ព័ត៍មានទាន់​ហេតុការណ៏
Search

ខ្សែប្រយុទ្ធ​វ័យក្មេង​របស់​ជម្រើសជាតិ​កម្ពុជា សៀង ច​ន្ធា ប្រលង​បាក់​ឌុប ជាប់​ជា​ស្ថាពរ​ហើយ

កាលពី​ព្រឹក​ថ្ងៃ​អង្គារ ទី​១០ ខែ កញ្ញា ឆ្នាំ​២០១៩ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បង្ហាញ​នូវ​លទ្ធផល​នៃ​ការ​ប្រឡង​សញ្ញាប័ត្រ​ទុតិយភូមិ សម័យ​ប្រលង ១៩ សីហា ឆ្នាំ​២០១៩ ដោយ​ក្នុង​នោះ​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា មួយ​រូប គឺ សៀង ច​ន្ធា ទទួល​បាន​លទ្ធផល​ជោគជ័យ​ក្នុង​ការ​ប្រឡង ដោយ​ទទួល​បាន​និទ្ទេស E។

សៀង ច​ន្ធា គឺជា​យុវជន​របស់​សាលា​កីឡាបាល់ទាត់​ជាតិ​បាទី ដែល​មាន​វ័យ ១៧​ឆ្នាំ (​កើត​ឆ្នាំ​២០០២) ទទួល​បាន​ការ​កោះហៅ​ចូល​រួម​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ប្រកួត​វគ្គ​ជម្រុះ​ដំណាក់កាល​ទី​២ នៃ​ពានរង្វាន់ FIFA World Cup 2022 ដំណាក់កាល​ទី​២ តំបន់​អាស៊ី។

​ក្នុងចំណោម​៧​មុខវិជ្ជា​រួមមាន​ខ្មែរ គណិតវិទ្យា ផែនដី ភូមិវិទ្យា ប្រវត្តិវិទ្យា សីលធម៌​ពលរដ្ឋ និង​ភាសា​អង់គ្លេស​កីឡាករ សៀង ច​ន្ធា ដែល​មាន​លេខ​តុ​២៦៩ ជាប់​តែ​៣​មុខ​ប៉ុណ្ណោះ​។ ក្នុង​នោះ​រូបគេ​ទទួលបាន​និទ្ទេស D លើ​មុខវិជ្ជា​សីលធម៌​ពលរដ្ឋ និង​និទ្ទេស E លើ​មុខ​វិទ្យា​ភាសា​ខ្មែរ និង​ភូមិវិទ្យា​។ ច​ន្ធា ប្រឡង​នៅ​មណ្ឌល​សាលាបឋមសិក្សា​អនុវត្ត​តាកែវ លើ​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​។

រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ គឺ​កើតឡើង​ក្នុង​ថ្ងៃ​ដែល ច​ន្ធា ត្រូវ​ត្រៀមខ្លួន​ប្រកួត​ទី​២ ទល់នឹង​ក្រុម​ជម្រើសជាតិ​បា​រ៉ែ​ន នា​ម៉ោង ៦និង៣០​នាទី​ល្ងាច ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​ពូ​ល C នៃ​វគ្គ​ជម្រុះ World Cup។

គួរ​រំលឹក​ថា ច​ន្ធា បង្ហាញខ្លួន​ឲ្យ​ប្រកួត​ទល់នឹង​ហុងកុង កាលពី​ថ្ងៃ​ទី៥​កន្លងទៅ ដោយ​ទទួល​បាន​ការ​សរសើរ​ពី​អ្នកគាំទ្រ​ជិត​៥​ម៉ឺន​នាក់ ស្ញប់ស្ញែង​ចំពោះ​ទេពកោសល្យ​ដ៏​ប៉ិនប្រសព្វ​របស់​គេ ដែល​ស្ថិតក្នុង​វ័យ​ទើបតែ ១៧​ឆ្នាំ​នៅឡើយ តែ​អាច​បណ្តើរ​បាល់​អូស​កាត់​កីឡាករ​គូប្រកួត​ដែល​មាន​មាឌ​ធំ ជាច្រើន​នាក់ និង​ទាត់​សំដៅ​ទី តែ​បុក​នឹងរ​បាទី។

អ្វី​ដែល​កាន់តែ​ពិសេស​នោះ ពោល​គឺ​ក្រោយ​ចប់​ប្រកួត​ជាមួយ​បា​រ៉ែ​ន សៀង ច​ន្ធា នឹង​ត្រូវ​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ជប៉ុន​ដើម្បី​ចូលរួម​កម្មវិធី​ផ្លាស់ប្ដូរ​បទពិសោធន៍​នៅ​ក្លឹប Vegalta Sendai ដែល​ជា​ក្លឹប​នៅ​លី​គ​កំពូល​ទី​១ របស់​ជប៉ុន​ដែល នឹង​ប្រព្រឹត្ត​ចាប់ពី​ថ្ងៃទី ០៩​ដល់ ថ្ងៃ​ទី​២៥ ខែកញ្ញា ២០១៩ នេះ៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114