ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នកជំងឺ​ស្លាប់​ដោយសារ​ការកកស្ទះ​ចរាចរណ៍​ក្នុង​ទីក្រុង​ម៉ានីល​រារាំង​រថយន្ត​សង្គ្រោះ​បន្ទាន់

ក្រុមគ្រូពេទ្យ​បាន​ព្រមាន​ថា ការកកស្ទះ​ចរាចរណ៍​ក្នុង​ទីក្រុង​ម៉ានីល​ កំពុង​ឆក់យក​ជីវិត​មនុស្ស​ជាច្រើន​នាក់​ ខណៈពេលដែល​រថយន្ត​សង្គ្រោះបន្ទាន់​ត្រូវ​ជាប់គាំង​យ៉ាងយូរ​ដោយ​មិនអាច​ធ្វើដំណើរ​ទៅកាន់​មន្ទីរពេទ្យ​របស់​ទីក្រុង​បាន​។​

ផ្លូវ​ពិសេស​សម្រាប់​រថយន្ត​សង្គ្រោះបន្ទាន់​មិនត្រូវ​បានដាក់​ឲ្យ​ប្រើប្រាស់​ទេ​, ហេដ្ឋារចនាសម្ព័ន្ធ​ហួស​សម័យ​ហើយ​អ្នកបើកបរ​ក្នុង​មូលដ្ឋាន​ជារឿយៗ​មិនមាន​ឆន្ទៈ​ឬ​មិនអាច​ធ្វើដំណើរ​បាន​ដែល​នេះ​ជាហេតុ​ធ្វើ​ឲ្យ​អ្នកជំនាញ​ស្ថានភាព​និយាយថា​កំពុង​បណ្តាល​ឲ្យ​អ្នកជំងឺ​ស្លាប់​តាមផ្លូវ​។​

អ្នកបើកបរ​រថយន្ត​សង្គ្រោះបន្ទាន់​និង​ជា​គ្រូពេទ្យ​ម្នាក់​ឈ្មោះ Joseph Laylo បាន​ប្រាប់ AFP ថា “​អ្នកមាន​អារម្មណ៍​ថា​ទទេ​។ វា​ដូចជា​អ្នក​មិន​ត្រូវបាន​ផ្តល់ឱកាស​ឲ្យ​ធ្វើ​អ្វី​គ្រប់យ៉ាង​តាម​សមត្ថភាព​របស់​អ្នក​ដើម្បី​ជួយ​គេ​។ ប្រសិនបើ​ចរាចរណ៍​មិនអាក្រក់​ទេ វា​អាចជួយ​សង្គ្រោះ​អ្នកជំងឺ​”​។​

ថ្វីបើ​ស្គាល់ផ្លូវ​កាត់​ឬ​បើកបរ​ដោយ​បើក​សំឡេង​ស៊ី​រ៉ែ​ន​ឬ​ការបើក​រថយន្ដ​ដោយ​មិនចេះ​យោគយល់​ក៏ដោយ​ក៏​រថយន្ត​សង្គ្រោះបន្ទាន់​នៅតែ​មិនអាច​ទៅដល់​ទាន់ពេលវេលា​ដែរ​។​

អ្នកបើករថយន្ត​ឈ្មោះ Adriel Aragon នៅតែ​នឹកឃើញ​បន្ទាប់ពី​បាត់បង់​អ្នកជំងឺ​ដែលមាន​សភា​ធ្ងន់ធ្ងរ​ម្នាក់​នៅពេល​គាត់​ត្រូវ​ចំណាយពេល​៤០​នាទី​ដើម្បី​ទៅដល់​មន្ទីរពេទ្យ​។ តាម​ធម្មតា ការធ្វើដំណើរ​ត្រូវ​ចំណាយពេល​តិចជាង​នោះ​ពាក់កណ្តាល​ឯណោះ​។​

៥​នាទី​មុនពេល​ពួកគេ​ទៅដល់​មន្ទីរពេទ្យ ជីពចរ​របស់​ស្ត្រី​នោះ​លែង​ដើរ​។ នាង​ត្រូវបាន​ប្រកាសថា​ស្លាប់​បន្ទាប់ពី​ពួកគេ​រុញ​នាង​ចូល​បន្ទប់សង្គ្រោះបន្ទាន់​។​

ជាមួយ​ប្រជាជន​ប្រមាណ​១៣​លាន​នាក់ ទីក្រុង​ម៉ានីល​មាន​យានយន្ត​ចុះបញ្ជី​ជិត​មួយគ្រឿង​សម្រាប់​មនុស្ស​ម្នាក់​។

យោងតាម​ការសិក្សា​ដែល​ឧបត្ថម្ភ​ថវិកា​ដោយ​រដ្ឋាភិបាល​ជប៉ុន​ក្នុង​ឆ្នាំ​២០១៧​បាន​បង្ហាញថា ការស្ទះ​ចរាចរណ៍​បានធ្វើ​ឲ្យ​ទីក្រុង​នេះ​ខាតបង់​ថវិកា​ចំនួន​៦៧​លាន​ដុល្លារ​ជា​រៀងរាល់ថ្ងៃ​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114