ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ជួប​ជាមួយ​ក្រុមហ៊ុន​ដៃគូ​វិនិយោគ​ដាំ​ឈើ ពិភាក្សា​ការ​ងារ លើ វិស័យ​ឧស្សាហកម្ម​ឈើ​កែច្នៃ និង​សម្រាប់​បម្រើ​ឲ្យ​ការសាងសង់​អាគារ រោងចក្រ​គ្រឿង​សង្ហារិម និង​នាំចេញ​

ភ្នំពេញ​ ៖. លោក​រដ្ឋមន្ត្រី វេ​ង សាខុន នា​ព្រឹក​ថ្ងៃ​ច័ន្ទ ១១​កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព​.​ស​. ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០១៩ បានទទួល​ជួប​ប្រធាន​ក្រុមហ៊ុន​ដៃគូ​វិនិយោគ​ដាំ​ឈើ ដឹកនាំ​ដោយ Mr. Lu Chu Chang នៅ​ទីស្តីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។ ជំនួប​នា​ព្រឹក​នេះ ក្រុមហ៊ុន​មាន​គោលបំណង​រាយការណ៍​ជូន​លោក​រដ្ឋ​មន្ត្រី​ជ្រាប​អំពី​វឌ្ឍនភាព​នៃ​គម្រោង​វិនិយោគ​លើ​ការដាំ​ឈើ​បម្រើ​ឲ្យ​វិស័យ​ឧស្សាហកម្ម​ឈើ​កែច្នៃ និង​សម្រាប់​បម្រើ​ឲ្យ​ការសាងសង់​អាគារ រោងចក្រ​គ្រឿង​សង្ហា​រឹម និង​នាំចេញ​។

នា​ឱកាស​នោះ លោក Mr. Chang បាន​សម្តែង​អំណរគុណ​ចំពោះ​រដ្ឋបាល​ព្រៃឈើ និង​ជាពិសេស​លោក រដ្ឋមន្ត្រី ដែល​បានផ្តល់​កិច្ចសហការ លើកទឹកចិត្ត និង​គាំទ្រ​ដល់​ដំណើរការ​អភិវឌ្ឍ​ការដាំ​ឈើ​តាំងពី​ដំបូង រហូតមកទល់​បច្ចុប្បន្ន ហើយ​លោក​សង្ឃឹម និង​ជឿជាក់ថា រដ្ឋបាល​ព្រៃឈើ ក៏ដូចជា​ក្រសួង នឹង​បន្ត​ផ្តល់​កិច្ចសហការ​ដើម្បី​ឲ្យ​ក្រុមហ៊ុន​ឈានទៅ​សម្រេចបាន​នូវ​ផែនការ​វិនិយោគ​ដូច​ការរំពឹងទុក​។

ឆ្លៀត​យក​ឱកាស​នេះ ក្រុមការងារ​របស់លោក​បាន​រាយការណ៍​អំពី​សមិទ្ធផល​ដែល​ក្រុមហ៊ុន​សម្រេចបាន​នា ពេល​បច្ចុប្បន្ន​មានដូចជា​ការបណ្តុះ​កូនឈើ​ពូជ ការ​ដាំដុះ មានដូចជា​កូនឈើ​ប្រេងខ្យល់ អាកាស្យា មៃ​សាក់ រកា​។​ល​។ ចាប់តាំងពី​ឆ្នាំ​២០១៧ មក​បច្ចុប្បន្ន ក្រុមហ៊ុន​បានធ្វើ​ការដាំដុះ​ប្រភេទ​ឈើ​ខាងលើ​បាន​ជាង ២ ០០០​ហិត​តា ហើយ​កំពុង​រៀបចំ​ផែនការ​ពង្រីក​ការដាំដុះ​ឲ្យ​បាន ៥ ០០០ ហិត​តា​បន្ថែម​ទៀត​ក្នុង​ឆ្នាំ​២០២០​។ លោក​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា ដោយសារ​ក្រុមហ៊ុន​បាន​បោះ​ទុន​វិនិយោគ​ជាង ២ លាន​ដុល្លារ​សហរដ្ឋអាមេរិក​ប​ង្កើ​ត​វិទ្យាស្ថាន​ស្រាវជ្រាវ និង​បង្កាត់​ពូជ​ឈើ​នៅ​ខេត្តកំពង់ធំ ដើម្បី​ធ្វើការ ផ្សព្វផ្សាយ​ពូជ​ឈើ បណ្តុះបណ្តាល​បច្ចេកទេស លើកកម្ពស់​គុណភាព​ឈើ និង​និរន្ត​ភាព​នៃ​ការផ្គត់ផ្គង់​កូនឈើ​ពូជ និង​ជាពិសេស​ដោយសារ​ភាពអំណោយ​ផល​នៃ​ក្សេត្រ​បរិស្ថាន​នៃ​ប្រទេស​កម្ពុជា ពូជឈើ​ដែល​កំពុង​ដាំ​ដុះ​នោះ​នឹងមាន​អាយុ​ត្រឹមតែ ៦​ឆ្នាំ អាច​ប្រមូល​ផល​បាន​១៥០ ម៉ែត្រត្រីគុណ ក្នុង​១​ហិត​តា​។

មានប្រសាសន៍​នាឱកាស​នេះ លោក រដ្ឋមន្ត្រី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ដែល​ក្រុមហ៊ុន​សម្រេចបាន​រួមមាន​ការដាំ ការបណ្តុះ​កូន និង​ជាពិសេស​បាន​បង្កើត​វិទ្យាស្ថាន​ស្រាវជ្រាវ​ឈើ​ដាំ ដែល​វិទ្យាស្ថាន​នេះ​នឹង​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​វិស័យ​ព្រៃឈើ​កម្ពុជា តាមរយៈ​ការងារ​ស្រាវជ្រាវ ផ្សព្វផ្សាយ បណ្តុះ​កូន និង​ដាំ​ឈើ​ស្តារ​ព្រៃឈើ​ឡើងវិញ​ស្រប​តាម​គោលនយោបាយ​របស់​ក្រសួង និង​ជាពិសេស​របស់​រាជ​រដ្ឋាភិបាល​។ ទន្ទឹម​នឹង​នេះ លោក រដ្ឋមន្ត្រី បាន​ណែនាំ​ឲ្យ​ក្រុមហ៊ុន​ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ដោយ​សហការ​ជាមួយ​រដ្ឋបាល​ព្រៃ ឈើ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត ដើម្បី​ព​ន្លឿ​ន​សកម្មភាព​លើ​ការងារ​ដាំ​ដុះ​ឲ្យ​គ្រប់​តាម​ផែន​ការដែល​បានគ្រោង​ទុក​។

ក្រសួង​នឹង​រង់ចាំ​ផ្តល់​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន ក្នុង​បំណង​ជួយ​លើកទឹកចិត្ត និង​គាំទ្រ​លើ​ការវិនិយោគ​របស់​ក្រុមហ៊ុន ប្រយោជន៍​ដើម្បី​លើកកម្ពស់​សមត្ថភាព​ផ្គត់ផ្គង់​ផលិតផល​ឈើ​ដាំ​ឧស្សាហកម្ម​លើ​ទីផ្សារ​ក្នុង និង​ក្រៅប្រទេស ធ្វើការ​ប្រកួត ប្រជែង ជំរុញ​ការប្រើប្រាស់​ផលិតផល​ឈើ​ដាំ កាត់បន្ថយ​ការប្រើប្រាស់​ឈើ​ធម្មជាតិ និង​ជាពិសេស​បង្កើត និង​រក្សាបាន​នូវ​គម្រប​ព្រៃឈើ បង្កើត​ការងារ បង្កើន​ចំណូល និង​និរន្តរភាព​សេដ្ឋកិច្ចជាតិ៕
ឌួង​វិ​រះជ័យ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114