ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រធាន​គណបក្ស​មួយ​ថា នយោបាយ​របស់ សម រ​ង្ស៉ី គឺ​ប្រើប្រាស់​ជីវិត​ប្រជាពលរដ្ឋ​ជានុ​យ ដើម្បី​ស្ទូច​យក​អំណាច

ភ្នំពេញ ៖ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ ដែល​ជា​អ្នក​នយោបាយ​វ័យ​ចំណាស់​មួយរូប ហើយ​ធ្លាប់បាន​តាមដាន​សកម្ម​ភាព​នយោបាយ​របស់​មេដឹកនាំ​គណបក្សប្រឆាំង​នៅ​កម្ពុជា ជាពិសេស​លោក សម រង្ស៊ី នោះ បាន​ចេញ​មក​បកអាក្រាត​ចរិត​ពិស​ពុល ​នៃ​នយោបាយ​របស់​ទណ្ឌិត សម រ​ង្ស៉ី នាពេល​កន្លងមក និង​បាន​អះអាងថា នយោបាយ​របស់​លោក សម រង្ស៊ី មិន​ខ្លាច​ចាយ​ជីវិត​ប្រជាពលរដ្ឋ​ជានុ​យ ដើម្បី​ស្ទូច​យក​អំណាច​សម្រាប់​ខ្លួន​នោះទេ​។

ការលើកឡើង​របស់ លោក ម៉ម សូណង់ដូ បានធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទៅ​០៦ ខែ​កញ្ញា ឆ្នាំ​២០១៩ គឺ​បន្ទាប់ពី​លោក សម រង្ស៊ី បាន​បង្ហោះ​សារ​នយោបាយ​មួយ​នៅលើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា នឹង​យក​គំរូ​តាម​ប្រទេស​ហ្វីលីពីន ដោយ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ក្រោក​ឈរឡើង​ផ្តួល​រំលំ​រាជ​រដ្ឋា​ភិបាល នៅពេល​លោក​វិលត្រឡប់​ចូល​ប្រទេស​កម្ពុជា​វិញ នា​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ខាងមុខ។

លោក ម៉ម សូណង់ដូ អះអាងថា កាលពី​ថ្ងៃទី​២៥ ខែ​សីហា ឆ្នាំ​២០១៩ កន្លងទៅ នៅក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ប្រី​ស្បាន (Brisbane) ប្រទេស​អូស្ត្រាលី សម រង្សី ក្នុង​នាម​ជា​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ និង​អតីត​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ដែល គ​.​ជ​.​ប​.​បាន​លុបឈ្មោះ​ចេញពី​បញ្ជី​រួចទៅហើយ​នោះ បាន​ប្រកាស​ថា ខ្លួន​នឹង​ត្រឡប់​ទៅ​កម្ពុជា​វិញ នៅ​ថ្ងៃទី​០៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ខាងមុខ ត្រូវ​ជួន​នឹង​ថ្ងៃ​ប្រារព្ធ​ពិធីបុណ្យ​ឯករាជ្យ​ជាតិ។

លោក ម៉ម សូណង់ដូ រំលឹកថា ថ្ងៃ​ចុងក្រោយបង្អស់​របស់ សម រ​ង្ស៉ី នៅ​កម្ពុជា គឺ​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ពីព្រោះ​ជា​ថ្ងៃ ដែល​ទណ្ឌិត​រូបនោះ បាន​គេចវេះ​ពី​ការ​បញ្ជា​ចាប់ខ្លួន​របស់​តុលាការ ក្នុង​សំណុំរឿង​ចំនួន​០៧ (​ប្រាំពីរ​) ករណី ពីបទ​បរិហារកេរ្តិ៍ ​សម្ដេច ហេង សំរិន និង ​សម្ដេច ហ៊ុន សែន ហើយ​នឹង​ពីបទ​ល្មើស​ផ្សំគំនិត​ក្លែងបន្លំ​ឯកសារ​សាធារណៈ។

លោក ម៉ម សូណង់ដូ លើកឡើង​ទៀតថា បើ​រំលឹក​អំពី​ព្រឹត្តិការណ៍​ផ្ទុះ​គ្រាប់បែក​នៅមុខ​អតីត​រដ្ឋសភា​កាលពី​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​១៦​នាក់ របួស​១៥០​នាក់ ហើយ​បន្ទាប់មក ក្រោយពេល​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ឆ្នាំ​១៩៩៨ មាន​កើត​បាតុកម្ម​ពេលយប់​ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​១៩៩៨ នៅមុខ​សណ្ឋាគារ Cambodiana មាន​មនុស្ស​ស្លាប់​១​នាក់ និង​របួស​ជាច្រើន​នាក់​។ ក្រោយមកទៀត គឺ​ព្រឹត្តិការណ៍​នៅ​ផ្លូវ​វេ​ង​ស្រេង​នៅ​យប់​ថ្ងៃទី​០៣ ខែ​មករា ឆ្នាំ​២០១៤ កម្មករ និង​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​រួម​គ្នា​ធ្វើបាតុកម្ម​យ៉ាង​គគ្រឹកគគ្រេង​បង្កើត​ឲ្យ​ផ្ទុះ​អំពើ​ហិង្សា និង​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់៤​នាក់ បាត់​ខ្លួន​១​នាក់ និង​របួស​៦០​នាក់​។​

តាម​លោក ម៉ម សូណង់ដូ ករណី​ទាំងឡាយ ដែល​បាន​រាយរាប់​ពី​ខាងលើ​មកនេះ ឆ្លុះបញ្ចាំង​នូវ​អាកប្បកិរិយា​នយោបាយ​របស់ សម រ​ង្ស៉ី ដែល​ប្រកាន់​យកតែ​អស្មិ​មានៈ ពោល គឺ​មានតែ​ការ​ប្រឈម​មុខ​គ្នា ទោះបីជា​ត្រូវ​ចំណាយ​ជីវិត​ប្រជាពលរដ្ឋ​អស់​ប៉ុន្មាន​នាក់​ក៏ដោយ​។ សម រ​ង្ស៉ី គិតថា “​ល្គឹកណា​មានការ​ជំរុញ​ឲ្យ​មាន​មនុស្ស​ស្លាប់​កាន់តែច្រើន ជោគជ័យ​របស់ខ្លួន នឹង​ឡើង​កាន់តែ​ខ្ពស់ ហើយ​ប្រជាប្រិយភាព​របស់​ សម្តេច ហ៊ុន សែន នឹង​កាន់តែ​ធ្លាក់ចុះ​”​។ ដូច្នេះហើយ សម រ​ង្ស៉ី មិន​រួញរា​សោះឡើយ​ក្នុងការ​ជ្រើសរើស​ប្រើប្រាស់​ជីវិត​ប្រជាពលរដ្ឋ​ធ្វើជា​នុយ​ស្ទូច​យក​អំណាច​។​

លោក ម៉ម សូណង់ដូ ពន្យល់ថា គេ​លើក​យកតែ​ឧទាហរណ៍​មួយ​មក​ពិនិត្យ​ក៏​អាច​ដឹង​ដែរ គឺ​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ នៅ​ថ្ងៃទី​០២ ខែកុម្ភៈ ឆ្នាំ​២០០៦ ដើម្បី​កែសម្រួល​សំឡេង​បោះឆ្នោត ពី​សំឡេង​​២/៣ មកជា​សំឡេង​ដាច់ខាត (៥០+១) នៃ​ចំនួន​សមាជិក​រដ្ឋ​សភា​ទាំងមូល និង​កូរ៉ុម​ប្រជុំ​។ នរណា​ក៏​ដឹង​ដែរ​ថា សម រ​ង្ស៉ី ដែល​យល់​ព្រមធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ត្រង់ចំណុច​នោះ ជា​ថ្នូរ​ចំពោះ​ការដែល​សម្តេច ហ៊ុន សែន ទូលថ្វាយ​សុំ​ព្រះមហាក្សត្រ​ព្រះករុណា នរោត្តម សីហមុនី សម្រេច​លើកលែងទោស​ឲ្យ​រួចខ្លួន ហើយនឹង​បាន​ត្រឡប់​ចូល​ស្រុក​វិញ នៅ​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០០៦ ប៉ុន្តែ​ទង្វើ​នោះ​បែរជា​ផ្តល់​លទ្ធភាព​ឲ្យ​គូរ​បដិបក្ខ​នយោបាយ​ទទួលបាន​នូវ​អត្ថប្រយោជន៍​ច្រើន​ជាង សម រ​ង្ស៉ី ខ្លួនឯង​។

ចំណុច​មួយទៀត ដែល​សបញ្ជាក់​អំពី​អត​ចរិត “​ឆ្អិន​ក្បាល​ស៊ី​ក្បាល ឆ្អិន​កន្ទុយ​ស៊ី​កន្ទុយ​” របស់ សម រ​ង្ស៉ី គឺ​នៅ​គ្រា​ដែល​ក្រោយ​ការបោះឆ្នោត​អាណត្តិ​ទី​៤ (២០០៨) មេគណបក្ស សម រ​ង្ស៉ី និង​មេគណ​បក្ស​សិទ្ធិមនុស្ស បានកំណត់​លក្ខខណ្ឌ​មួយចំនួន​ជា​ថ្នូរ នឹង​ការចូល​ប្រជុំ​សភា ប៉ុន្តែ សម រ​ង្ស៉ី បាន​បត់បែន​ជំហរ​របស់ខ្លួន​យ៉ាង​លឿន​២៤​ម៉ោង មុន​កាលបរិច្ឆេទ​ជំនុំ​សភា​នៅ​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០០៨ ដោយ​បង្ខំ​ឲ្យ​មេ​គណបក្ស​សិទ្ធិមនុស្ស (​កឹម សុខា​) ដែលជា​ដៃគូ​ឲ្យ​យល់ព្រម​ចូលរួម​ប្រជុំ​សភា​តាម ដែល​ខ្លួន​ចង់បាន ដោយ​មិនចាំបាច់​មាន​លក្ខខណ្ឌ​អ្វី​ឡើយ​។ តើ​អ្នកនយោបាយ​ប្រភេទ​នេះ ជះឥទ្ធិពល​អ្វីខ្លះ​ទៅលើ​ស្ថានភាព​នយោបាយ​របស់​ប្រទេស ? គឺ​ការស្រេកឃ្លាន “​អំណាច ដើម្បី​អំណាច​”​។ បើ​ប្រៀបធៀប​ទៅនឹង​អ្នកដឹកនាំ​ពិតប្រាកដ ដូចជា​លោកស្រី អង់ សាន​ស៊ូ​ជី សុខចិត្ត​ដើរចូល​ពន្ធនាគារ ប្រឈមមុខ​នឹង​ហានិភ័យ​គ្រប់បែបយ៉ាង ស៊ូ​លះបង់​ចោល​ស្វាមី ដើម្បី​បានរួម​រស់​ជា​មួយ​នឹង​ប្រជាពលរដ្ឋ​របស់លោក​ស្រី​។ លោកស្រី​ទទួលបាន​នូវ​ការគោរព​ពី​សំណាក់​អំណាច​យោធា​។ ដើម្បី​សន្តិភាព លោកស្រី​កំពុង​ខិតខំ​បំពេញ​កាតព្វកិច្ច​កសាង​នូវ​ការ​សហការ​គ្នា និង​ដឹកនាំ​ប្រទេស​របស់លោក​ស្រី​។

ឥឡូវនេះ បើ​យើង​ទាញយក​គំរូ​នោះមក​ដាក់​អនុវត្តន៍​នៅ​កម្ពុជា​វិញ យើង​ជឿជាក់ថា ចរន្ត​ នៃ​ការ​ស្អប់​ខ្ពើម​គ្នា​ទៅវិញទៅមក នឹងត្រូវ​កាត់ផ្តាច់​ចោល​ជា​រៀង​ដរាប​។ ការគោរព​គ្នា​ទៅវិញទៅមក គឺជា​យន្តការ​មួយ ដែល​ត្រូវ​ប្រើ​រយៈពេល​យូរ។ ត្រូវ​ទទួល​តែ​លទ្ធផល​ណា ដែល​ប្រជាពលរដ្ឋ​ចង់បាន​។​

ចំណែក​លោក សួន សេរី​រដ្ឋា អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ ដែលជា​អ្នកនយោបាយ​មួយរូប​រស់នៅ​បរទេស​ជា​យូរ​មកហើយ​នោះ ធ្លាប់បាន​និយាយថា លោក សម រង្ស៊ី លែងមាន​តម្លៃ​ជា​មនុស្ស​យូរ​ណាស់​មកហើយ តាំងពី​បុគ្គល​នេះ យក​ការ​ភូតភរ​កុហក​ម្តង​ហើយ​ម្តងទៀត មក​ធ្វើ​នយោបាយ​។
ក្នុងនោះ​រាប់​តាំងពី​ការប្រកាស​តាំងខ្លួន​ជា​អ្នកក្លាហាន ហ៊ាន​ជិះ​យន្ត​ហោះចូល​ស្រុក និង​បោក​សកម្មជន​ថា ខ្លួន​នឹង​មក​ចូល​គុក ជាប់គុក​ជាមួយ​សកម្មជន​ជាដើម​។ នោះ​វា​ជាការ​កុហក​រាប់​ភ្លេច​ទៅ​ហើយ​។

ជាមួយគ្នា​នោះ លោក សួន សេរី​រដ្ឋា បាន​ហៅ សម រង្ស៊ី គឺជា​សំផឹង​នយោបាយ ដែល​ចេះ​ត្រឹមតែ​ចាយ​សំដី​កុហក​បោកប្រាស់​អ្នកគាំទ្រ និង​សម្ងំ​សុខ​ម្នាក់ឯង ដើរលេង​ធ្វើ​ទេសចរណ៍​នយោបាយ​នៅ​ក្រៅ​ប្រទេស ចាយលុយ​ពួក​យួន​សេរី និង​ចាយលុយ​ពួក​ផ្កាប់មុខ ខ្វាក់​ខួរក្បាល​មួយចំនួន ដើម្បី​តណ្ហា​នយោបាយ​តែប៉ុណ្ណោះ​។ លោក សម រង្ស៊ី ធ្លាប់​យក​វាសនា កឹម សុខា មកលេង​ភ្នាល់​លើ Facebook ដើម្បី​បំបាក់ទឹកចិត្ត កឹម សុខា និង​បន្ទាប​គ្រួសារ កឹម សុខា ដោយ​ចាត់ទុក កឹម សុខា ជា​ឧបករណ៍​ល្បែង​នយោបាយ​របស់ខ្លួន​ដើម្បី​កម្សាន្ត​។ នេះ​មិន​ខុសពី​ពេលដែល​សកម្មជន​សង្គ្រោះ​ជាតិ កំពុង​ជាប់គុក​ទេ ដែល​កាលណោះ លោក សម រង្ស៊ី បាន​យក​ការជាប់គុក​ច្រវាក់​របស់​សកម្ម​ជន​ខ្លួន​មកលេង​សើច ដើម្បី​ចំណេញ​លុយ និង​ប្រមូល​លុយ​សម្រាប់​ទេសចរណ៍​នយោបាយ​របស់​ខ្លួន​ដែរ​។ សំផឹង​នយោបាយ​ដូច សម រង្ស៊ី វា​អស់សាច់​ទៅហើយ​សម្រាប់​អ្នកចេះ​តាមដាន​នយោបាយ តាំងពី​ឆ្នាំ​១៩៩៨ មករ​ហូត​ដល់ពេលនេះ​។ តែ​ពួក​អ្នក​ផ្កាប់មុខ ខ្វាក់​ខួរក្បាល​ជាមួយ សម រង្ស៊ី នោះ​រឹតតែ​អស់សាច់​ទៅទៀត ខណៈដែល​ចៅហ្វាយ​របស់ខ្លួន លាន​កន្ទុយ​កុហក​បោក​ប្រាស់​នៅលើ​គោក​បែបនេះ​ទៅហើយ ខ្លួន​នៅតែ​តាម​បិទបាំង​ហែហម ដូច្នេះ​វា​មិន​ខុសពី​ស្រាត​ខោរ​ខ្លួន​ឯង​ទៅធ្វើ​កន្ទប​ឲ្យ សម រង្ស៊ី ដែល​កំពុង​វង្វេង​ឆ្កួត​ដើរ​អត់​ខោរ​នោះ​ទេ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114