ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នកនាង ចាន់ណា សុខ​ឃីម ក្រោយ​បាត់​មុខ​ពី​ការផលិត​ភាពយន្ត​មួយរយៈ ​ស្រាប់តែ​ចាយលុយ​ខ្ទង់​ម៉ឺន​ដុល្លារ ​បើកហាង​ផ្ទាល់ខ្លួន​ កក្រើក​អ្នកសិល្បៈ​

ភ្នំពេញ ៖ អតីត​ម្ចាស់​ផលិតកម្ម​ឥន្ទ្រា​និម្មិត​ និង​ជា​ផលិតករ​ភាពយន្ត​ល្បីឈ្មោះ​មួយរូប​ អ្នកនាង ចាន់​ណា សុខ​ឃីម បន្ទាប់ពី​បាត់​មុខ​ពី​វិស័យ​សិល្បៈ​ និង​ការផលិត​ភាពយន្ត​មួយសន្ទុះ​មក​នោះ​ ក៏​ស្រាប់​តែ​ប្រកាស​ចេញមុខ​បើក​អាជីព​ផ្ទាល់ខ្លួន ​កាលពី​រាត្រី​ថ្ងៃទី​០៩​ ខែ​កញ្ញា ​ឆ្នាំ​២០១៩ ​ដោយមាន​វត្ត​អ្នក​សិល្បៈ​ជាច្រើន​នាំគ្នា​ចូលរួម​អបអរ។

អាជីព​ថ្មី​ដែល​ត្រូវបាន​ផលិតករ​ល្បីឈ្មោះ​តាមរយៈ​រឿង​ខ្នាត​ធំ​ខ្មែរ​ គឺ កំណត់ហេតុ​នាង​នាថ អ្នកនាង ចាន់ណា សុខ​ឃីម ប្រកាស​បើក​ដំណើរការ​នោះ ​គឺ​ហាង​បុក​ល្មុង ​ដែល​មាន​ឈ្មោះថា បុក​ល្មុង​ស្នាដៃ​ប្តី​ខ្ញុំ ដែលមាន​ទីតាំង​ស្ថិតនៅ​ខាងក្រោយ​វាំង​តែម្តង​។​ នៅ​ថ្ងៃ​ពិសេស​នេះ​ដែរ ​គេ​សង្កេតឃើញ​មាន​ភ្ញៀវ​ដែល​ជា​សិល្បករ​-​សិល្បការិនី​មួយចំនួន​បាននាំគ្នា​អញ្ជើញ​ចូលរួម​ជាមួយ​បរិយាកាស​សប្បាយ​រីករាយ។

អ្នកនាង ចាន់ណា សុខ​ឃីម បាន​បញ្ជាក់ថា​ គិត​រហូត​មកទល់ពេលនេះ​ អ្នកនាង​បាន​ផ្អាក​ពី​ការ​ផលិត​ភាពយន្ត​មាន​រយៈពេល​ប្រមាណ​ជាង​១​ឆ្នាំ​មកហើយ ​ដោយសារ​តែ​រវល់​យក​ពេលវេលា​ ដើម្បី​ពង្រឹង​មុខ​ជំនួញ​ហាង​បុក​ល្មុង​ខាងលើ​។ ​ម្យ៉ាងទៀត​បើ​និយាយ​ពី​អាជីព​បើកហាង​បុក​ល្មុង​នេះ​ ក៏​មាន​រយៈពេល​ជាង​១​ឆ្នាំ​ដូចគ្នា​ ពោល​គឺ​ក្រោយពេល​អ្នកនាង​បាត់​មុខ​ពី​វិស័យ​សិល្បៈ​តែម្ដង​។

អ្នកនាង​បន្តថា ​បើទោះបីជា​បច្ចុប្បន្ន​ខ្លួន​ និង​ស្វាមី​រវល់​ក្នុងការ​រកស៊ី​បើកហាង​បុក​ល្មុង​ និង​លក់​គ្រឿង​ក្លែម​ដែល​កំពុង​ត្រូវបាន​បើក​ដំណើរ​ការ​លក់​នេះ​ក៏​ពិតមែន តែ​សម្រាប់​អាជីព​សិល្បៈ ​គឺ​ក្រោយ​ពេល​ដែល​មុខរបរ​មួយ​នេះ​មាន​ភាពជោគជ័យ ​ហើយ​រឹងមាំ​ខ្លាំង​នោះ ​អ្នកនាង​ នឹង​វិល​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​វិញ ​តាមរយៈ​ការផលិត​ភាពយន្ត​ខ្មែរ​។

អ្នកនាង ចាន់ណា សុខ​ឃីម និយាយទៀតថា​ ជា​គម្រោង ​អាច​ឆ្នាំក្រោយ ​នឹង​វិលត្រឡប់​ចូល​វិស័យ​សិល្បៈ​វិញ​ផង​ដែរ​។

បន្ថែម​ពីលើ​នេះ ​អ្នកនាង​ចាន់ណា សុខ​ឃីម បាន​លើកឡើងថា ​ការដែល​អ្នកនាង​សម្រេច​ប្តូរ​អាជីព​ពី​ការផលិត​ភាពយន្ត​មក​បើកហាង​រកស៊ី​(​បុក​ល្មុង​)​ផ្ទាល់ខ្លួន​នេះ​ ក៏​ព្រោះតែ​កាលពី​គ្រា​ដែល​នៅ​ជា​ផលិត​ករ​មើលឃើញ​ពី​សន្ទុះ​ នៃ​ការគាំទ្រ​ភាពយន្ត​របស់​ខ្មែរ​ហាក់ដូច​នៅមានកម្រិត​ជាក់ស្ដែង​ដូចជា​រឿង​ចុងក្រោយ​ដែល​អ្នកនាង​ផលិត ​គឺ​រឿង​សសរ​ក្រឡោ​ង គឺ​មាន​ការ​គាំទ្រ​មិន​ច្រើន​ដូច​រឿង កំណត់​ហេតុ​នាង​នាថ នោះឡើយ។ ហេតុផល​នេះហើយ​ទើប​ជំរុញ​ឲ្យ​អ្នកនាង​ និង​ស្វាមី ​ដកឃ្លា​ពី​សិល្បៈ​មួយរយៈ​សិន​ ដើម្បី​បើកមុខ​របរ​ផ្ទាល់ខ្លួន​រហូតមកទល់​ពេលនេះ​៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114