំពាក់​ស្នេហ៍ ដែល​ចាក់​បញ្ចាំង​នៅលើ​ស្ថានីយទូរទស្សន៍​បាយ័ន​គឺ​តារា​សម្តែង​លោក ទ្រី តារា​វុ​ធ បានប្រកាស​ត្រៀមខ្លួន​រួចជាស្រេច​សម្រាប់​ការធ្វើដំណើរ​ទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា​ដើម្បី​ចូលរួម​ការប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រឡង​សម្រស់​ផ្នែក​បុរស Man Of The Year ជា​បេក្ខភាព​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​។

បើតាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី​តារា​ប្រុស​លោក ទ្រី តារា​វុ​ធ បាន​លើកឡើងថា​ ចំពោះ​ព្រឹត្តិការណ៍​ប្រកួត Man Of The Year ប្រចាំឆ្នាំ​២០១៩​ នឹងត្រូវ​ធ្វើឡើង​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​ចាប់ពី​ថ្ងៃទី​១២​ដល់​ថ្ងៃទី​២១​ខែកញ្ញា ឆ្នាំ​២០១៩​ខាងមុខនេះ​ ដោយមាន​ការចូលរួម​ពី​បេក្ខជន​តំណាង​ប្រទេស​ប្រមាណ​២០​មកពី​ជុំវិញ​ពិភពលោក​ចូលរួម​ប្រកួត​។​ នេះ​គឺជា​ឱកាស​ថ្មី​មួយទៀត​ដែល​លោក​ទទួលបាន​ការគាំទ្រ​ក្រោយពី​ជោគជ័យ​លើ​ការងារ​សម្តែង​ក្នុងស្រុក​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។​

លោក ទ្រី តារា​វុ​ធ បាន​បន្ថែម​ទៀតថា ​លោក​ពិតជា​សប្បាយចិត្ត​ ដែល​ទទួល​បាន​ឱកាស​ពី​ក្រុមហ៊ុន Arise Agency ដែល​បានជ្រើសរើស​រូបលោក​ជា​បេក្ខជន​តំណាង​ឲ្យ​កម្ពុជា​ក្នុងការ​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​ទ្រង់ទ្រាយ​អន្តរជាតិ​ដ៏​ធំ​មួយ​នេះ​។​ លោ​កថា​ លោក​បាន​ត្រៀម​រួចជាស្រេច​នូវ​ការ​ហ្វឹកហាត់​លើ​ជំនាញ​មួយចំនួន ជាច្រើន​ខែ​កន្លងមកហើយ​ដើម្បី​បង្ហាញ​ពី​ភាព​ជឿជាក់​មួយ​លើ​ឆាក​អន្តរជាតិ​។​

សូម​បញ្ជាក់​ថា ​អតីត Frishie Boy ចំណាត់ថ្នាក់​លេខ​១​ប្រចាំ​២០១៦​លោក ទ្រី តារា​វុ​ធ ដែល​បច្ចុប្បន្ន​ស្ថិតក្នុង​វ័យ​២៤​ឆ្នាំ​ក្រៅតែពី​មាន​វត្តមាន​ជាតា​រា​សម្តែង​និង​បង្ហាញ​ម៉ូត​នោះ​ លោក​ក៏​ជា​ពិធីករ​ប្រុស​ម្នាក់​ដែល​ទទួលបាន​ការគាំទ្រ​និង​ចាប់អារម្មណ៍​ច្រើន​ពី​មហាជន​ពិសេស​មិត្តៗ​យុវវ័យ​តែម្តង។​ជាមួយគ្នា​នោះដែរ​គេ​ក៏បាន​ស្គាល់​លោក​តា​មរយៈ​ការសម្តែង​ភាពយន្ត​ខ្មែរ​មួយចំនួន​ដូចជា​៖ រឿង “​កំណត់ហេតុ​នាង​នាថ​” រឿង “​សរសរ​កន្លោង​” រឿង​”​ភូមិគ្រឹះ​ជំពាក់​ស្នេហ៍​” ជាដើម៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114