ព័ត៍មានទាន់​ហេតុការណ៏
Search

លោក ត្រាំ និយាយថា កិច្ចចរចា​សន្តិភាព​អា​ហ្វ​ហ្គា​នី​ស្ថាន​ជាមួយ​ក្រុម​តា​លី​បង់​បាន “​ស្លាប់​បាត់ទៅហើយ​”

លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​ចន្ទ​បាន​និយាយថា​កិច្ចចរចា​សន្តិភាព​រប​ស់​សហរដ្ឋអាមេរិក​ជាមួយ​ក្រុម​តា​លី​បង់​គឺ​បាន “​ស្លាប់​បាត់ទៅហើយ​” ហើយ​ថា លោក​កំពុង​បង្កើន​សង្គ្រាម​ឡើងវិញ​បន្ទាប់ពី​បាន​លុបចោល​កិច្ចពិភាក្សា​សម្ងាត់​ជាមួយ​ក្រុម​បះបោរ​អា​ហ្វ​ហ្គា​នី​ស្ថាន​។​

នៅឯ​សេត​វិមាន លោក​ត្រាំ​បាន​និយាយ​អំពី​ការប៉ុនប៉ង​ដ៏​យូរ​ដើម្បី​ឈានដល់​កិច្ចព្រមព្រៀង​មួយ​ជាមួយ​ពួក​តា​លី​បង់​និង​ការដក​កងទ័ព​សហរ​ដ្ឋ​អាមេរិក​បន្ទាប់​ពីស​ង្គ្រា​ម​រយៈពេល​១៨​ឆ្នាំ​។​

ការប្រកាស​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​លោក​ត្រាំ​បាន​លុបចោល​នូវ​ផែនការ​សម្ងាត់​កំពូល​មួយ​ដើម្បី​ជួប​មេដឹកនាំ​ក្រុម​តា​លី​បង់​សម្រាប់​កិច្ចពិភាក្សា​ដោយផ្ទាល់​នៅ​ទីតាំង​ប្រធានាធិបតី Camp David ខាងក្រៅ​ទីក្រុង​វ៉ាស៊ីនតោន​។​

លោក ត្រាំ បាន​និយាយថា ការវាយប្រហារ​របស់​យោធា​អាមេរិក​ទៅលើ​ក្រុម​ឧទ្ទាម​បាន​ត្រឡប់​មករក​ភាព​សាហាវព្រៃផ្សៃ​របស់ខ្លួន​វិញ​ហើយ​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​នេះ​។​
​លោក​បាន​បង្ហោះ Twitter ថា “​ក្នុង​រយៈពេល​បួន​ថ្ងៃ​ចុង​ក្រោយនេះ យើង​បាន​វាយលុក​សត្រូវ​របស់​យើង​ខ្លាំង​ជាង​ពេលណាៗ​ទាំងអស់​ក្នុង​រយៈពេល​ដប់ឆ្នាំ​ចុងក្រោយ​នេះ​!”​។​

កាលពី​ថ្ងៃអាទិត្យ រដ្ឋមន្ត្រីការបរទេស​លោក Mike Pompeo បាន​និយាយថា “​យើង​បានសម្លាប់​ពួក​តា​លី​បង់​ជាង​មួយ​ពាន់​នាក់​ក្នុង​រយៈពេល​ត្រឹមតែ​១០​ថ្ងៃ​ចុង​ក្រោយនេះ​”​។​

ក្នុង​សប្តាហ៍​នេះ មានការ​រំពឹងទុក​កាន់តែខ្លាំង​អំពី​កិច្ចព្រមព្រៀង​មួយ​ដែល​នឹង​តម្រូវ​ឲ្យ​សហរដ្ឋអាមេរិក​ទម្លាក់​កម្រិត​កងទ័ព​នៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។ ជាការ​ឆ្លើយតប ក្រុម​តា​លី​បង់​នឹង​ផ្តល់​ការធានា​សន្តិសុខ​ដើម្បី​ទប់ស្កាត់​ក្រុម​ជ្រុលនិយម​។​

ប៉ុន្តែ​បន្ទាប់មក កាលពី​ថ្ងៃ​សៅរ៍ លោក ត្រាំ បាន​បង្ហាញថា លោក​បាន​លុបចោល​កិច្ចប្រជុំ​ដែល​មិន​ធ្លាប់មាន​ពីមុនមក​រវាង​ពួក​តា​លី​បង់​និង​ខ្លួន​លោក​ផ្ទាល់​នៅឯ Camp David​។ លោក​និយាយថា នេះ​ជាការ​សងសឹក​ចំពោះ​ការសម្លាប់​ទាហាន​អាមេរិក​ម្នាក់​ដោយ​ពួក​តា​លី​បង់​នៅ​ក្នុងការ​បំផ្ទុះ​គ្រាប់បែក​ក្នុង​ទីក្រុង​កា​ប៊ុល​កាលពី​សប្តាហ៍​មុន​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114