ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋបាល​ខណ្ឌ​ដូនពេញ​ បន្ត​ជួសជុល​ផ្លូវ​ដែល​រង​ការខូចខាត​សំបុក​មាន់ ​ឬ​ដក់​ទឹក

ភ្នំពេញ ​៖ ​ផ្លូវ​ខូចខាត​ដោយ​សំបុកមាន់ ឬ​ដក់​ទឹក ត្រូវបានធ្វើ​ការជួសជុល​ឡើងវិញ​ជា​បន្តបន្ទាប់ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ទូទៅ នា​រដូវវស្សា​នេះ។ ដោយ​ពិនិត្យ​ឃើញ​ថា ​ផ្លូវ​មួយចំនួន​នៅក្នុង​មូលដ្ឋាន​ខណ្ឌ​ដូនពេញ​កំពុង​រង​ការខូចខាត​របៀប​ដូច​ជា​សំបុកមាន់​ ឬ​ដក់​ទឹក​នាំ​ឲ្យ​ខូចខាត​ធ្ងន់ធ្ងរ​នោះ ​លោក សុខ ពេញ​វុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ ដោយ​ឆ្លៀត​ពី​ម៉ោង​រដ្ឋបាល​បាន​បន្ត​ចុះ​ត្រួតពិនិត្យ​ការងារ​ជួសជុល​ផ្លូវ​ខូចខាត​ដោយ​សំបុក​មាន់ ដោយ​ក្រុមការងារ​ការិយាល័យ​សាធារណការ​ខណ្ឌ នៅ​តាម​បណ្ដា​ផ្លូវ​មួយ​ចំនួន​រួមមាន ​ផ្លូវ​លេខ​១៣០ កែង​មហាវិថី​ព្រះ​នរោត្តម ផ្លូវ​លេខ​៥១(​ចន្លោះ​ផ្លូវ​លេខ​២២៨ និង​ផ្លូវ​លេខ​២៤០) និង ផ្លូវ​លេខ​២៤០(​ចន្លោះ​ផ្លូវ​លេខ​០៣ ដល់​ផ្លូវ​លេខ​១៩) ស្មើនឹង​ទំហំ​ខូចខាត​សរុប​ចំនួន ២២​ម៉ែត្រការ៉េ។

ក្នុង​ការចុះពិនិត្យ​ការដ្ឋាន​នេះដែរ លោក​អភិបាល ក៏បាន​ធ្វើការ​ណែនាំ​បន្ថែម​ដល់​មន្ត្រី​ជំនាញ និង​សង្កាត់​ពាក់ព័ន្ធ បន្ត​ចុះ​ពិនិត្យ និង​រាយការណ៍ អំពី​ស្ថានភាព​ផ្លូវ​ខូចខាត​ដោយ​សំបុកមាន់ ផ្លូវ​ស្រុត លូ​-​អណ្តូង​លូ​បាក់បែក ស្ទះលូ និង​បង្គោល​ភ្លើង​សាធារណៈ​ផងដែរ ដើម្បី​រដ្ឋបាល​ខណ្ឌ​-​សង្កាត់ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ធ្វើការ​ជួសជុល កែលំអ​បាន​ទាន់ពេលវេលា។

ជាមួយគ្នា​នោះដែរ​ រដ្ឋបាល​ខណ្ឌ ក៏​សូម​លើកទឹកចិត្ត​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ​ចូលរួម​សហការ​រាយការណ៍​មក​អាជ្ញាធរ​មូលដ្ឋាន តាម​គ្រប់​មធ្យោបាយ ដើម្បី​មាន​មូលដ្ឋាន និង​ព័ត៌មាន ក្នុង​ការ​ចុះ​ពិនិត្យ ជួសជុល និង​កែលំអ​បន្ថែម៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114