ព័ត៍មានទាន់​ហេតុការណ៏
Search

ការប៉ុនប៉ង​លើក​ទី​ពីរ​របស់​នាយករដ្ឋមន្ត្រី​អង់គ្លេស​ដើម្បី​រៀបចំ​ការបោះឆ្នោត​ត្រូវ​បរាជ័យ​

នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក Boris Johnson បាន​ប្តេជ្ញា​បន្ត​ការព្យាយាម​របស់គាត់​ដើម្បី​ឈានដល់​កិច្ចព្រមព្រៀង Brexit ថ្មី​មួយ​ជាមួយ​ទីក្រុង​ប្រ៊ូ​ស​សែ​ល​បន្ទាប់ពី​លោក​បាន​ចាញ់​ការបោះឆ្នោត​សភា​មួយទៀត​នៅ​ថ្ងៃ​អង្គារ​ស្តីពី​ការរៀបចំ​ការបោះឆ្នោត​មុនពេល​កំណត់​មួយ​។​

លោក Johnson បាន​ស្តីបន្ទោស​គណបក្សប្រឆាំង​ដោយសារ​ការបោះឆ្នោត​ប្រឆាំងនឹង​ការអំពាវនាវ​របស់លោក​សម្រាប់​ការបោះឆ្នោត​ជាបន្ទាន់​មួយ​នៅ​ខែ​ក្រោយនេះ​។ ការស្តីបន្ទោស​នេះ​បានកើត​ឡើង​នៅ​នាទីចុងក្រោយ​នៃ​ការជជែក​ដេញដោល​ពេលយប់​មុន​ការព្យួរ​សភា​រយៈពេល​៥​សប្តាហ៍​ដ៏​ចម្រូងចម្រាស​ដែល​ត្រូវបាន​អំពាវនាវ​ដោយ​នាយករដ្ឋមន្ត្រី​។​

លោក​បាន​និយាយថា លោក​នឹង​ខិតខំ​ដើម្បី​ទទួលបាន​កិច្ចព្រមព្រៀង​មួយ​ក្នុង​កិច្ចប្រជុំ​កំពូល​មួយ​នៅ​ទីក្រុង​ប្រ៊ូ​ស​សែ​ល​នា​ខែក្រោយ​នេះ​។​

វា​គឺជា​ការបង្ហាញ​ចុងក្រោយ​នៃ​ការតស៊ូ​ក្នុងការ​ប្រជុំ​សភា​ដ៏​ក្តៅគគុក​ដែល​ក្នុងនោះ​លោក Johnson ក៏បាន​ចាញ់​ការបោះឆ្នោត​ដាច់ដោយឡែក​មួយទៀត​ផង​ដែរ​ដែល​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​បញ្ចេញ​ឯកសារ​សម្ងាត់​អំពី​ផលប៉ះពាល់​នៃ Brexit ដែល​គ្មាន​កិច្ចព្រមព្រៀង​។​

គណបក្សប្រឆាំង​បាន​និយាយថា ខ្លួន​នឹងមិន​អនុញ្ញាត​ឲ្យ​មានការ​បោះឆ្នោត​មុន​កាលកំណត់​ទេ​ទាល់តែ​លោក Johnson អាច​ឈានដល់​កិច្ចព្រមព្រៀង​មួយ​ឬ​ពន្យារពេល Brexit ហួស​ថ្ងៃទី ៣១​ខែតុលា​។ ក្រោម​ច្បាប់​អង់គ្លេស ការអនុញ្ញាត​ឲ្យ​មានការ​បោះឆ្នោត​មុនពេល​កំណត់​គឺ​តម្រូវ​ឲ្យ​មាន​សំឡេង​ភាគច្រើន​ពីរភាគបី​នៅក្នុង​សភា​។​

ទោះបីជា​យ៉ាងណាក៏ដោយ លោកនាយក​រដ្ឋមន្ត្រី​បាន​ទទូចថា លោក​នឹងមិន​ពន្យារពេល​ទេ​ថ្វីបើ​មាន​សេចក្តីព្រាងច្បាប់​ដែល​បាន​ឆ្លងកាត់​រដ្ឋសភា​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ​ដែល​អា​ចប​ង្ខំ​ឲ្យ​លោក​ធ្វើ​ដូច្នេះ​ប្រសិនបើ​លោក​មិនបាន​ឈានដល់​កិច្ចព្រមព្រៀង​មួយ​ជាមួយ​សហភាព​អឺរ៉ុប​ក៏ដោយ​។​

លោក​បាន​អះអាងថា “​រដ្ឋាភិបាល​នេះ​នឹងមិន​ពន្យារពេល Brexit តទៅទៀត​ទេ​”​។​
​គួរ​រំលឹក​សារ​ឡើងវិញ​ថា លោក Johnson បាន​ចូលកាន់​តំណែង​ក្នុង​ខែកក្កដា​ដោយ​សន្យាថា​នឹង​ធ្វើតាម​ការបោះឆ្នោត​ប្រជាមតិ​ឆ្នាំ​២០១៦​សម្រាប់ Brexit ថ្វីបើ​ត្រូវ​ចាកចេញ​ដោយ​គ្មាន​លក្ខខណ្ឌ​យល់ព្រម​ជាមួយ​ទីក្រុង​ប្រ៊ូ​ស​សែ​ល​ក៏ដោយ​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114