ព័ត៍មានទាន់​ហេតុការណ៏
Search

ការប្រកួត​កីឡា​ប៉េតង់ ​ដណ្តើម​ពាន​រង្វាន់ ​សម្ដេច​វិបុល​បញ្ញា សុខ អាន លើក​ទី​៧ ចាប់ផ្ដើម​នា​ចុងខែ​កញ្ញា​នេះ

ព្រឹត្តិការណ៍​ការប្រកួត​កីឡា​ប៉េតង់​ដណ្តើមពាន​រង្វាន់​ សម្តេច​វិបុល​បញ្ញា​ សុខ អាន លើក​ទី​៧ ឆ្នាំ​២០១៩ នឹង​ប្រព្រឹត្ត​ឡើង​នា​ចុងខែ​កញ្ញា​ខាងមុខនេះ ដើម្បី​រំលឹក​ដល់​គុណូបការៈ​របស់ ​សម្ដេច​ដែល​ជា​ស្ថាបនិក និង​អភិវឌ្ឍន៍​កីឡា​ប៊ូល និង​ប៉េតង់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។​ នេះ​បើតាម​ការ​ប្រកាស​ជា​ផ្លូវការ​របស់​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា។

លោក សូ​ម៉ៃ សុខ​គា អគ្គលេខាធិការ​រង សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា បាន​មានប្រសាសន៍ថា ការប្រកួត​ពានរង្វាន់​សម្តេច​វិបុល​បញ្ញា សុខ អាន ឆ្នាំ​២០១៩ នឹង​ចាប់ពី​ថ្ងៃទី​២០​ ដល់​ថ្ងៃទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៩ នៅ​ទីលាន​កីឡា​ប៊ូល ​និង​ប៉េតង់ ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក។

លោក​បាន​បន្ថែម​ទៀត​ថា ចំពោះ​វិញ្ញាសា​ប្រកួត​រួមមាន វិញ្ញាសា​បុរស ៣​នាក់ ទល់ ៣​នាក់ (​បម្រុង ១) (​មិន​កំណត់​អាយុ​) វិញ្ញាសា​នារី ​៖ ៣​នាក់ ទល់ ៣​នាក់ (​បម្រុង​១)(​មិន​កំណត់​អាយុ​) វិញ្ញាសា​យុវនារី​៖២​នាក់ ទល់ ២​នាក់ (​អាយុ​ក្រោម ១៨​ឆ្នាំ​) និង​វិញ្ញាសា​យុវជន​៖៣​នាក់ ទល់ ៣​នាក់ (​បម្រុង ១) (​អាយុ​ក្រោម១៨​ឆ្នាំ​)។
លោក​អគ្គលេខាធិការ​បន្ត​ថា វិញ្ញាសា​ពាន​វ័យចាស់​ ៖៣​នាក់ ទល់ ៣​នាក់ (​បម្រុង ១) (​អាយុ​៥៥​ឆ្នាំ​ឡើងទៅ​) និង​វិញ្ញាសា​ពាន​សមាគម​៖ ៣​នាក់ ទល់ ៣​នាក់ (​បុរស​) សម្រាប់​ក្រុម​ដែល​ពុំបាន​ជាប់​ចំណាត់ថ្នាក់​ពី​លេខ​០១ ដល់ លេខ​០៨ តែប៉ុណ្ណោះ​។

គួរ​បញ្ជាក់ថា ការទទួល​ពាក្យ​ចាប់​ពី​ថ្ងៃ​ជូនដំណឹង រហូតដល់​ថ្ងៃទី​១៧​ ខែ​កញ្ញា​ ឆ្នាំ​២០១៩ វេលា​ម៉ោង ១១​និង​០០​ព្រឹក ​នៅ​ទីស្នាក់ការ​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា (​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​) និង​ការប្រជុំ​ចាប់ឆ្នោត​ប្រកួត នៅ​ថ្ងៃទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​០២​និង​៣០​នាទី​រសៀល នៅ​ទីលាន​កីឡា​ប៊ូល និង​ប៉េតង់ (​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក)៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114