ព័ត៍មានទាន់​ហេតុការណ៏
Search

អ៊ីរ៉ង់​និយាយ​ថា ខ្លួន​អាច​ដោះលែង​នាវា​ដឹក​ប្រេង​ដោត​ទង់ជាតិ​អង់គ្លេស​នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត

ប្រទេស​អ៊ីរ៉ង់​កាលពី​ថ្ងៃអាទិត្យ​បាន​បង្ហើប​ថា ខ្លួន​អាច​នឹង​ដោះលែង​នាវា​ដឹក​ប្រេង​ដោត​ទង់ជាតិ​អង់គ្លេស​ដែល​ខ្លួន​បាន​រឹបអូស​កាលពី​ខែកក្កដា​ក្នុង​ដែនទឹក​នៃ​ឈូង​សមុទ្រ​ពែ​ក្ស​ស្របពេល​មានការ​ប៉ះទង្គិច​គ្នា​កាន់តែខ្លាំង​ជាមួយ​សម្ព័ន្ធមិត្ត​របស់​ចក្រភព​អង់គ្លេស​គឺ​សហរដ្ឋអាមេរិក​។​

អ្នកនាំពាក្យ​ក្រសួងការបរទេស​លោក Abbas Mousavi បាន​ប្រាប់​ទូរទស្សន៍​ជាតិ​ថា វិធានការ​ចាំបាច់​ដើម្បី​ដោះលែង​នាវា​ដែល​គ្រប់គ្រង​ដោយ​ប្រទេស​ស៊ុយអែត​កំពុងដំណើរការ​។​

លោក​បាន​និយាយ​ដោយ​មិន​ផ្តល់ព័ត៌មាន​លម្អិត​ថា “​ជំ​ហ៊ាន​ចុងក្រោយ​នៃ​និតិ​វិធី​ច្បាប់​កំពុងដំណើរការ​ហើយ​នាវា​នឹង​ត្រូវបាន​ដោះលែង​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​”​។​

ការ​រឹបអូស​នាវា Stena Impero ត្រូវបាន​គេ​មើលឃើញថា​ជា​វិធានការ​សងសឹក​មួយ​បន្ទាប់ពី​អាជ្ញាធរ​អង់គ្លេស​បាន​បង្ខាំង​នាវា​ដឹក​ប្រេង​អ៊ីរ៉ង់​មួយគ្រឿង​នៅក្នុង​ប្រទេស​ហ្ស៊ី​ប្រា​ល់តា​កាលពី​ខែកក្កដា​ដោយ​សង្ស័យថា នាវា​នេះ​កំពុង​ដឹក​ប្រេង​ទៅ​ប្រទេស​ស៊ី​រី​រំលោភ​លើ​ទណ្ឌកម្ម​របស់​EU​។​

នាវា​ដែល​ពីមុន​មាន​ឈ្មោះថា Grace 1 ប៉ុន្តែ​បាន​ប្តូរ​ឈ្មោះ​ទៅជា Adrian Darya មួយគ្រឿង​នេះ​ត្រូវបាន​ប្រទេស​ហ្ស៊ី​ប្រា​ល់តា​ដោះលែង​នៅ​ថ្ងៃទី​១៨​ខែសីហា​បន្ទាប់ពី​ទទួលបាន​ការធានា​ជា​លាយលក្ខណ៍អក្សរ​ពី​ប្រទេស​អ៊ីរ៉ង់​ថា នាវា​នេះ​នឹងមិន​ធ្វើដំណើរ​ទៅកាន់​ប្រទេស​នានា​ដែល​ស្ថិតនៅក្រោម​ការដាក់ទណ្ឌកម្ម​របស់ EU ទេ​។​
​រដ្ឋាភិបាល​ក្រុង​តេ​អេ​រ៉ង់​បាន​បដិសេធថា ខ្លួន​មិនបាន​សន្យា​អំពី​ទិសដៅ​របស់​នាវា​ដែល​ផ្ទុក​ប្រេង​ចំនួន​២.១​លាន​បារ៉ែល​នេះ​ទេ​។​

កាលពី​ថ្ងៃអាទិត្យ លោក Mousavi បាន​និយាយថា នាវា Adrian Darya បាន​ឈានដល់​គោលដៅ​របស់ខ្លួន​ហើយ​ប្រេង​ត្រូវបាន​លក់​ចេញ​ប៉ុន្តែ​មិន​ផ្តល់ព័ត៌មាន​លម្អិត​ទេ​។​
​ទោះបីជា​យ៉ាងណាក៏ដោយ លោក Mousavi មិនបាន​បញ្ជាក់ថា​តើ​នាវា Adrian Darya បាន​ទម្លាក់​ទំនិញ​របស់ខ្លួន​ដែរឬទេ​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114