ព័ត៍មានទាន់​ហេតុការណ៏
Search

កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល ​បន្ទាប់ពី​ស្នើ​ឲ្យ​មាន​កិច្ចពិភាក្សា​ជាមួយ​សហរដ្ឋអាមេរិក

យោធា​កូរ៉េខាងត្បូង​បាន​និយាយ​នៅ​ថ្ងៃ​អង្គា​រថា ប្រទេស​កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​ចូល​សមុទ្រ​, ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​ទីក្រុង​ព្យុងយ៉ាង​បាន​និយាយថា ខ្លួន​មាន​ឆន្ទៈ​ធ្វើ​កិច្ចចរចា​កម្រិត​ការងារ​ជាមួយ​សហរដ្ឋអាមេរិក​នៅ​ចុងខែ​កញ្ញា​នេះ​។​

ការចរចា​រវាង​ទីក្រុង​ព្យុងយ៉ាង​និង​ទីក្រុង​វ៉ាស៊ីនតោន​ត្រូវ​ជាប់គាំង​ចាប់តាំងពី​កិច្ចប្រជុំ​កំពូល​លើក​ទី​២​រវាង​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម​ជុង​អ៊ុន​និង​ប្រធានាធិបតី​អាមេរិក​លោក​ដូ​ណា​ល់​ត្រាំ​កាលពី​ខែកុម្ភៈ​បានបញ្ចប់​ទៅដោយ​គ្មាន​កិច្ចព្រមព្រៀង​។​

ប្រទេស​កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​មិន​ស្គាល់​អត្តសញ្ញាណ​ចំនួន​ពីរលើក​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ក្នុងទិសដៅ​ទៅ​ទិសខាងកើត​ដែល​ហោះ​ក្នុង​ចម្ងាយ​ប្រមាណ​៣៣០​គីឡូម៉ែត្រ​ពី​តំបន់ Kaechon ក្នុង​ខេត្ត South Pyongan​។ នេះ​បើ​យោងតាម​យោធា​របស់​កូរ៉េខាងត្បូង។ អគ្គសេនាធិការ​ចម្រុះ​កូរ៉េខាងត្បូង​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​យើង​សូម​ជំរុញ​ដល់​កូរ៉េខាងជើង​ឲ្យ​បញ្ឈប់​សកម្មភាព​បែបនេះ​ដែល​បង្កើន​ភាព​តានតឹង​នៅក្នុង​តំបន់​”​។​

ទោះបីជា​យ៉ាងណាក៏ដោយ មិនមាន​ព័ត៌មាន​លម្អិត​ភ្លាមៗ​បន្ថែមទៀត​ទេ​ប៉ុន្តែ​មី​ស៊ី​ល​ទាំងនេះ​គឺជា​មី​ស៊ី​ល​ចុងក្រោយបង្អស់​ដែល​ត្រូវបាន​បាញ់​ចាប់តាំងពី​ខែកក្កដា​មក​។ ការបាញ់​បង្ហោះ​លើក​មុនៗ​ត្រូវបាន​គេ​កំណត់ថា​ជា​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី​។​

មន្ត្រីជាន់ខ្ពស់​អាមេរិក​មួយរូប​បាន​និយាយថា “​យើង​ដឹង​អំពី​របាយការណ៍​នៃ​គ្រាប់​មី​ស៊ី​ល​ដែល​បាញ់​ចេញពី​ប្រទេស​កូរ៉េខាងជើង​។ យើង​កំពុង​បន្ត​ឃ្លាំមើល​ស្ថានការណ៍​និង​ពិគ្រោះ​យោបល់​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សម្ព័ន្ធមិត្ត​របស់​យើង​នៅក្នុង​តំបន់​”​។​

គួរ​បញ្ជាក់ថា លោក​ត្រាំ​និង​លោក​គីម​បាន​ព្រមព្រៀងគ្នា​ដើម្បី​ចាប់ផ្តើម​កិច្ចសន្ទនា​កម្រិត​ការងារ​ឡើងវិញ​ក្នុងអំឡុង​កិច្ចប្រជុំ​មួយ​នៅ​តំបន់​គ្មាន​យោធា​ដែល​បែងចែក​ប្រទេស​កូរ៉េខាងជើង​និង​កូរ៉េខាងត្បូង​កាលពី​ខែមិថុនា​ប៉ុន្តែ​កិច្ចពិភាក្សា​ទាំងនោះ​មិនទាន់​ចាប់ផ្តើម​នៅឡើយ​ទេ​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114