ព័ត៍មានទាន់​ហេតុការណ៏
Search

ផ្ទះថ្ម​មួយ​កន្លែង ថ្មី​លើ​ ចាស់​ក្រោម​ កំពុង​ប្រឈម​បាក់​ស្រុត​ រងគ្រោះថ្នាក់​គ្រប់ពេលវេលា

ព្រះសីហនុ ​៖ ផ្ទះថ្ម​មួយ​កន្លែង​ថ្មី​លើ ចាស់​ក្រោម​ដែល​មាន​កម្ពស់​ត្រឹមតែ​ជាន់​ខាងលើ​ និង​ជាន់​ផ្ទាល់​ដី​នោះ ត្រូវបាន​គេ​មើលឃើញថា អាច​នឹង​បាក់​ស្រុត​រងគ្រោះថ្នាក់​ដ៏​អាយុជីវិត​គ្រប់ពេលវេលា​បើសិនជា​មិន​ព្រម​ធ្វើការ រុះរើ​ចោល​ទេ​នោះ ពីព្រោះថា ជញ្ជាំង​ថ្ម និង​ពិតាន​សំណង់​ដ៏​ចំណាស់​ខាងក្រោម​ចាស់ ខាងលើ​ថ្មី​មួយ​នេះ ចាប់ផ្តើម ប្រេះ​ស្រាំង បណ្តើរៗ​ហើយ។

ជាមួយនឹង​ហេតុការណ៍​ អាគារ​ខាងលើនេះ បើ​តាម​ការ​បញ្ជាក់​របស់​គណ:បញ្ជាការ​ឯកភាព​ក្រុងព្រះសីហនុ ដែល​បាន​ចុះទៅ​ធ្វើការ​ពិនិត្យ ជាក់ស្តែង នា​រសៀល​ថ្ងៃ​ទី០៦ ខែ​កញ្ញា ឆ្នាំ​២០១៩ បាន​ឲ្យ​ដឹង​ថា​ សំណង់​អាគារ​ខាង​លើ​នេះ គឺ​មាន​តែ​ជាន់​លើ និង​ជាន់​ផ្ទាល់​ដី​ប៉ុណ្ណោះ និង​មាន​ម្ចាស់ផ្ទះ ២​ផ្សេងគ្នា គឺជា​ន់​លើ​និង​ជាន់​ក្រោម មាន​ទីតាំង​ស្ថិតនៅ ក្នុង ភូមិ​៣ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ។ ក្រោយ​ការពិនិត្យ ឃើញ​ថា ជញ្ជាំង​និង​ពិតាន​ អាគារ​ជាន់​​ ខាងក្រោម​ មាន​សភាព ប្រេះស្រាំ ធ្ងន់ធ្ងរ អាច​ប្រឈមមុខ​បាក់​ស្រុត​រលំ​បង្ក​​គ្រោះ​ថ្នាំ​គ្រប់​ពេល​វេលា។ ជាមួយ​គ្នា​នេះ គណៈ​បញ្ជាការ​ឯកភាព​ក្រុងព្រះសីហនុ​ ក៏បាន​ធ្វើការ​បញ្ជាក់​ផង​ដែរ​ថា​ មូល​ហេតុ ដែល​អាគារ​នេះ​ប្រេះស្រាំ​ជញ្ជាំង​ និង​ពិតាន​ គឺ​ដោយសារតែ​អគារ​ខាងក្រោម ​ដែល​មាន​វ័យ​ចំណាស់ ស្ទើរ​បាក់​ រលំ​ទៅ​ហើយ​នោះ បែរជា ត្រូវ​បាន​គេ​សាងសង់​រៀប​ជា​បន្ទប់ បន្ថែម​ជាច្រើន​ទៀត នៅ​ផ្នែក​ជាន់​ខាងលើ ទើប​បង្ក​​ឲ្យ​មាន​ភាព​ប្រេះស្រាំ​ដូចនេះ​តែ​ម្តង​ទៅ។ តែ​ទោះជា​យ៉ាងណាក៏ដោយ​ចំពោះ​ចំណាត់ការ តម្រូវ ធ្វើការ​រុះរើ ឬ​យ៉ាង ណា​នោះ ក្រុមការងារ និង​ធ្វើ​របាយការណ៍​ដាក់​ជូន​ទៅ​លោក អភិបាលក្រុង និង​ខេត្ត​ព្រះសីហនុ ឲ្យ​បាន​ជ្រាប់ ដើម្បី​សម្រេច។

ជាមួយ​នឹង​បញ្ហា​​ខាង​លើ​នេះ បើ​តាម​ម្ចាស់​ផ្ទះ​ជាន់​ក្រោម បាន​ប្រាប់​ឲ្យ​ដឹង​ថា គាត់​ជា​អ្នក​រស់នៅ ជាន់​ក្រោម​ជាច្រើន​ឆ្នាំ​មក​ហើយ មិន ដែល​មាន​បញ្ហា​អ្វី​នោះ​ឡើយ ប៉ុន្តែ​រយៈពេល​ថ្មីៗ​នេះ​ ម្ចាស់​ផ្ទះ​ជាន់​លើ​គេ​បាន​សាងសង់ បន្ទប់ បន្ថែម​(​ដោយ​រៀប​ឥដ្ឋ​) បណ្ដាល​ឲ្យ​ពិតាន​ផ្ទះ​របស់​គាត់​ ប្រេះ ស្ទើរតែ បាក់​សង្កត់​គ្រួសារ​គាត់​ទៅ​ហើយ ដូចនេះ អាយុជីវិត ក្រុម​គ្រួសារ​របស់​គាត់ អាច​គ្រោះថ្នាក់​គ្រប់ពេលវេលា បើសិនជា​នៅ​តែ​បន្ត​ប្រេះស្រាំ​បែបនេះ​តទៅទៀត​ ពីព្រោះ​ការ​ប្រេះស្រាំ​កាន់តែ មាន​សភាព​ធ្ងន់ធ្ងរ​ឡើង​ៗ​ហើយ។

ដោយឡែក​សម្រាប់​ ម្ចាស់​ផ្ទះ​ជាន់​ខាង​លើ​ ដែល​គេ​អះអាង​ថា ​ជា​កូន​មន្ត្រី​យោធា​ជាន់ខ្ពស់​ជិះ រថយន្ត​ទំនើប​LXEUS LX570 ពាក់​ស្លាក​លេខ ខេមរភូមិន្ទ ០៥២.២០១៦​ មិន​អាច​សុំ​ការ​ទំនាក់ទំនង​បំភ្លឺ​បានទេ ​ខណៈ​រូប​គាត់ កំពុង​ស្ថិត​នៅ​លើ​ទីតាំង​ផ្ទះ​ ប្រេះស្រាំ​ខាងលើ។ តែ​ផ្ទុយទៅវិញ បែរ​ជា​មក​ធ្វើ​ការ​ហាម ឃាត់ និង ​គំរាមកំហែង​ដល់​ក្រុម​អ្នក​​​សារព័ត៌មាន មិន​ឲ្យ​ថតរូប​ មិន​ឲ្យ​ផ្សព្វផ្សាយ​​ព័ត៌មាន​​​អ្វី​ទាំងអស់ និង​ព្រមទាំង​បាន​ចាប់​បង្ខំ​ឲ្យ​ក្រុម​អ្នក​សារព័ត៌មាន ​ដែល​​បាន​ថត​រូប​រួច​ហើយ លុប​រូប​ចេញ​វិញ​ឲ្យ​អស់​ផង​ដែរ នេះ​ពិតជា​មិន​​ធម្មតា​ឡើយ។

ជុំវិញ​បញ្ហា​នេះ ជា​ការ​សំណូមពរ​ របស់​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្បែរ​ៗ​នោះ ទៅដល់​ថ្នាក់ដឹកនាំ ក្រុង និង​ខេត្ត​ មេត្តា​ចាត់​ឲ្យ​មន្ត្រី​ជំនាញ​ផ្នែក​សំណង់​ ចុះ​ពិនិត្យ​ជាក់ស្ដែង ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​មាន​វិធានការ ទាន់​ពេលវេលា កុំ​ឲ្យ​អគារ​នេះ​រហូត​ទៅ​ដល់ បាក់​ស្រុត​ដូច​អាគារ​៧​ជាន់​បង្ក​​ឲ្យ​មាន មនុស្ស​ស្លាប់​និង​របួស​ជាង​៥០​នាក់​បន្ត​ទៀត៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114