ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម អញ្ជើញ​ទៅកាន់​ខេត្ត​តាកែវ និង​ខេត្ត​កំពត ដើម្បី​ត្រួតពិនិត្យ តាមដាន និង​វាយ​តម្លៃ​លើ​ការងារ​បង្កបង្កើនផល ការអនុវត្ត​ការងារ​បច្ចេកទេស​

តាកែវ ៖ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​លោក ស្រី ម៉ក់ ស៊ីថា អមដំណើរ​ដោយ​សហការី បាន​អញ្ជើញ​ទៅកាន់​ខេត្តតាកែវ និង​ខេត្ត​កំពត ដើម្បី​ត្រួតពិនិត្យ តាមដាន និង​វាយតម្លៃ​លើ​ការងារ​បង្កបង្កើនផល ការអនុវត្ត​ការងារ​បច្ចេកទេស ការងារ​ដឹកនាំ ការ​គ្រប់គ្រង និង​ការអនុវត្ត​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​តំណាក់កាល​ទី​៤ របស់​រាជ​រដ្ឋាភិបាល។

ការចុះ​ទៅកាន់​ខេត្ត ទាំងពី ខេត្តតាកែវ និង​ខេត្តកំពត​របស់ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​មន្ត្រី​ជំនាញ ពាក់ព័ន្ធ​នឹង​អភិបាល​ខេត្តតាកែវ បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ។

ក្រសួង​បាន​ឲ្យ​ដឹងថា លោក​រដ្ឋមន្ត្រី និង​ លោក អ៊ួ​ច ភា អភិបាល ​នៃ​គណៈ​អភិបាលខេត្ត ព្រម​ជា​មួយ​សហការី​ បាន​អញ្ជើញ​ចុះមក​ពិនិត្យ​ការ​បង្កបង្កើន​ផល​របស់​ប្រជាកសិករ​នៅ​ភូមិ​កណ្តាល ឃុំ​ពត់​សរ ស្រុក​បាទី។ នៅក្នុង​ភូមិ​នេះ​ មាន​កសិករ​១៥​គ្រួសារ កំពុង​ធ្វើស្រែ​បង្ហាញ​ពូជស្រូវ​តាម​បច្ចេក​ទេស​លើ​ផ្ទៃដី ១៧​ហិកតា ដោយ​ទទួល​បាន​ជំនួយ​បច្ចេកទេស​ពី​អង្គការ IRRI។

លោកពូ ភួ​ន ឈៀង មេឃុំ​ពត់​សរ​បាន​ឲ្យ​ដឹងថា​ បន្ទាប់ពី​អនុវត្ត​បច្ចេកទេស​ត្រឹមត្រូវ និង​ដោយមាន​លក្ខណៈ​អំណោយផល​ល្អ​ផ្នែក​ធារាសាស្ត្រ​ប្រឡាយទឹក​បេតុង ដែល​ឧបត្ថម្ភ​សង​សង់​ដោយ​ឯកឧត្ដម នួន បូ​ផល អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ឃុំ​ពត់​សរ និង​ជាពិសេស​ស្ថានីយ​បូមទឹក​មិត្តភាព​កម្ពុជា​-​ចិន ហ៊ុន សែន ទី​៧ ព្រៃ​ស្វា​ពត់​សរ ធ្វើ​ឲ្យ​ប្រជាកសិករ​ប្រមាណ​ជាង​៤០០​គ្រួសារ ​ក្នុងភូមិ​៣ ប្រើប្រាស់​ទឹក​សម្រាប់​ការងារ​បង្កបង្កើន​ផល ដាំ​បន្លែ ចិញ្ចឹម សត្វ លើ​ផ្ទៃដី​ជាង​៣០០​ហិកតា អាច​ធ្វើ​ស្រែ​បាន​ពី​២-៣/​ឆ្នាំ ដោយ​ទទួល​បាន​ទិន្នផល​ពី​៥-៦​តោន​/​ហិកតា។

លោក​រដ្ឋមន្ត្រី និង​លោក​អភិបាលខេត្ត បាន​សម្តែង​នូវ​ទឹកចិត្ត​សប្បាយរីករាយ និង​ចូលរួម​អបអរ​ចំពោះ​សមិទ្ធផល​ដែល​ប្រជាកសិករ​យើង​ទទួលបាន​នាពេលនេះ គឺ​ផលដំណាំ ប្រាក់ ចំណូល ការ​ជួប​ជុំ និង​សុភមង្គល​ក្នុង​គ្រួសារ ហើយ​អ្វី​ទាំងអស់នេះ ​គឺជា​ឆន្ទៈ​ និង​បំណង​ប្រាថ្នា​របស់​រាជរ​ដ្ឋា​ភិ​បាល​ដែលមាន​ សម្តេច​តេ​ជោ ​ជា​នាយករដ្ឋមន្ត្រី ចង់បាន ចង់​ឃើញ​ប្រជាពលរដ្ឋ​យើង​រស់នៅ​ដោយ​ភាព​ស្ងប់ស្ងាត់ សុខក្សេមក្សាន្ត ជីវភាព​ធូរធារ និង​មាន​សុភមង្គល។

លោក​បាន​បញ្ជាក់​ជូន​បង​ប្អូន​ប្រជាកសិករ​ថា ជាក់ស្ដែង​សមិទ្ធផល​ទាំងអស់នេះ​ គឺ​កើត​ចេញ​ពី​ការ​ខិតខំ​ប្រឹងប្រែង យកចិត្តទុកដាក់​រប​ស់​ឯកឧត្ដម​ប្រធាន​ក្រុមការងារ រួមផ្សំ​ជាមួយ​ការយកចិត្តទុកដាក់​អនុវត្ត​បច្ចេកទេស​បាន​ត្រឹមត្រូវ ហើយ​ពិតណាស់​ គឺ​ដោយសារ​ប្រទេសជាតិ​យើង​មាន​សុខ​សន្តិភាព ស្ថិរភាព​សង្គម សេដ្ឋកិច្ច និង​នយោបាយ​ពេញលេញ ដែល​បង្ក​លក្ខណៈ​ងាយស្រួល​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ប្រកបដោយ​ភាពសុខដុមរមនា ប្រកប​របរ​ធ្វើស្រែ​ចម្ការ ចិញ្ចឹម​សត្វ ត្រី និង​ដាំ​ដំណាំ​តាម​លទ្ធភាព​រៀងៗ​ខ្លួន​ ដើម្បី​និរន្តរភាព​នៃ​កំណើន​សេដ្ឋកិច្ច​ក្នុង​គ្រួសារ​។ ដូច្នេះ លោក​បាន​ស្នើ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត​លើ​ការងារ​បង្កបង្កើនផល​ធ្វើយ៉ាងណា​បង្កើន​បរិមាណ​ផលិត ធានា​គុណភាព លើកកម្ពស់​សមត្ថភាព​កែច្នៃ​ដើម្បី​ធ្វើការ​ប្រកួតប្រជែង ឆ្លើយតប​តាម​សេចក្តីត្រូវការ​ទីផ្សារ និង​ចំណង់​ចំណូលចិត្ត​អ្នក​បរិភោគ និង​ជាពិសេស​ដាច់ខាត​ត្រូវ​នាំគ្នា​ថែរក្សា​សុខ​សន្តិភាព និង​ស្ថិរភាព ទើប​អាចឈាន​ទៅធ្វើ​ការអភិវឌ្ឍ​ជា​បន្តបន្ទាប់។

ទាក់ទង​ការងារ​បច្ចេកទេស លោក​បាន​ណែនាំ​ឲ្យ​កសិករ​យកចិត្តទុកដាក់​បន្ថែមទៀត​លើ​ការងារ​ពង្រាប​ដី មើល​ថែទាំ​ស្មៅ សត្វល្អិត​ចង្រៃ ការគ្រប់គ្រង និង​ប្រើប្រាស់​ទឹក ដើម្បី​ធានា​បរិមាណ​ផល​កើន​ឡើង ហើយ​មន្ទីរ​គួរ​ជួយ​រៀបចំ​សហគមន៍​ផលិត​ស្រូវពូជ​ធានា​គុណភាព​ដើម្បី​ប្រើប្រាស់​ផ្ទាល់ ខ្លួន កាត់បន្ថយ​ការទិញ​ស្រូវពូជ​គ្មាន​ប្រភព​ច្បាស់លាស់ និង​ថ្លៃដើម​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114