ព័ត៍មានទាន់​ហេតុការណ៏
Search

ភាពយន្ត​ភាគ​ថ្មី​រឿង មនុស្ស​ពិត ឆ្លុះបញ្ចាំង​ស្នេហា​ផិត​ក្បត់​រវាង​បុរស​ម្នាក់ ​និង​នារី​ពីរ​នាក់​មិត្តភក្ដិ​គ្នា​ត្រៀម​ចាក់​បញ្ចាំង​ឆាប់ៗ​នេះ ​លើ​ទូរទស្សន៍​បាយ័ន​

ភ្នំពេញ ​៖​ ទស្សនិកជន​ច្បាស់​ជា​ប្លែក​ភ្នែក​ ប្លែក​អារម្មណ៍​ទៀតហើយ​ ជាមួយនឹង​ខ្សែភាពយន្ត​ភាគ​ថ្មី​បែប​មនោសញ្ចេតនា​ស្នេហា​ផិត​ក្បត់​រវាង​បុរស​ម្នាក់ ​និង​នារី​ពីរ​នាក់ ​ដែល​ត្រូវជា​មិត្តភក្ដិ​ជាមួយគ្នា​ប៉ុន្តែ​ក្រោយខ្នង ​បែរជា​មាន​កលល្បិច​ពិសពុល​ស្ទើរ​នឹកស្មាន​មិន​ដល់ ​ព្រោះតែ​លួចលាក់​មាន​ស្នេហា​យ៉ាង​ក្តៅ​រោលរាល​ជាមួយ​បុរស​ដែល​ត្រូវជា​ប្តី​មិត្តភក្ដិ​ខ្លួនឯង​ទៅវិញ។

ភាពយន្ត​ភាគ​ដែល​ធ្វើ​ឲ្យ​មហាជន​កំពុងតែ​ទន្ទឹងរង់ចាំ ​ហើយនឹង​ត្រូវ​ចាក់​បញ្ចាំង​នៅ​លើ​ស្ថានីយ​ទូរទស្សន៍​បាយ័ន​នោះ ​គឺ​ រឿង មនុស្ស​ពិត។​ នៅក្នុង​សាច់រឿង​នេះ​ មិន​ត្រឹមតែ​ឆ្លុះបញ្ចាំង​ពី​រឿងរ៉ាវ​ស្នេហា​ផិតក្បត់​ ឈឺចិត្ត​គ្រាំគ្រា​បេះ​ដូង ព្រោះតែ​មិត្តភក្ដិ​ហែក​ទ្រូង​មិត្តភក្ដិ​ខ្លួនឯង ​តាមរយៈ​ដណ្តើម​ប្តី នោះទេ ​គឺ​ថែមទាំង​បង្ហាញ​ឲ្យ​ទស្សនិកជន​បានឃើញ​ទិដ្ឋភាព​ជាក់ស្តែង​មួយចំនួន​ដែល​កើតមាន​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន​ផងដែរ។

ខ្សែភាពយន្ត​ភាគ​ថ្មី​ដែល​នឹង​ក្លាយជា​ចំណី​ចក្ខុ​អារម្មណ៍​របស់​មហាជន​នាពេល​ឆាប់ៗ​នៅលើ​កញ្ចក់​ទូរទស្សន៍​បាយ័ន​រឿង មនុស្ស​ពិត នេះ ​គឺ​មាន​ការចូលរួម​សម្តែង​ពី​តារា​ស្រី​ល្បីៗ​ពីររូប​ គឺ​ កញ្ញា​ រឿន ណាត​ សម្តែង​ជា​តួអង្គ​ឈ្មោះ​បរ​មី​ ចំណែកឯ​កញ្ញា ស៊ឹម ស្រី​និ​ច សម្តែង​ជា​តួអង្គ​ឈ្មោះ លីន​ដា។​

អ្នកដឹកនាំ​តម្រូវ​ឲ្យ​តួ​ស្រី​ទាំងពីរ​ជា​មិត្តភក្ដិ​នឹង​គ្នា​ ប៉ុន្តែ​ក្រោយមក​ ក៏មាន​រឿងរ៉ាវ​ដ៏​ហួស​ចិត្ត​កើតឡើង​ដោយ​ភាគី ស៊ឹម ស្រី​និ​ច (​លីន​ដា )​បែរ​ដណ្តើម​ប្តី​មិត្តភក្ដិ ​គឺ រឿន ណាត (​បរ​មី​)​ រហូត​ឈាន​ដល់​បញ្ចប់​ចំណង​អាពាហ៍ពិពាហ៍​ជា​ប្តី​ប្រពន្ធ​នឹង​គ្នា។

ដើម្បី​បានដឹង​កាន់តែច្បាស់​នូវ​ផ្ទៃ​សាច់រឿង​ទាំង​មូល នៃ​ភាពយន្ត​រឿង មនុស្ស​ពិត ដែល​ជា​វណ្ណកម្ម​ថ្មី​របស់​ខ្មែរ​ និងមាន​ការចូលរួម​សម្តែង​ដោយ​តារា​ប្រុស​-​ស្រី​ល្បីៗ​ជាច្រើន​ទៀត​នោះ​ សូម​ទស្សនិកជន​រង់ចាំ​ទស្សនា​ទាំងអស់គ្នា​នៅពេល​ឆាប់ៗ​ខាងមុខនេះ​ ដែល​នឹងមាន​ការចាក់​បញ្ចាំង​នៅ​លើ​ស្ថានីយ​ទូរទស្សន៍​បាយ័ន​៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114