ព័ត៍មានទាន់​ហេតុការណ៏
Search

អភិបាល​រាជធានី ​ចង់​ឲ្យ​សង្កាត់​ពញា​ពន់ និង​សង្កា​ត់ព​ន្សាំ​ង​ខណ្ឌ​ព្រែក​ព្នៅ​ ក្លាយ​ជា​សង្កាត់​គំរូ​ និង​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​

ភ្នំពេញ​ ៖ អភិបាល​ នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ខណ្ឌ​ព្រែក​ព្នៅ លោក​ឃួ​ង ស្រេង មានបំណង​ចង់​ឲ្យ​សង្កាត់​ពញា​ពន់ និង​សង្កា​ត់ព​ន្សាំ​ង​ ខណ្ឌ​ព្រែក​ព្នៅ​ ក្លាយ ជា​សង្កាត់​គំរូ​ និង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ ដើម្បីឲ្យ​សេដ្ឋកិច្ច​គ្រួសារ​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នេះ ​កាន់តែ​ប្រសើរ​ជាង​មុន​មួយកម្រិត​ថែមទៀត​។

ការបង្ហាញ​ពី​បំណង​បែបនេះ​ គឺ​ក្នុងខណៈដែល​លោក​អភិបាល​និង​លោកស្រី​រួមជាមួយ​ក្រុមការងារ​និង​មន្ត្រី ជំនាញ អាជ្ញាធរ​ដែនដី​កាលពី​ថ្ងៃអាទិត្យ​ទី​០៨ ខែកញ្ញា ឆ្នាំ​២០១៩​នេះ បាន​ចំណាយ​ពេល​ថ្ងៃ​ឈប់សម្រាក​ពី​ការងារ​ប្រចាំថ្ងៃ អញ្ជើញ​ទៅ​ជួប​សំណេះសំណាល​សួរសុខទុក្ខ​ និង​ពិនិត្យ​ការដ្ឋាន​ស្ថាបនា​ផ្លូវ​នៅក្នុង​សង្កាត់​ខាងលើ ​ព្រមទាំង​បាន​នាំយក​អំណោយ​ជា​ថ្នាំពេទ្យ និង​ថវិកា​មួយចំនួន​ទៅ​ជូន​អ្នកជំងឺ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មណ្ឌល​សុខភាព​ពញា​ពន់​ផង​ដែរ​។

លោក​ចៅសង្កាត់​ពញា​ពន់ បាន​ឲ្យ​ដឹងថា នៅពេលនេះ​អាជ្ញាធរ​កំពុង​មមាញឹក​ស្ថាបនា និង​ជួសជុល​ផ្លូវ​ដែលជា​អាទិភាព​ចំនួន​១០​ខ្សែ ​ស្ថិតក្នុង​ភូមិធំ​ត្បូង​,​ភូមិធំ​ជើង​,​ភូមិ​បឹង និង​ភូមិ​វែង​សរុប​មាន​ប្រវែង​៦.៤៨២​ម៉ែត្រ​ដែល​បច្ចុប្បន្ន​ទទួល​រង​ការខូចខាត​ខ្លាំង​ ហើយក៏​ជា​ផ្លូវ​ដ៏​មមាញឹក​សម្រាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​ក្នុង​មូលដ្ឋាន។

លោក​ប្រធាន​ក្រុមការងារ​ឃួ​ង ស្រេង​ តែង​បាន​ចុះ​ជាប់​ជាមួយ​មន្ត្រី​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ដើម្បី​បានដឹង​ពី​សុខទុក្ខ និង​សំណូមពរ​ចាំបាច់​របស់​បងប្អូន​ដើម្បី​ងាយស្រួល​ក្នុងការ​ឆ្លើយតប​។​ តាម​ការពិនិត្យ​ជាក់ស្តែង​ភូមិ សាស្ត្រ​សង្កាត់​ទាំង​២​ខាងលើ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​មានការ​ប្រែប្រួល រីកចំរើន​ខ្លាំង​ទាំង​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​ផ្លូវថ្នល់​,​សំណង់​លំនៅដ្ឋាន​,​សំណង់​សា​ធារណៈ​ជាដើម​រីកដុះដាល​ព្រោងព្រាត​គ្មាន​នរណា​នឹកស្មាន​ដល់​។

លោក​ឃួ​ង ស្រេង បាន​លើកឡើងថា ផ្លូវ​គឺជា​សរសៃឈាម​សេដ្ឋកិច្ច មាន​ផ្លូវ​ល្អ​ គឺ​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរ​។ ​ដូច្នេះហើយ​បានជា​ក្រុមការងារ​តែង​បាន​យកចិត្តទុកដាក់​គិតគូរ​ខ្លាំង​ទៅលើ​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន និង តែង​បាន​ទំនុកបម្រុង​ទៅតាម​សំណូម​ពរ និង​លទ្ធភាព​ដែល​មាន​។

លោក​បាន​អះអាង ថា ចំណុច​អាទិភាព ​គឺ​ការជួសជុល​កែលំអ​ផ្លូវ​ជាង​៧​គីឡូម៉ែត្រ ​ក្នុង​សង្កាត់​ពញា​ពន់ និង​ជាង​១០​គីឡូម៉ែត្រ ​ក្នុង​សង្កាត់​ព​ន្សាំ​ង​ឲ្យ​បាន​ប្រសើរឡើង ​ព្រោះ​ផ្លូវ​ក្នុង​តំបន់​នេះ​ក៏​ជា​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​ទៅ​ទស្សនា​រមណីយដ្ឋាន​វប្បធម៌ ភ្នំ​ប្រសិទ្ធ និង​ភ្នំ​រាប​ផងដែរ​។ ដូច្នេះ ​លោក​អភិបាល​មានបំណង​ប្រែក្លាយ​ភូមិសាស្ត្រ សង្កាត់​ពញា​ពន់ និង​សង្កា​ត់ព​ន្សាំ​ង​ ឲ្យ​ក្លាយជា​សង្កាត់​គំរូ​លើ​ការអភិវឌ្ឍ​ និង​ផ្នែក​បរិស្ថាន​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ​ផងដែរ​៕


 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114