ព័ត៍មានទាន់​ហេតុការណ៏
Search

កីឡាករ​បាល់ទាត់​រប​ស់​ក្លិប​ភ្នំពេញ​ក្រោ​ន ១​រូប​ប្រកា​សរក​ម្ដាយ​ដែល​ខកខាន​ជួប​រយៈពេល​ជាង ១០​ឆ្នាំ

កីឡាករ​បាល់ទាត់​ដែល​កំពុង​ប្រកប​អាជីព​ជាមួយ​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន កីឡាករ សុខ បញ្ញា កាលពីពេល​ថ្មី​កន្លង​ទៅ​នេះ បានធ្វើ​ការប្រកាស​ស្វែងរក​ម្ដាយ ដែល​ខកខាន​ជួប​អស់​រយៈពេល​ជាង ១០​ឆ្នាំ​។ នេះ​បើ​យោងតាម​ការប្រកាស​ស្វែងរក​ជា​សាធារណៈ​ដោយ​ក្លិប​ផ្ទាល់​។

តាម​ការ​បញ្ជាក់​ដោយ​សាមី​ខ្លួន​កីឡាករ​រូប​នេះ​ មាន​ស្រុកកំណើត​នៅ​ភូមិ​សួស​អី ឃុំ​ពាម​ឯក ស្រុកឯក​ភ្នំ ខេត្តបាត់ដំបង ហើយ​ម្តាយ​របស់គេ​មាន​ឈ្មោះថា ​ផល្លី ដែល​បច្ចុប្បន្ន​រូបគេ​កំពុងតែ​ស្វែងរក រួមទាំង​បងប្អូន​ប្រុស​ស្រី ២​នាក់​ផ្សេងទៀត​ផងដែរ។

តាមរយៈ​បទសម្ភាសន៍​ជាមួយ​ក្រុមការងារ​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន ខ្សែការពារ​វ័យ ១៩​ឆ្នាំ​រូប​នេះ បាន​និយាយ​ថា រូប​ខ្លួន​គឺជា​ក្មេង​កំព្រា​តាំងពី​តូច ដោយ​ឪពុក​បាន​ទទួល​មរណភាព និង​ម្ដាយ​បាន​បាត់​ខ្លួន ដោយសារតែ​ឈ្លោះ​គ្នា​ជាមួយ​ឪពុក តាំង​ពីមុន​លោក​ទទួលមរណភាព​មក​ម្ល៉េះ ពោល​គឺ​តាំងពី​រូបគេ​មាន​អាយុ១០​ឆ្នាំ​។ ហើយ​រស់នៅ​ជាមួយ​ជីដូន (​ទទួលមរណភាព​ពេល បញ្ញា អាយុ​ប្រហែល ៧,៨​ឆ្នាំ​) និង​ជីតា រួម​ទាំង​ពូ​មីង​។ ក្រោយមក សុខ បញ្ញា ក៏​បាន​មក​រស់នៅ​ភ្នំពេញ តាមរយៈ​អង្គការ​មួយ ប៉ុន្តែ​នៅ​អំឡុង​ពេល​ដែល​រូបគេ​មក​រស់នៅ​ភ្នំពេញ នៅ​ឆ្នាំ​២០១៣ ជីតា របស់​កីឡាករ​លេង​ក្នុងតួនាទី​ជា​ខ្សែការពារ​រូប​នេះ ក៏បាន​ទទួលមរណភាព ស្រប​ពេល​ដែល​ពូ​មីង ក៏បាន​បែក​ឆ្ងាយ ចាប់តាំងពី​ពេលនោះ​មក​ក៏បាន​ដាច់​ទំនាក់ទំនង។

កីឡាករ​វ័យ ២០​ឆ្នាំ​រូប​នេះ ​បាន​បញ្ជាក់​អំពី​ដើម​ចង់​ដែល​នាំ​ឲ្យ​បែកបាក់​ពី​ម្ដាយ គឺ​ដោយសារតែ​ឪពុក និង​ម្ដាយ បាន​លែងលះ ហើយ​ចំ​ពេល​ដែល​ខ្លួន​នៅ​ក្មេង​ម្ដាយ​ធ្លា​ប់ម​ក​ជួប​ម្ដង​ផងដែរ ប៉ុន្តែ​ពុំទាន់​ដឹងក្ដី និង​ពុំបាន​ចាប់អារម្មណ៍​អ្វី​ឡើយ​។ ចាប់​តាំង​ពី​ពេល​នោះមក​រូបគេ​ក៏បាន​រស់នៅ​តែម្នាក់ឯង និង​ជាមួយ​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន នាម​ជា​យុវជន​ថ្នាល​របស់​ក្លិប រហូតដល់​មួយរយៈ​ចុងក្រោយ​នេះ សុខ បញ្ញា មាន​អារម្ភ​ថា​កាន់តែ​ឯកា ទើប​សម្រេច​ប្រកាស​ស្វែងរក​ម្ដាយ​ផ្ទាល់​តែម្ដង​។

យ៉ាងណាមិញ សុខ បញ្ញា ពុំបាន​ចាំ​មុខ​របស់​ម្ដាយ​ខ្លួន​ឡើយ ថែមទាំង​ពុំមាន​រូបថត​ថែម​ទៀតផង ដោយ​ចាំតែ​ឈ្មោះ ថា ផល្លី តែប៉ុណ្ណោះ​។

សម្ដី​ដែល សុខ បញ្ញា និយាយ​ទាំង​ទឹកភ្នែក​បានបញ្ជាក់​ថា «​ខ្ញុំ​ចង់​ជួប​ម្តាយ បងស្រី និង​ប្អូនប្រុស​របស់ខ្ញុំ​ខ្លាំងណាស់ បើ​ខ្ញុំ​នៅរស់​ខ្ញុំ​នៅតែ​រក​ពួកគាត់​ឲ្យ​ឃើញ ខ្ញុំ​ចង់​មាន​ម៉ាក់​ហៅ​ដូច​គេ ហើយ​ខ្ញុំ​ក៏​សង្ឃឹមថា​គាត់​នឹង​ព្យាយាម​រក​ខ្ញុំ​ដូចគ្នា​ដែរ​។​»

គួរ​រំលឹក​ផង​ដែរ​ថា ​សុខ បញ្ញា បាន​ចូលរួម​ជាមួយ​ក្លិប​ភ្នំពេញ​ក្រោ​ន តាំងពី​អាយុ​១៣​ឆ្នាំ ពោលគឺ​រូបគេ​បាន​ចូល​ហ្វឹកហាត់​ជាមួយ​ក្រុមយុវជន​ថ្នាល រហូតដល់​ឡើងមក​ចូលរួម​ជាមួយ​ក្រុម​ធំ​នា​ពេល​បច្ចុប្បន្ន​នេះ និង​ធ្លាប់​ជម្រើសជាតិ​កម្ពុជា អាយុ​ក្រោម​១៤​ឆ្នាំ​ផង​ដែរ កាលពី​ឆ្នាំ​២០១៣៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114