ព័ត៍មានទាន់​ហេតុការណ៏
Search

នៅ សូ​នី​តា ទទូច​ឲ្យ​ទស្សនិកជន​គាំទ្រ​ភាពយន្ត​ភាគ​ ដែលជា​ស្នាដៃ​របស់​ខ្មែរ

ភ្នំពេញ ​៖ ​ស្រប​ពេលដែល​វិស័យ​ភាពយន្ត​ខ្មែរ​កាន់តែ​លេច​វត្តមាន​ជា​បន្តបន្ទាប់​រហូត​ធ្វើ​ឲ្យ​ទស្សនិកជន​ខ្មែរ​មួយចំនួន​បាន​ទទួល​ស្គាល់​ និង​គាំទ្រ​អ្វី​ ដែល​ជា​ស្នាដៃ​របស់​កូន​ខ្មែរ​នោះ​ តារា​សម្តែង​ប្រុស​-​ស្រី​ល្បី​ចំនួន​២​រូប​គឺ​អ្នកនាង នៅ សូ​នី​តា និង​លោក យ៉ែម សំ​អូន បាន​ចេញ​មុខ​​ទទូច ​និង​ស្នើ​​ជាថ្មី​ដើម្បី​សុំ​ការ​គាំទ្រ​ពី​សំណាក់​មហាជន​គ្រប់​មជ្ឈដ្ឋាន។

ការចេញមុខ​អំពាវនាវ​របស់​តារា​ប្រុស​-​ស្រី​ទាំងពីរ​រូបនេះ​គឺ​ស្រប​ពេលដែល​ថ្មីៗ​នេះ ​មានការ​ប្រកាស​ចាក់​​បញ្ចាំង​ខ្សែភាពយន្ត​ភាគ​ថ្មី​បែប​មនោសញ្ចេតនា​ស្នេហា​ស៊ីជម្រៅ ដែលជា​ស្នាដៃ​និពន្ធ​របស់​អ្នកនិពន្ធ​ភាពយន្ត​ល្បីឈ្មោះ​អ្នកស្រី ពាន់​ភួង​បុប្ផា គឺ​រឿង «​រ៉ៃ​មាស​»។

អ្នកស្រី ពាន់ ភួង​បុប្ផា ធ្លាប់បាន​បញ្ជាក់​កន្លង​មក​ថា ​ភាពយន្ត​ភាគ​រឿង រៃ​មាស ដែល​នឹងត្រូវ​ចាក់​បញ្ចាំង​ជា​ផ្លូវ​ការ​ ចាប់​ពីថ្ងៃ​ច័ន្ទ​ទី​០៩ ខែកញ្ញា នៅលើ​ស្ថានីយ​ទូរទស្សន៍​ថោ​ន​នេះ ​គឺ​នៅក្នុង​សាច់រឿង​ទាំងមូល​ បាន​ឆ្លុះបញ្ចាំង​អំពី​រឿងរ៉ាវ​ស្នេហា​និង​ចរិត​យុវវ័យ​ភ្លើតភ្លើន​ ដែលមាន​ស្នេហា ហើយ​ចុះ​ចោល​ផ្ទះ​សម្បែអ​រត់គេច​ចេញពី​ឪពុកម្ដាយ​ទៅ​រស់នៅ​ជាមួយ​សង្សារ​។ ប៉ុន្តែ​នៅ​ទីបំផុត ស្នេហា​របស់​ពួកគេ ក៏​ត្រូវបាន​បែកបាក់​គ្នា​វិញ។

ដោយ​បើតាម​ការ​រៀបរាប់​របស់​អ្នកនាង នៅ សូ​នី​តា ដែលជា​តួអង្គ​សំខាន់​នៅក្នុង​រឿងនេះ​​ ​បាន​និយាយថា សាច់​រឿងនេះ អ្នកដឹកនាំ​សម្ដែង​តម្រូវ​ឲ្យ​ដើរតួ​ជា នាង រៃ​មាស ហើយ​មាន​ប្តី​រហូតដល់​ទៅ​ពីរ ពោលគឺ​ក្រោយពេល​បែប​បាក់​គ្នា​ជាមួយ​ប្តី​ទីមួយ ក៏​ស្គាល់គ្នា​នឹង​បុរស​ទី​ពីរ តែ​បន្ទាប់​ទៀត ខ្លួន​ក៏ត្រូវ​រង​នូវ​ពាក្យ​ប្រមាថ​មើលងាយ​ពី​សំណាក់​ប្តី​ទី​ពីរ​នោះ​ផងដែរ ព្រោះតែ​នាង​ជា​អ្នកចម្រៀង​ប្រចាំ​តាម​ហាង​រាត្រី​ពេលយប់​។​ ចំណែកឯ​លោក យ៉ែម សំ​អូន សម្តែង​ជា​តួ​អង្គ​ប្តី​ដើម​របស់​នាង​ផងដែរ​។​

ជាមួយគ្នានេះដែរ​ទាំង​អ្នកនាង នៅ សូ​នី​តា​និង​លោក​យ៉ែម សំ​អូន ក៏បាន​ចេញមុខ​ស្នើ​ឲ្យ​ទស្សនិកជន​មានការ​ចូលរួម​គាំទ្រ​លើ​ស្នាដៃ​ភាពយន្ត​ភាគ​ខ្មែរ​ថ្មី​មួយ​នេះ​ ដែល​ត្រៀម​ចាក់​បញ្ចាំង នៅលើ​កញ្ចក់​ទូរទស្សន៍​ថោ​ន​នា​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០១៩ ខាងមុខនេះ​។​

សូមបញ្ជាក់ថា​ ខ្សែ​​​រឿង​នេះ​មានការ​ចូលរួម​សម្ដែង​ពី​សំណាក់​តារា​ប្រុស​-​ស្រី​ល្បីៗ​រួម​ដូចជា ៖ លោក យ៉ែម សំ​អូន ,​កញ្ញា ឌុ​ច លីដា ,​អ្នកនាង នៅ សូ​នី​តា ,​លោក អ៊ុន សុទ្ធា ,​អ្នកនាង ឆ​យី ព្រមទាំង​តារា​ប្រុស​-​ស្រី​មួយចំនួនទៀត៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114