ព័ត៍មានទាន់​ហេតុការណ៏
Search

ខេមរៈ សិរីមន្ត និង​តារា​ពហុ​ជំនាញ ខាត់ សុ​ឃីម ប្រកាស​អំពាវនាវ​ដល់​មហាជន​ឲ្យ​ជួយសង្គ្រោះ​ជីវិត នាយ កំប៉ោយ ចៅ​តា

ភ្នំពេញ ៖ បន្ទាប់ពី​ឃើញ​មានការ​បង្ហោះ​ចែករំលែក​យ៉ាង​ព្រោងព្រាត​ពី​សំណាក់​តារា​សិល្បៈ​រួម​អាជីព​មួយចំនួន​ ជុំវិញ​ស្ថានភាព​ នៃ​ការ​ធ្លាក់​ខ្លួន​ឈឺ​របស់​តារា​កំប្លែង​ នាយ កំប៉ោយ ចៅ​តា ដែល​កំពុងតែ​ជួប​ការ​លំបាក​ហើយ​ដេក​ដួល​នៅ​លើ​កន្ទេល​នោះ​ តារាចម្រៀង​លោក ខេមរៈ សិរីមន្ត និង​អ្នកនាង ខាត់ សុ​ឃីម បាន​ចេញមុខ​ប្រកាស​ស្នើ​សុំ​ឲ្យ​មហាជន​ជួយ​ឧបត្ថម្ភ​ថវិកា​សង្គ្រោះ​ជីវិត​តារា​កំប្លែង​នេះ​ផង។

ចំពោះ​ការចេញមុខ​អំពាវនាវ​តាមរយៈ​ការបញ្ចេញ​នូវ​ប្រយោគ​មួយ​ឃ្លា​ដោយ​ខ្លី​ថា «សូមជួយ​គាត់​ផង» របស់​តារាចម្រៀង​លំដាប់​ជួរមុខ​មកពី​ផលិតកម្ម​ហង្ស​មាស​លោក ខេមរៈ សិរីមន្ត នេះ ​បាន​ធ្វើឡើង​ស្រប​ពេល​ដែល​មាន​ទស្សនិកជន​និង​អ្នក​សិល្បៈ​ជាច្រើន​បង្ហាញ​ពី​ក្តី​ព្រួយបារម្ភ​និង​សម្តែង​ក្តី​អាណិតអាសូរ​លើ កំប៉ោយ ចៅ​តា​ដែល​កំពុង​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​ហើយ​គ្មាន​ប្រាក់​ព្យាបាល​។

មិន​ខុសគ្នា​ពី​តារា​ចម្រៀង​លោក ខេមរៈ សិរីមន្ត ទេ​តារា​ស្រី​ពហុ​ជំនាញ​អ្នកនាង ខាត់ សុ​ឃីម ក៏បាន​រៀបរាប់​ភ្ជាប់​ជាមួយ​រូបភាព​នៅលើ​បណ្តាញ​សង្គម​ផ្ទាល់ខ្លួន​ថា កំប៉ោយ ចៅ​តា ឈឺ​ម្តងនេះ​ខ្លាំង​ជាង​មុន​ទៀត​ពេល​ជា​បាន​បន្តិចៗ​ខំប្រឹង​រកលុយ​មក​លា​ង​ឈាម​តែ​ឥឡូវនេះ​ដល់​កម្រិត​មួយ​ពិបាក​ខ្លាំង​។​ដូច្នេះ​សូម​បងប្អូន​ដែល​ស្គាល់​ជួយ​ទៅ​សួរ​សុខទុក្ខ​ឬ​ជួយ​ដល់​ប្អូន​ផង។ នេះ​ជា​លេខ​ទូរស័ព្ទ​របស់​កំប៉ោយ ចៅ​តា គឺ​០៩៨ ៧០៧ ០៥៥។

បើតាម​ការ​បញ្ជាក់​បន្ថែម​ពី​ម្ចាស់​Account Facebook​ឈ្មោះ Beco Work Hard​ដែល​ត្រូវជា​មិត្តភក្តិ​បាន​រៀបរាប់​ទាំង​កម្សត់​ថា ​លោក ញឹក កុសល ហៅ កំប៉ោយ ចៅ​តា គិត​មកទល់ពេលនេះ ​ទើប​មាន​វ័យ​២៥​ឆ្នាំ​ប៉ុណ្ណោះ ​តែ​មិនដឹង​ជា​អកុសល​ឬ​សំណាងអាក្រក់​អ្វី​ទេ​ បាន​ជាម​កកើត​ជំងឺ​ខ្សោយតម្រងនោម​ធ្ងន់ធ្ងរ​និងត្រូវ​ទៅ​មន្ទីរពេទ្យ​ដើម្បី​លាង​ឈាម​រាល់​ពីរដង​ក្នុង​មួយ​សប្ដាហ៍ បើ​មិន​ធ្វើ​ដូច្នេះ​គាត់​នឹងមិន​អាច​រស់​បានយូរ​ទៀត​ទេ​។

ប្រភព​ដដែល​នេះ​បាន​បន្តថា កំប៉ោយ មកដល់ពេលនេះ​បាន​ចំណាយ​ប្រាក់​អស់ពី​ខ្លួន​ថែម​នឹង​ប្រាក់​ក្រុមគ្រួសារ​របស់គាត់​សម្រាប់​ការលាង​ឈាម​ហើយ​ពេលនេះ កំប៉ោយ គឺ​គ្មាន​ប្រាក់​ព្យាបាល​ជំងឺ​ទៀត​ទេ ខណៈ​គាត់​ក៏​ត្រូវការ​ការវះកាត់​ប្ដូរ​តម្រងនោម​ដែល​អាច​ចំណាយ​ប្រហែល​៧​ម៉ឺន​ទៅ​៨​ម៉ឺន​ដុល្លារ​ឯណោះ​។ ហេតុនេះហើយ​ក្នុងនាម​លោក​ជា​មិត្តភ័ក្ដិ​នឹង​គ្នា​នោះ​សូម​ធ្វើការ​អំពាវនាវ​ដល់​​​សប្បុរសជន ​មេត្តា​បរិច្ចាគ​ប្រាក់​តាម​ដែល​អ្នក​អាច​ធ្វើបាន​ជួយសង្គ្រោះ​ជីវិត​កំប៉ោយ ចៅ​តា​ផង៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114